១៤ កុម្ភៈ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​មើល​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នៅតាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១   ដើម្បី​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ខេត្ត​ព្រះសីហនុ ដែលមាន​វិញ្ញាសា​កីឡា​ជិះ​កង់ ។

នេះ​បើ​យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម គួច ចំរើន  អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក​ព្រៃនប់ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ព្រះសីហនុ និង​ប្រតិភូ​ក្រសួងទេសចរណ៍ ។

តាមរយៈ​ព្រឹត្តិការណ៍​នេះ មានដូចជា៖

១. ប្រណាំង​កង់​ភ្នំ ៤០គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​រាម រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។

២. Fun Ride ជិះ​កង់ក​ម្យា​ន្ត ឆ្នេរសមុទ្រ​ថ្មី ២៥គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​អូរត្រេះ រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។

៣. Famlly Couple Ride ជិះ​កង់​ក្រុមគ្រួសារ និង​គូរ​សេ្ន​ហ៏ ១៥គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្តែង​ការរីករាយ​ស្វាគមន៍​ចំពោះ​ក្រសួងទេសចរណ៍​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ Valentin’s Bike Race នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ខេត្ត​ព្រះសីហនុ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត​ចង់​បង្កើត​ព្រឹត្តិការណ៍​ស្ទូចត្រី​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ។ ម្យ៉ាងទៀត​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ជា​លើកទីមួយ​នៅ​ខេត្ត​ព្រះសីហនុ និង​ឈានទៅ​បង្កើត​ព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បី​ផ្សព្វផ្សាយ​សក្តានុភាព​ទេសចរណ៍​តំបន់ឆ្នេរ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ក​ម្យា​ន្ត​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត ។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ក្រសួងទេសចរណ៍​បង្កើត​ព្រឹត្តិការណ៍​ចលនា​ទេសចរណ៍​ក្នុងស្រុក ហើយ​យើង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ​នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ មកដល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភ: ជិត ១០០នាក់ មកពី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដែលមាន​ចំងាយ​ផ្លូវ ៤០គីឡូ  ២៥គីឡូ និង១៥គីឡូម៉ែត្រ ក្នុងនោះ​កីឡាករ​ជិះ​កង់ ៤០គីឡូម៉ែត្រ ស្វែងរក​កំរិត​បច្ចេកទេស ។  ជិះ ២៥គីឡូ ជិះ​កំសាន្ត ដើម្បី​សុខភាព បង្កើន​សាមគ្គីភាព មិត្តភាព​និង​បង្ហាញ​ឆន្ទៈ​នៃ​ការចូលរួម​កីឡា ។ និង​ជិះ ១៥គីឡូម៉ែត្រ កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​គូស្នេហ៍ យើង​សង្ឃឹមថា មាន​កីឡាករ​ចូលរួម ពី៣០០ ទៅ ៥០០នាក់ ។

ក្នុងឱកាស​នោះ​ឯកឧត្ដម វ៉ា​ត់ ចំរើន ក៏បាន​សំណូមពរ​រដ្ឋបាលខេត្ត​រក​ទីតាំង​ឱ្យ​ក្រុម​កីឡាករ​បោះតង់​ស្នាក់នៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ទន្ទឹម​នោះ​សុំ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​ដើម្បី​ត្រៀម​បង្ការ​ក្រែង​មាន​ឧបទ្ទវហេតុ​កើតឡើង​ណាមួយ ។ ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពី​បញ្ចប់​កូ​វីដ-១៩ ក្រសួង​នឹង​បង្កើត​ព្រឹត្តិការណ៍​នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែច្រើន​បន្ថែមទៀត មានដូចជា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ជាដើម ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.