មី​យ៉ាន់​ម៉ា៖ អ្នកផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត ដែលមាន​រដ្ឋ​មី​យ៉ាន់​ម៉ា​ជា​ម្ចាស់ បាន​រារាំង​ការចូល​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍(ទី៤កុម្ភៈ)នេះ។ នេះ បើតាម​ឱ្យដឹង​របស់ NetBlocks ក្រុម​សង្កេតការណ៍​បណ្ដាញ​សង្គម​អន​ឡាញ ក្នុង​ប៉ុន្មាន​ថ្ងៃ ក្រោយពី​បណ្ដា​មេដឹកនាំ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​បង្ក​រដ្ឋប្រហារ​ដ​ណ្ដើ​ម​អំណាច។

លិខិត ដែល​ផូ​ស្ត​នៅលើ​ប្រពន្ធ​ផ្សព្វផ្សាយ​សង្គម​អន​ឡាញ ដោយ​ក្រសួង​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​រាត្រី​ថ្ងៃ​ពុធ​កន្លងទៅ បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​នឹងត្រូវ Block រហូតដល់​ថ្ងៃទី៧ កុម្ភៈ ដើម្បី​ស្ថិរភាព​របស់​ប្រទេស។

អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បានឱ្យដឹងថា ពួកគេ​មិនអាច​ចូលទៅក្នុង​សេវាកម្មផ្សេងៗរបស់​ហ្វេ​ស​ប៊ុ​ក​បានទេ រួមទាំង​អ៊ី​ន​ស្តា​ក្រាម និង WhatsApp ផងដែរ។

ហ្វេ​ស​ប៊ុ​ក នៅ​មិនទាន់​ចេញមក សម្ដែង​ការយល់ឃើញ​យ៉ាងណា ក្នុង​រឿងនេះ​នៅឡើយ ខណៈដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ប្រជាជន​មី​យ៉ាន់​ម៉ា ពាក់កណ្ដាល​នៃ​ចំនួន​ទាំងអស់ ៥៣លាន​នាក់ បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក។

លិខិត​របស់​ក្រសួង​ទូរគមនាគមន៍ របស់​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា “ក្ដីកង្វល់​ចំពោះ​ស្ថានការណ៍ ក្នុង​ពេលនេះ អ្នក​ដែល​បង្កបញ្ហា​ចំពោះ​ស្ថិរភាព​របស់​ប្រទេស កំពុងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ទិន្នន័យខុសៗ និង​បង្ក​ឱ្យ​កើតមាន​ការយល់​ខុស ក្នុងចំណោម​ប្រជាជន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក”

សកម្មភាព​ទាំងនេះ បាន​កើតឡើង​ក្រោយពី​នៅ​ថ្ងៃ​អង្គារ(ទី២កុម្ភៈ) កងទ័ព បាន​ចេញមក​ព្រមាន​ថា ការ​ផូ​ស្ត​អត្ថបទ ឬ​ទិន្នន័យ​ណាមួយ ដែល​ពួកគេ​ប្រាប់ថា ជា​ព័ត៌មាន​ចចាមអារ៉ាម​នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ អាច​ពន្យុះ​ញុះញង់​ឱ្យ​កើត​ចលាចល និង​បង្ក​ភាព​អស្ថិរភាព។

តែ​យ៉ាងណាក្ដី NetBlocks បាន​បញ្ជាក់ថា ការ Block ហ្វេ​ស​ប៊ុ​ក​លើក​នេះ មើលទៅ​ហាក់ដូចជា​ដំណើរការ​ទៅលើ​តែ​អ្នកផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត MPT ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​ជា ២៣លាន​នាក់​តែប៉ុណ្ណោះ។

កាលពីពេល​មុននេះ​ក្រុម​អ្នកស៊ើប​អង្កេត​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ធ្លាប់បាន​ប្រាប់ថា ពាក្យសម្ដី​ដែល​សាង​ភាព​ស្អប់ខ្ពើម នៅលើ​ហ្វេ​ស​ប៊ុ​ក មាន​តួនាទី​សំខាន់​ក្នុងការ​ពន្យុះ​ញុះញង់​ឱ្យ​កើតមាន​អំពើហិង្សា​នៅក្នុង​មី​យ៉ាន់​ម៉ា ខណៈដែល​ក្រុមហ៊ុន បាន​ទទួលស្គាល់ថា ពួកគេ​បាន​ដំណើរការ​យឺតយ៉ាវ​ពេក ក្នុងការ​ការពារ​ទិន្នន័យ​ព័ត៌មាន​មិន​ពិត និង​ស្អប់ខ្ពើម​នៅក្នុង​ប្រទេសមួយ​នេះ។

កាលពីដើម​សប្ដាហ៍​នេះ ហ្វេ​ស​ប៊ុ​ក បាន​ប្រាប់ថា នឹង​ប្រតិបត្តិ​ចំពោះ​ហេតុការណ៍​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងឋានៈ​ស្ថានការណ៍​គ្រាអាសន្ន ដោយ​ប្រើ​វិធានការ​បណ្ដោះអាសន្ន​ដែលមាន ដើម្បី​ការពារ​គ្រោះថ្នាក់ផ្សេងៗ ដូចជា លុបចោល​ខ្លឹមសារ​ទាំងឡាយណា ដែល​លើកតម្កើង ឬ​គាំទ្រ​រដ្ឋប្រហារ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.