ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​ជាបន្ទាន់​ចំពោះ​ស្មៀនឃុំ-សង្កាត់ ព្រោះ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច ថា​មាន​ស្មៀនឃុំ-សង្កាត់ មួយចំនួន​មាន​ឫកពា​មិន​សមរម្យ ខណៈពេលដែល​ប្រជាពលរដ្ឋ​មក​ទទួលយក​សេវាសាធារណៈ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ២០២១ នា​រសៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា នាពេល​កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ទៅ​សាលាឃុំ-សង្កាត់ ឲ្យ​ដោះស្រាយ​បញ្ហា​អ្វីមួយ ប៉ុន្ដែ​មាន​ស្មៀនឃុំ-សង្កាត់ មួយចំនួន មាន​អាកប្បកិរិយា​មិនល្អ​ចំពោះ​ប្រជាពលរដ្ឋ។

សម្ដេច​ក្រឡាហោម មានប្រសាសន៍ «សូម​ផ្ដាំ​ឲ្យ​មើល​ស្មៀន ផ្តាំ​ពី​ទីកន្លែង​នេះ​ទៅ ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី-ខេត្ត ព្រោះ​ស្មៀន​ខ្លះ​គាត់​ឬ​ក​ធំ​សម្បើម​ណាស់។ យន្ដការ​នៅ​ឃុំ-សង្កាត់ ហ្នឹង គឺមាន​សិទ្ធិ​រឹងមាំ​ដោយសារ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ចឹ​ង​មាន​ក្រុមប្រឹក្សា មាន​មេឃុំ មាន​ជំទប់ ក្រៅពី​ហ្នឹង​មាន​គណៈកម្មាធិការ មន្ដ្រីផ្សេងៗទៀត ហើយ​ស្មៀន​មិនមែនជា​មន្ដ្រី​នយោបាយ​ទេ។ មន្ដ្រី​នយោបាយ គឺ​ក្រុមប្រឹក្សា បោះឆ្នោត​ដោយ​ប្រជាជន​ផ្ទាល់»។

ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ក៏បាន​កោតសរសើ​ចំពោះ​ស្មៀនឃុំ-សង្កាត់ មួយចំនួន​ដែល​បាន​ខិតខំ​ធ្វើ​ការងារ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

បន្ថែម​ពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ពន្យល់ថា ស្មៀនឃុំ-សង្កាត់ គឺជា​មន្ដ្រី​មុខងារសាធារណៈ ហើយ ក្រសួងមហាផ្ទៃ ក៏មាន​សិទ្ធិ​ដក ឬ​ដាក់​មន្ដ្រី​ស្មៀន។ ប៉ុន្ដែ​នៅ​ផ្នែក​ខ្លះ ក្រុមប្រឹក្សា ក៏​ជា​អ្នក​តែងតាំង​ស្មៀន ហើយ​ស្មៀន ត្រូវធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.