មី​យ៉ាន់​ម៉ា៖ ខាងក្រោម​នេះ គឺជា​ការរៀបរាប់ របស់​អ្នកជំនាញការ​ជនជាតិ​ថៃ ផ្នែក​ប្រទេស​មី​យ៉ាន់​ម៉ា លោក ណាត់​ថៈ​កា​មុន ឆៃ​ស៊ុ​វ៉ាន់ ដែល​បាន​តាមដាន​ស្ថានការណ៍​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​រហូតមក…។

“កុំ​ទុកចិត្ត មនុស្ស​កាន់​កាំភ្លើង​ឱ្យសោះ” បើក​ប្រវត្តិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ ឧត្ដមសេនីយ៍ មីន អង់ ឡាយ អ្នក​ដណ្ដើម​អំណាច ដោយ​ការធ្វើ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា ផ្ដួលរំលំ​លោកស្រី អ៊ុង​សាន ស៊ូ​ជី។

“នេះ​គឺ ឧត្ដមសេនីយ៍ ដែល​បានធ្វើការ​ប្រកាស​ដណ្ដើម​អំណាច ដោយ​ការធ្វើ​រដ្ឋប្រហារ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ ដែល​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​អ្នកនយោបាយ​ដែល​ប្រឆាំងនឹង​ខ្លួន។ គេ​នាំគ្នា​និយាយថា អ្នកសារព័ត៌មាន​ក្នុងស្រុក ម្នាក់ៗត្រូវ​ពួន​សម្ងំ ព្រោះ​មិនដឹងថា នឹងត្រូវ​ពួក​ទាហាន​បោសសម្អាត​ដែរ ឬ​យ៉ាងណា​នោះទេ។ អ៊ី​ន​ធើ​ណិ​ត​ត្រូវបាន​កាត់ផ្ដាច់​ដោយ​កន្លែង អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន ត្រូវបាន​បញ្ជា​ឱ្យ​បិទ នេះ​គឺ ស្នាដៃ​របស់លោក​ឧត្ដមសេនីយ៍ឯក​ជើងចាស់ ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ម្នាក់ របស់​ប្រទេស​មី​យ៉ាន់​ម៉ា។

“ប្រវត្តិ​របស់លោក គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់…មីន អង់ ឡាយ ជា​កូន​វិស្វករ ឪពុក​ធ្វើការ​ក្នុង​ក្រសួង លោក​បាន​ចូលរៀន​ច្បាប់ នៅឯ​មហាវិទ្យាល័យ មុននឹង​ស្ម័គ្រចិត្ត​ចូល​សាលា​នាយទាហាន​ជាន់​ទាប និង​ក្នុងអំឡុង​ពេលនោះ សាមីខ្លួន បាន​ព្យាយាម​ប្រឡង​ចូល​សាលា​នាយទាហានជានខ្ពស់ របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដល់​ទៅ ៣លើក ទើប​ប្រឡង​ជាប់”

“សាលា​នាយទាហានជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​នេះ មាន​មេរៀន និង​ការហ្វឹកហាត់ លាយ​បញ្ចូល​គ្នា រវាង​ប្រព័ន្ធ​សាលា​នាយទាហាន​បែប​អាមេរិក និង​បែប​អង់គ្លេស រៀន ៤ឆ្នាំ បាន​កម្រិត​បរិញ្ញាបត្រ។ ភាពខុសប្លែក​ពីសា​លា​នាយទាហាន​ដទៃទៀត​នោះ​គឺ រៀន​រួមគ្នា​គ្រប់​ស្ថាប័ន​កងកម្លាំង ជើងគោក ជើង​ទឹក និង​អាកាស។ រៀន​ជាមួយគ្នា​ទាំងអស់ ហ្វឹកហាត់​ជាមួយគ្នា​ទាំងអស់ រៀន​យល់ដឹង និង​រស់នៅ​ជាមួយគ្នា ស្លប​ញ្ជូ​ល​គ្នា រួចហើយ​ចប់ ចេញទៅ​ធ្វើការ​តែម្ដង”

“មិត្តភក្តិ​រួម​ជំនាន់ មីន អង់ ឡាយ ប្រាប់ថា សម័យ​នៅ​ជា​សិស្ស​នាយទាហាន លោក​មីន អង់ ឡាយ មិនមែនជា​មនុស្ស​លេចធ្លោ​អ្វី​ទេ ក្រោយ​ចប់ ចូល​បម្រើ​រដ្ឋការ លោក​មាន​ប៉ុ​ស្ត​ប្រចាំការ និង​តែង​ពើប​ប្រយុទ្ធ​ជាមួយ​ពួកក្រុម​ជនភាគតិច​ជាប់​ជានិច្ច។ ស្នាដៃ​នៃ​ការ​បោសសម្អាត​ក្រុម​ជនភាគតិច បាន​ល្បី​រន្ទឺ និង​បានទទួល​ការដំឡើង​ឋានន្តរស័ក្តិ​ខ្ពស់ឡើងៗ រហូតមកដល់​តំណែង​អគ្គមេបញ្ជាការ ដែល​តំណែង​នេះ នឹង​មានតែ​ចំពោះ​កងទ័ពជើងគោក​ប៉ុណ្ណោះ ដោយ​នឹង​គ្រង​តំណែង​រួម​ជា​អគ្គមេបញ្ជាការ។ តាំងពី​ពេលមុន​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា លោក​បាន​ចេញមក​គំរាម​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត​ឱ្យបាន​ល្អ និង​ថែមទាំង​បាន​បញ្ជាក់ថា បើ​ឃើញ​មាន​ការកេងបន្លំ​ច្រើនពេក កងទ័ព​នឹងមិន​ទទួលយក​លទ្ធផល​ការបោះឆ្នោត​នោះទេ។ តែ​ក្រោយមក​លោក ក៏​ប្រាប់ថា យល់ព្រម​ទទួលយក ហើយ​មុន​នឹងធ្វើ​រដ្ឋប្រហារ ក៏​ប្រាប់ទៀតថា នឹង​គោរព​តាម​កតិកា​ច្បាប់(គិត​ទៅ​មនុស្ស​កាន់​កាំភ្លើង ពិបាក​ជឿទុកចិត្ត​ណាស់ ក្រឡិចក្រឡុច ងាយ​ប្ដូរ​ចិត្ត​បំផុត)។

“លទ្ធផល​ការបោះឆ្នោត​កន្លងមក គណបក្ស​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ប្រមូល​សំឡេងឆ្នោត​បាន​យ៉ាងច្រើន​មហាសាល ច្រើន​ឆ្នាំក្រោយ មាន​រដ្ឋធម្មនុញ្ញ​កូនកាត់​លាយ​ប្រជាធិបតេយ្យ ដែលមាន​កងទ័ព​ជា​អ្នក​ជ្រោមជ្រែង​ការពារ។ លោកស្រី​ស៊ូ​ជី ធ្វើការ​រួមជាមួយ​កង​ទ័ព​រហូតមក ទាំង​ការ​បោសសម្អាត​ពួក​រ៉ូ​ហ៊ីង​យ៉ា រហូត​មានឈ្មោះ​អាស្រូវ​ទូទាំង​ពិភពលោក”

“មាន​អ្នក​ធ្លាប់​ទៅ​សម្ភាស​លោក មីន អង់ ឡាយ ថា តើ​លោក​ចង់​ចូលនិវត្តន៍ ហើយ​រស់នៅ​ជា​ពលរដ្ឋ​ពេញសិទ្ធិ​បែបណា​ដែរ? លោក​ឧត្ដមសេនីយ៍​រូបនោះ ឆ្លើយថា មិនទាន់​បានគិត​ទេ “វា​អាច ៥ឆ្នាំ ឬ ១០ឆ្នាំ​ទៀត ខ្ញុំ​មិនអាច​ប្រាប់​បានទេ។

“ការ​បោសសម្អាត​ក្រុម​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា យ៉ាងខ្លាំង​ក្លា ដែល​ចូលក្នុង​អំពើ​ប្រល័យពូជសាសន៍​នោះ លោក​មីន អង់ ឡាយ ស្ទើរតែ​បោះ​ដុំ​ភ្លើង ១ដុំ​នោះ ទៅឱ្យ​លោកស្រី​ស៊ូ​ជី​ទាំងស្រុង​ទៅហើយ។ សារព័ត៌មាន ដែល​ធ្លាប់​សម្ភាស បាន​អះអាងថា ឧត្ដមសេនីយ៍​ម្នាក់នេះ ឆ្លាត វាងវៃ មុត​ស្រួច។ ការធ្វើ​រដ្ឋប្រហារ​នៅថ្ងៃនេះ ប្រើការ​ប្រមាញ់​ចាប់ខ្លួន ហើយ​ផ្ទេរអំណាច​មកឱ្យ​ខ្លួនឯង​គ្រប់គ្រង​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ។ អ្នក ចង់​ប្រាប់ថា វា​ខុសច្បាប់​មិន​បានទេ ព្រោះ​គាត់​មិនបាន​ហែក​រដ្ឋធម្មនុញ្ញ​ចោល​ទេ ព្រមទាំង​សុំ​ពេលវេលា ១ឆ្នាំ ហើយ​គាត់​នឹង​ធ្វើតាម​ការសន្យា ឬក៏​អត់? ត្រូវតែ​នាំគ្នា​តាមមើល​តទៅទៀត”៕

ប្រភព៖ អ្នកជំនាញការ​ផ្នែក​ប្រទេស​មី​យ៉ាន់​ម៉ា លោក ណាត់​ថៈ​កា​មុន ឆៃ​ស៊ុ​វ៉ាន់

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.