សៀមរាប៖  នៅ​ល្ងាច​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថា ប្រឡាយទឹក​ផ្លូវ៦០ម៉ែត្រ នៅតាម​បណ្ដោយ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា​សុខ អាន ឬ​ផ្លូវ៦០ម៉ែត្រ ស្ថិតនៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នឹងត្រូវ​កែលម្អ​ទៅជា​សួន​កំសាន្ដ​មាន​ផ្លូវ​កង់ ផ្លូវ​ថ្មើរជើង កន្លែង​អង្គុយ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង និង​ទាក់ទាញ​ភ្ញៀវទេសចរ។

ឯកឧត្ដម​អគ្គនាយក បន្ថែមថា៖ ប្រឡាយទឹក​នេះ មាន​ទទឹង​ប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និង​មាន​ចម្ងាយ​ជិត២គីឡូម៉ែត្រ។ ការកែលម្អ​នៅ​ដំណាក់កាល​ទីមួយ​នេះ ចាប់ផ្ដើម​ពី​ចំណុច​ស្ពាន​នាគ ដល់​ចំណុច​រង្វង់​មូល​នាង​អប្សរា តំបន់​អង្គរ​ឃ្យុ​ង​យូរ។ គម្រោង​កែលម្អ​ប្រឡាយទឹក​ផ្លូវ៦០ម៉ែត្រ អនុវត្តន៍​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នេះ នឹង​ប្រើ​ស្ថាបនា​រយៈពេល១៨ខែ។

សម្រាប់​ដំណាក់កាល​បន្តបន្ទាប់ ឯកឧត្ដម ក៏បាន​បង្ហាញ​ផងដែរ​ថា នឹង​បន្ត​ចាប់ពី​ចំណុច​រង្វង់​មូល​នាង​អប្សរា ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ៦ និង​ចាប់ពី​ចំណុច​ដដែល​ឆ្ពោះទៅកាន់​ចំណុច​ឆែក​សំបុត្រ ផ្លូវ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ និង​ទៅកាន់​ប្រាសាទ​ស្រះស្រង់​ឬ​ផ្លូវ​ទៅ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី។

បើតាម​ការបញ្ជា​ក់រប​ស់ឯក​ឧត្ដម​អគ្គនាយក ការកែលម្អ​ប្រឡាយទឹក​ផ្លូវ៦០ម៉ែត្រ​នេះ ដោយសារ តំបន់​នេះ មាន​អ្នក​ទេសចរណ៍​ធ្វើដំណើរ​ទៅមក​ច្រើន ជាពិសេស​កន្លែង​ទិញ​សំបុត្រ សម្រាប់​ប្រាសាទ​នានា​នៅក្នុង​រមណីយដ្ឋាន​អង្គរ ព្រមទាំង​មាន​សារមន្ទីរ​ចំនួន៣កន្លែង សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.