ភ្នំពេញ៖ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​កម្មវិធី​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នា២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយកដ្ឋាន​នានា​ចំណុះ​ក្រសួងមហាផ្ទៃ អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ មានប្រសាសន៍ថា សន្និបាត​ឆ្នាំនេះ​គ្រោង​នឹងធ្វើ​ឲ្យ​មាន​លក្ខណៈពិសេស​ជាងឆ្នាំមុនៗ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពងាយស្រួល និង​ខ្លី ប៉ុន្តែ​ខ្លឹម ដែលមាន​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​សម្រាប់​បម្រើ​ឲ្យ​ផែនការ​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ២០២១បន្ត។ ក្នុងនេះ​ផងដែរ ឯកឧត្តម ក៏បាន​លើកឡើង​អំពី​ការកំណត់​យក​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព សម្រាប់​ដាក់ចូល​ផែនការ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ ដោយ​ឯកឧត្តម បាន​បញ្ជាក់ថា ដោយសារតែ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​កែលម្អ និង​តម្លើង​កម្រិត​គោលនយោបាយ ពី​ក្រសួងមហាផ្ទៃ ទៅជា​គោលនយោបាយ​របស់​អន្តរក្រសួង​វិញ។

ឯកឧត្តម បានស្នើ​ឲ្យ​សមាជិក​អង្គប្រជុំ​ទាំងអស់​ចូលរួម​ផ្តល់យោបល់​ឲ្យ​បាន​ផុសផុល ដើម្បី​ប្រមូលយក​ធាតុ​ចូល​សម្រាប់​កំណត់​យក​គោ​លន​យោ​យ​បាល ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ ដាក់ចូល​ក្នុង​ផែនការ​សន្និបាត​ក្រសួង​ក្នុងឆ្នាំនេះ ឲ្យ​ស្របតាម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធ​នឹង​ការងារ​នេះ ឯកឧត្តម ក៏បាន​មានប្រសាសន៍ថា ឯកឧត្តម នឹង​គោរព​ស្នើសុំ​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បន្ត​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តើ​គួរ​យក​ចំណុច​ណាខ្លះ ដើម្បី​សំយោគ​ដាក់ចូល​ក្នុង​ផែនការ​អនុវត្ត​សម្រាប់​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ២០២១ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ និង​សម្រាប់​កំណត់​វិញ្ញាសារ​ធ្វើការ​ប្រឡង​ប្រ​ណាំ​ភូមិ ឃុំ សង្កាត់​មាន​សុ​វត្ថ​ភាព​ផងដែរ។ លើសពីនេះ​ទៀត ឯកឧត្តម បាន​មាន​ប្រសា​ស​ន័​បន្តថា បច្ចុប្បន្ន គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ មាន៧ចំណុច ជា​គោលសំខាន់ៗ ដែល​បាន​ដកស្រងយក​ចេញពី​ក្របខ័ណ្ឌ​នានា​របស់​អន្តរក្រសួង ចូល​ជា​នយោបាយ​រួមមួយ​នេះ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​អនុវត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើ​សេចក្តីរាយការណ៍​ស​ង្ខេ​ម​រួម​ស្តីពី​សេចក្តីព្រាង​កម្មវិធី​ទូទៅ នៃ​កម្មវិធី​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នា២០២០ និង​លើ​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ ដែល​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​រាយ​ការ​ថា  អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បាន​ប្រមូល​ទិន្នន័យ​បូកសរុប​លទ្ធផល​ការងារ​របស់​អគ្គភាព​ពាក់ព័ន្ធ​ទាំងអស់​យកមក​ច្របាច់​បញ្ចូល​គ្នា ហើយ​ក៏បាន​បញ្ជូន​ទៅមក​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ពី​អង្គភាព​ជំនាញ។ ជាងនេះទៀត ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បន្តថា សេចក្តីព្រាង​ខ្លឹមសារ​សម្រាប់​កម្មវិធី​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ​នេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បាន​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​ចំនួន២លើក​រួច​កន្លងមកហើយ ដើម្បី​ដាក់ចូល​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​នៅថ្ងៃនេះ។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បន្ថែមថា តាម​ការគ្រោងទុក​នៃ​កម្មវិធី​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល​ចំនួន០២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែល​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា អគ្គលេខាធិការដ្ឋាន ក៏បាន​រៀបចំ​កំណត់​កាត់បន្ថយ​សមាសភាព​ចូលរួម​ត្រឹមតែ ៣៣៥នាក់​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​ពី​ជម្ងឺ​កូ​វីដ១។ ដោយ​ក្នុងនេះ អគ្គលេខាធិការដ្ឋាន ក៏បាន​រៀបចំ​ព្រាង​របៀបវារៈ និង​បទបញ្ជាផ្ទៃក្នុង បាន​រួចរាល់​សម្រាប់​បម្រើ​ឲ្យ​ការងារ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន។

លើសពីនេះ​ទៀត ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជម្រាបជូន​ថា សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ ក្នុងឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​ពិធី​បើក​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បិទ​សន្និបាត​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់​មតិ​បូកសរុប និង​ការ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក៏បាន​បញ្ជាក់ថា បន្ទាប់ពី​សន្និបាត​ក្រសួង​បានធ្វើ​ចប់​រួចរាល់ នឹង​បន្តធ្វើ​សន្និបាត​របស់​រដ្ឋបាល​រាជធានី ខេត្ត​បន្តទៀត ហើយ​និង​បញ្ចូល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​រួមជាមួយ​គ្នា​តែម្តង ហើយ​ឯកឧត្តម បាន​បន្តថា ក្រសួងមហាផ្ទៃ នឹង​ចេញ​វិធានការ​ការពារ​នានា​ដ​ល់​រដ្ឋបាល​រាជធានី ខេត្ត ក្នុងការ​អនុវត្ត​ពេលធ្វើ​សន្និបាត ដើម្បី​ការពារ​ពី​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ១។ ឯកឧត្តម រំលឹកថា យើង​ត្រូវតែ​បន្ថែម​បង្កើន​វិធានការ​ការពារ​ឲ្យ​បាន​តឹងរឹង មិនអាច​ធ្វេសប្រហែស​បានទេ។ ក្នុងនោះ ឯកឧត្តម ក៏បាន​ណែនាំ​ដល់​សមាជិក​កាន់ខ្ជាប់​ឲ្យ​បាន​ជាប់​ជានិច្ច​ក្នុង​ពេលធ្វើ​កម្មវិធី ឬ​ប្រជុំ​នានា​នៅតាម​អង្គភាព​របស់ខ្លួន។

ជា​ចុងក្រោយ ឯកម​ឧ​ត្ត​ម រដ្ឋលេខាធិការ​ប្រចាំការ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គលេខាធិការដ្ឋាន និង​អង្គភាព​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រមូល​ធាតុ​ចូល​ពាក់ព័ន្ធ​នានា​ដើម្បី​បញ្ចូល​ជា​ខ្លឹមសារ​ផែនការ​រួមមួយ​ដ៏​ល្អ​សម្រាប់​ដាក់ចូល​ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួងមហាផ្ទៃ នាពេល​ដ៏​ខ្លី​ខាងមុខនេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.