ឥណ្ឌូនេស៊ី៖ ក្នុងខណៈដែល​កូ​វីដ-១៩ នៅតែ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំងក្លា​ឥត​ស្រាកស្រាន្ត រហូត​ធ្វើឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី មាន​អ្នក​ឆ្លង​មេរោគ​សរុប ហក់​ខ្ពស់​ឡើង​ជាង ១លាន​នាក់​នោះ ទីក្រុង​ធំ​ហ្សា​ការ​តា ក៏ត្រូវ​ត្រៀម​ពង្រីក​ទីតាំង “ទី​បញ្ចុះសព” ដើម្បីឱ្យ​គ្រប់គ្រាន់​នឹង​ចំនួន​អ្នកស្លាប់ ដែលមាន​ច្រើនឡើង​រៀងរាល់ថ្ងៃ​ដែរ។

ប្រទេស​ឥណ្ឌូនេស៊ី ដែលមាន​ប្រជាជន​ច្រើន​លំដាប់​លេខ៤ របស់​ពិភពលោក បាន​ប្រឈម​នឹង​ភាព​លំបាកលំបិន​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ-១៩ មក​តាំងពី​អំឡុង​ខែមីនា ឆ្នាំទៅ​ម្ល៉េះ និង​មកដល់ពេលនេះ ចំនួន​អ្នកជំងឺ​សរុប បាន​កើន​ឡើងដល់​ជាង ១,១៥លាន​នាក់ និង​ស្លាប់​ជាង ៣០ ០០០នាក់ ដែល​នេះ​ជា​តួលេខ​ខ្ពស់បំផុត​ក្នុងភូមិ​ភាគ​អាស៊ាន។

លោក អ៊ិ​វ៉ាន នូ​ចា​យ៉ូ អ្នកនាំពាក្យ​ការិយាល័យ​សួនច្បារ​សាធារណៈ​ក្នុង​ទីក្រុង​ហ្សា​ការ​តា បាន​បញ្ជាក់ថា រដ្ឋបាល​បានកំណត់​ទីតាំង​បង្កើត​ទី​បញ្ចុះសព បន្ថែមទៀត​ចំនួន ៦កន្លែង ទូទាំង​ទីក្រុង​ធំ​មួយ​នេះ ដោយ ៣កន្លែង ចាប់ផ្ដើម​មានការ​ប្រើប្រាស់​ហើយ។

លោក​ថ្លែងថា “ក្នុងអំឡុង ២សប្ដាហ៍ និង ២-៣ខែ​កន្លងមកនេះ ទី​បញ្ចុះសព​មួយចំនួន ដែលមាន​សម្រាប់​បញ្ចុះសព​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ បានចាប់ផ្ដើម​មាន​សព​ចូលមក​កាន់តែ​ច្រើនឡើង​ហើយ”

អ្នកជំនាញការ​ផ្នែក​សុខភាព​សាធារណៈ ជឿថា ចំនួន​អ្នកស្លាប់​ពិតប្រាកដ ប្រហែលជា​ខ្ពស់ជាង​តួលេខ​របស់​រដ្ឋបាល​ច្រើនណាស់ និង​ដោយ​ចំនួន​សាកសព​ដែល​កើនឡើង​នេះ ធ្វើឱ្យ​ទី​បញ្ចុះសព​ខ្លះ ត្រូវ​ប្រើ​វិធី “បញ្ចុះ​ជាន់​លើ​គ្នា” ដើម្បី​សន្សំសំចៃ​ទីកន្លែង។

“ខណៈ​នេះ ទី​បញ្ចុះសពដទៃៗទៀត យើង​មាន​ជម្រើស​មួយ ដែល​ហៅថា ប្រព័ន្ធ​បញ្ចុះ​លើ​គ្នា ដែល​មានន័យថា ការយក​សាកសព​ថ្មី​មក​បញ្ចុះ​ពីលើ​គ្នា នៅក្នុង​ផ្នូរ​របស់​អ្នក​ដែល​ត្រូវជា​សាច់ញាតិ​គ្នា” លោក នូ​ចា​យ៉ូ បាន​ប្រាប់​បែបនេះ ព្រមទាំង​បញ្ជាក់ថា វិធី​នេះ នឹង​ប្រើ​ចំពោះតែ​ផ្នូរ​បញ្ចុះសពចាស់ៗ របស់​សាច់ញាតិ​ណា ដែល​បាន​ស្លាប់​យូរ​លើស ៥ឆ្នាំ​មកហើយ តែប៉ុណ្ណោះ។

នៅឯ​ទី​បញ្ចុះសព រ៉ូ​រ៉ូ​តាន់ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ្សា​ការ​តា រថយន្ត​ចូកដី​ជាច្រើន​គ្រឿង កំពុង​បង្ខំ​សម្អាត​ទីតាំង ដើម្បី​កែសម្រួល​ផ្ទៃដី​ឱ្យ​ក្លាយជា​កន្លែង​បញ្ចុះ​សាកសព។

លោក នូ​ចា​យ៉ូ បាន​ថ្លែង​ទៀតថា “ទីតាំង​មួយចំណែក ជាទី​បញ្ចុះសព​សាធារណៈ​ស្រាប់​ហើយ ហើយ​យើង​កំពុង​ត្រៀម​ទីតាំង​ខ្នាត​ធំថ្មី​មួយទៀត សម្រាប់​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ថែមទៀត…យើង​រំពឹងថា នឹង​អាច​ស្វែងរក​ទីតាំង​បាន​បន្ថែមទៀត​ជាង ៨ ០០០ម៉ែត្រការ៉េ”៕

ប្រភព៖ ទីភ្នាក់ងារ AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.