ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ហាម​មិន​ឱ្យមាន​ករណី​មន្ត្រី​អគ្គីភ័យ​ទៅ​តថ្លៃ​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ក្នុងករណីនេះ​ទេ។

ប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដែល​សម្តេច​ក្រឡាហោម អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្ម​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ នា​ថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១នៅ​ក្រុង​តាខ្មៅ ។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​លើកឡើងថា« ករណី​មាន​អគ្គីភ័យ​ប្រជាពលរដ្ឋ​រងគ្រោះ ហៅ​ឡានទឹក ហើយ​នៅពេលដែល​ឡានទឹក​ទៅដល់ ពុំ​អាច​ចូលទៅ​ពន្លត់​បាន​ដោយសារ​ស្ថានភាព​ផ្លូវ​ចូល​មាន​លក្ខណៈ​មិន​អំណោយផល​ដល់​ការចូល​ឡានទឹក និង​បាញ់​ទឹក​ពន្លត់​នោះទេ ព្រោះតែ​ទីតាំង​ទាំងនោះ​ជា​តំបន់​សំណង់​អនាធិបតេយ្យ ដែលមាន​ផ្លូវ​តូចចង្អៀត​ពិបាក​ក្នុងការ​ជួយសង្គ្រោះ។

ប៉ុន្តែ​ករណី​មួយទៀត​នោះ គឺ​នៅពេល​ឡានទឹក​ទៅដល់​កន្លែងកើតហេតុ​ហើយ បែរជា​មន្ត្រី​មួយចំនួន​មិន​ធ្វើ​ការជួយ​ពន្លត់ភ្លាមៗនោះទេ ប៉ុន្តែ​ពួកគាត់​ទៅ​តថ្លៃ​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ជាមុនសិន ដែល​ការប្រព្រឹត្ត​បែបនេះ​ជាការ​ខុសឆ្គង ដូច្នេះហើយ មន្ត្រី​នៅ​គ្រប់កន្លែង​ជាពិសេស​ទីប្រជុំជន និង​ទីក្រុង​ត្រូវ​មើល​ចំណុច​ទាំងនេះ​ឡើងវិញ។

សម្តេច​ក្រឡាហោម បាន​បន្តថា«ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ បើទោះបីជា​ប្រាក់ខែ​តិចតួច​ក្តី ក៏ប៉ុន្តែ​មន្ត្រី​មិនត្រូវ​បំពេញ​បេសកម្ម​ដោយ​យក​កាតព្វកិច្ច​នេះ​ជា​អាជីវកម្ម​របស់ខ្លួន​នោះទេ»។

ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡ​ហោម ស ខេង បាន​អំពាវនាវ និង​ស្នើ​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ ដោះស្រាយ​រាល់​បញ្ហា​កុំឱ្យ​កើតមាន​ការ​តថ្លៃ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នេះ ដោយ​ត្រូវ​សិក្សា​ផ្តល់ប្រាក់​ឧបត្ថម​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ចុះ​បំពេញបេសកកម្ម ធ្វើយ៉ាងណា​កុំឱ្យ​មន្ត្រី​ទៅ​តថ្លៃ ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ ព្រោះ​ពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ​បាន​ប្រាក់​មកពីណា​ដើម្បី​ផ្តល់​សេវា​បង់ថ្លៃ​ការ​ពន្លត់អគ្គីភ័យ​នោះទេ ក្នុងពេលដែល​ទ្រព្យសម្បត្តិ​របស់ខ្លួន​កំពុងតែ​ត្រូវបាន​ភ្លើង​ឆេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.