រដ្ឋបាល​ខេត្តកំពត ដាក់ចេញ​នូវ​អនុសាសន៍​អាទិភាព​ចំនួន ១២ចំណុច ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ឱ្យបាន ២លាន ៥សែន​នាក់ នៅ​ឆ្នាំ២០២៣

 

 

កំពត៖ រដ្ឋបាល​ខេត្តកំពត ក៏ដូចជា​មន្ទីរជំនាញ បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ រយៈពេល​ប្រាំ​ឆ្នាំ​របស់ខ្លួន និង​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ចំនួន ២លាន ៥សែន​នាក់ នៅ​ឆ្នាំ២០២៣ ខណៈដែល​បច្ចុប្បន្ន​ខេត្តកំពត​កំពុងមាន​កំណើន​ភ្ញៀវទេសចរ កើនឡើង​ឥតឈប់ឈរ។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានធ្វើ​បទ​បង្ហាញ​នៅក្នុង សិក្ខា​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​រយៈពេល៥ឆ្នាំ នៅ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា ចំនួន​ភ្ញៀវទេសចរ​ខេត្តកំពត​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយសារ កត្តា​សុខសន្តិភាព សេដ្ឋកិច្ច ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​រួមផ្សំ​ជាមួយ​សក្តានុពល​សំបូរបែប​របស់​ខេត្ត​ផងដែរ។ ជាក់​ស្តែ​នៅ ឆ្នាំ២០១៩កន្លងទៅ ភ្ញៀវទេសចរ​មាន​ចំនួន​ជាង១លាន ៦សែន​នាក់ គឺ​កើនឡើង ២.១៧ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ដែលមាន​ភ្ញៀវ​ជាង១លាន៤សែន​នាក់។

 

នៅក្នុង​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​រយៈពេល៥ឆ្នាំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​រដ្ឋ បាល​ខេត្ត​ថា នឹង​រួមគ្នា​ប្តេជ្ញា​ខិតខំ​ធ្វើឱ្យមាន​កំណើន​ភ្ញៀវទេសចរ ២លាន ៥សែន​នាក់ នៅ ឆ្នាំ២០២៣ខាងមុខ ហើយ​ដើម្បីឱ្យ​សម្រេច​តាម​ផែនការ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត កំពត បានដាក់​ចេញ​នូវ​អនុសាសន៍​អាទិភាព​ចំនួន ១២ចំណុច​រួមមាន៖ ១. គ្រប់ភាគី​ពាក់ព័ន្ធ មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​សមត្ថកិច្ច​របស់ខ្លួន ដែល​បាន​រៀបរាប់​នៅក្នុង​ផែនការ, ២. សម្របសម្រួល​ជំរុញ​ការកសាង​កំពុងផែ​ទេសចរណ៍ អន្តរជាតិ​ឱ្យ​រួចរាល់​នៅ​ឆ្នាំ២០២១ តាម​ពេល​កំណត់, ៣.ជំរុញ​ការអភិវឌ្ឍ​រមណីយដ្ឋាន ឆ្នេរ​មាស​តេ​ជោ​សែន​កំពត ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​មក​កម្សាន្ត, ៤. រដ្ឋបាលខេត្ត​ធ្វើ សិក្សា​ពី​លទ្ធភាព​នៃ​ការកសាង​ស្ពាន​ថ្មី​ឆ្លង​ព្រែក​កំពង់បាយ​មួយកន្លែង​បន្ថែមទៀត, ៥.រួមគ្នា​កែ លម្អ​សោភណភាព​ក្រុង​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ បរិស្ថាន​បៃតង​ស្អាត និង​គ្មាន​សំរាម,  ៦. រក្សា​ឱ្យបាន​នូវ​ជ័យលាភី​ផ្ការំដួល៣ទង និង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន, ៧. ជំរុញ​ឱ្យ ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍, ៨. មន្ទីរ​ទេសចរណ៍​ត្រូវ​បង្កើន​ការយកចិត្ត​ទុក ដាក់​ក្នុងការ​អនុវត្ត​ផែនការ ដោយ​តម្រូវឱ្យមាន​ការប្រជុំ​រៀងរាល់៣ខែម្តង,  ៩. មន្ទីរ​បរិស្ថាន មន្ទីរ​ដែនដី ត្រូវ​សហការគ្នា​ធ្វើជា​សេនាធិការ​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់ឆ្នេរ, ១០. ពង្រីក​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​នៅតាម​តំបន់​កោះ និង​ឆ្នេរ​បន្ថែមទៀត, ១១. មន្ទីរ​ទេសចរណ៍​ត្រូវ​សិក្សា​ទីតាំង ដើម្បី​កសាង​មជ្ឈមណ្ឌល​ព័ត៌មាន​បន្ថែម និង​ទី១២. ក្នុង​រដូវ​កាល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​នឹង​ខិតជិត​មកដល់ ភ្ញៀវទេសចរ​នឹង​មកលេង ខេត្តកំពត​ច្រើន ដូច្នេះ​មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ អាជ្ញាធរ ត្រូវ​ចុះ​ជំរុញ​ដល់​អាជីវករ កន្លែង​កម្សាន្ត  អ្នកផ្តល់​សេវា​ទេសចរណ៍​ទាំងអស់​ឱ្យ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​កូ​វីដ១៩៕

Related Posts

Leave a Reply

Your email address will not be published.