ភ្នំពេញ៖ នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ។

ក្នុងឱកាសនោះ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួន ក្នុងការថែរក្សាការពារសន្តិភាពកម្ពុជា ឱ្យមានអាយុកាលយូរអង្វែងទៅអនាគត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំ មកទល់សព្វថ្ងៃនេះ គឺជារយៈកាលនៃសុខសន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជា។ ជាសន្តិភាពដែលទទួលបានមកដោយលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូប នៃនយោបាយឈ្នះ-ឈ្នះ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនានានាតាមជំនឿ។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា «ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាខែលដ៏សំខាន់ និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារសិទ្ធិសេរីភាព ស្របតាមនីតិរដ្ឋ ត្រូវគោរពនូវតួ នាទី ភារកិច្ចចាំបាច់របស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាលយូរអង្វែងទៅអនាគត ។ ដោយរក្សាបាននូវស្មារតីជាតិនិយម បេ្តជ្ញាស្មោះត្រង់ជាមួយជាតិ សាសនា ព្រះហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងទ្បាយណា ដែលបង្កដល់ការបំផ្លិចបំផ្លាញ់សន្តិភាពដ៏ស្រស់បំព្រងនេះ»៕
ប្រភព៖ AKP