ភ្នំពេញ៖  ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ «កម្មវិធី​បោះជំរុំ» លើក​ទី២ ក្រោម​ប្រធានបទ «យើង​ស្រឡាញ់​ព្រៃ​ឡង់»ក្នុង​ដែនជម្រកសត្វព្រៃ «ព្រៃ​ឡង់» ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឯកឧត្តម នេត្រ​ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៤ ខែ​កុ​ម្ភះ ឆ្នាំ២០២១ ថា កម្មវិធី​នេះ​នឹង​បើកទូលាយ​ឱ្យមាន​ការចូលរួម​ពី​សំណាក់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្តាញ​សហគមន៍​ថ្នាក់​តំបន់ និង​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​តាម​ការប៉ាន់ស្មាន នឹងមាន​អ្នកចូលរួម​ប្រមាណ ៣០០នាក់។

ឯកឧត្តម បាន​បន្ថែមថា​នៅ​ឆ្នាំ២០២១ នេះ​គឺជា​លើក​ទី២ ហើយ​ដែល​ក្រសួងបរិស្ថាន​រៀបចំ​កម្មវិធី​បោះជំរុំ​ក្នុង​គោលបំណង​ទី១៖ សម្តែង​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ ជីវៈចម្រុះ និង​បរិស្ថាន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល, ទី២៖ ផ្សព្វផ្សាយ​ការយល់ដឹង និង​ចែករំលែក​បទពិសោធ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និង​ស្មារតី​ដល់​ប្រជាជន​ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ឱ្យ​ស្រឡាញ់ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ទី៤៖ បង្កើន​ការប្រាស្រ័យ​ទាក់ទង​របស់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​រួមគ្នា​ការពារ អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ និង​បរិស្ថាន។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃ​ឡង់» ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើត ឡើង​តាំងពី​ឆ្នាំ២០១៦ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង​អភិរក្ស​របស់​ក្រសួងបរិស្ថាន។ ព្រៃ​ឡង់ មាន​ផ្ទៃដី​សរុប​ជាង ៤៣ម៉ឺន​ហិកតា និង​មាន​ភូមិសាស្ត្រ​ខេត្ត​ចំនួន៤ គឺ​ខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ កាលពី​ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាស​ទទួលស្គាល់​តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារៈសំខាន់។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ២០២០កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍ តំបន់ការពារធម្មជាតិ​ដោយមាន​ការគាំទ្រ​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID ផង បាន​ចុះ​ល្បាត​ចំនួន ១,៧២៨លើក បង្ក្រាប​បទល្មើស​បាន​ចំនួន ១,០១៩ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ចំនួន ៤៧ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៨១គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១១៦គ្រឿង រឹបអូស​ម៉ូតូ​ចំនួន ៤៧គ្រឿង ដោះ​អន្ទាក់​ចេញពី​តំបន់​ព្រៃ​ឡង់​បាន​ចំនួន ២,៦៣០អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន ១១៧ដើម ដកហូត​ឈើ​បាន​ចំនួន ២៧៥ម៉ែត្រគូប ពិន័យ​អន្តរការណ៍​ចំនួន ៦៩ករណី និង​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ចំនួន ៣៧៩ករណី៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.