ចិន៖ លោក វ៉ាង វឹ​ន​ពី​ន អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ប្រទេស​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី១កុម្ភៈ) ថា ប្រទេស​ចិន នឹង​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩ ឱ្យទៅ​ប្រទេសផ្សេងៗ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ តាម​កម្រិត​សមត្ថភាព​ដែលមាន យ៉ាងភ្លាមៗ ដើម្បី​ជួយ​សាង​សហគមន៍​សុខភាព។

លោក​វ៉ាង បានប្រកាសថា ប្រទេស​ចិន បាន​បរិច្ចាគ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​អំឡុង​ពេលព្រឹក​ថ្ងៃ​ចន្ទ(ទី១កុម្ភៈ) ដែល​ការណ៍​នេះ អាច​រាប់បាន​ថា ជាការ​ប្រគល់-ទទួល​វ៉ាក់សាំង​ដើម្បី​ជួយ​ដល់​ប្រទេសផ្សេងៗ ជា​លើកដំបូង​របស់​ប្រទេស​ចិន ព្រមទាំង​បញ្ជាក់​ពី​ភាព​ពុះពារ​ព្យាយាម​ធ្វើឱ្យ​វ៉ាក់សាំង ក្លាយជា​ទំនិញ​សាធារណៈ​របស់​ពិភពលោក នៅពេលដែល​អភិវឌ្ឍ​រួចរាល់ និង​ត្រូវបាន​នាំយកទៅ​ប្រើប្រាស់ ដោយ​ប្រទេស​ចិន នឹងមាន​ចំណែក​ជួយ​ដល់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ឱ្យទទួល​បាន និង​មាន​កម្លាំង​ទិញ​វ៉ាក់សាំង​ដើម្បី​ប្រើ។

លោក​វ៉ាង​បាន​ថ្លែងថា “យើង​បាន​ប្រតិបត្តិ​តាម​ការសន្យា​ហើយ”

ក្រៅពី​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ ចិន​នៅបាន​ផ្ដល់​ការជួយ ផ្នែក​វ៉ាក់សាំង​ទៅដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ១៣ទៀត ដូចជា​ប្រទេស​ប្រ៊ុយណេ, នេ​ប៉ាល, ហ្វ៊ី​លី​ពី​ន, មី​យ៉ាន់​ម៉ា, កម្ពុជា, ឡាវ, ស្រីលង្កា, ម៉ុង​ហ្គោ​លី, ប៉ា​លេ​ស្ទី​ន, បេឡា​រុស, សៀ​រ៉ា​ឡេ​អូន, ហ្ស៊ី​ម​បាប់​វេ និង​អ៊ិ​ខ្វេ​ថូ​រៀល​គី​នី ខណៈដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ ៣៨ទៀត នឹង​បានទទួល​ការជួយ​ផ្នែក​វ៉ាក់សាំង​របស់​ចិន​ក្នុងដំណាក់កាល​បន្តទៀត។

លោក​វ៉ាង បាន​ថ្លែងថា “យើង​មិនទាន់បាន​ចូលរួម​ក្នុង កូ​វែក​ស៍ (COVAX) ដែលជា​គ្រោងការ​ស្វែងរក​វ៉ាក់សាំង​លំដាប់​ពិភពលោក ដឹកនាំ​ដោយ​អង្គការ WHO ដើម្បី​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ទៅ​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅឡើយ​ទេ” តែ​លោក​បាន​បន្ថែមថា ប្រទេស​ចិន បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមហ៊ុនផ្សេងៗ ក្នុងការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង រួមជាមួយ​សម្ព័ន្ធមិត្ត​បរទេស និង​ថែមទាំង​បាន​បញ្ជូន​វ៉ាក់សាំង​របស់ ស៊ី​ណូ​ហ្វា​ម (Sinopharm) និង​ស៊ី​ណី​វ៉ា​ក់ (Sinovac) ទៅឱ្យ​ប្រទេស​ជាច្រើន ដូចជា​សហភាព​អារ៉ាប់ អេ​មី​រេ​ត(UAE) ម៉ូ​រ៉ុ​កកូ ឥណ្ឌូនេស៊ី តួរ​គី ប្រេ​ស៊ី​ល និង​ប្រទេស​ឈី​លី ជាដើម។

ក្រៅពីនេះ ប្រទេស​ចិន​នៅបាន​ឧបត្ថម្ភ​គាំទ្រ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការនាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែលមាន​ភាពចាំបាច់​ត្រូវ​ប្រើ​យ៉ាង​បន្ទាន់, ប្រទេស​ដែល​ទទួលស្គាល់​វ៉ាក់សាំង​របស់​ចិន និង​ប្រទេស​ដែល​អនុញ្ញាតឱ្យ​ប្រើការ​វ៉ាក់សាំង​របស់​ចិន​ក្នុងករណី​អាសន្ន ដោយ​ប្រទេស​ចិន​រំពឹងថា ប្រជា​សហគមន៍​អន្តរជាតិ នឹង​រួម​សហការគ្នា ជំរុញ​ការចែក​ចាយ និង​ប្រើ​វ៉ាក់សាំង​យ៉ាង​ស្មើភាព​គ្នា រួមទាំង​ធានាថា ប្រទេស​កំពុងអភិវឌ្ឍន៍ នឹងមាន​វ៉ាក់សាំង ប្រើការ ក្នុងតម្លៃ​ដែល​អាច​ទទួលយកបាន៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.