មី​យ៉ាន់​ម៉ា៖ លោក អាន់​តូ​នី​អូ ហ្គុ​យ​តឺ​រេស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឬ UN  បានផ្ដល់​ការសន្យា​កាលពី​ថ្ងៃទី៣ កុម្ភៈ ថា នឹង​បំផុស​ឱ្យ​អន្តរជាតិ រួមគ្នា​ដាក់​សម្ពាធ​លើ​កងទ័ព​មី​យ៉ាន់​ម៉ា “ដើម្បីឱ្យ​ការធ្វើ​រដ្ឋប្រហារ​លើក​នេះ​បរាជ័យ”

កងទ័ព​មី​យ៉ាន់​ម៉ា បាន​សម្រុកចូល​ចាប់ឃុំខ្លួន​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ព្រមទាំង​មន្ត្រីកំពូលៗរបស់​រដ្ឋបាល និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឬ NLD កាលពី​ព្រលឹម​ងងឹត នៃ​ថ្ងៃ​ចន្ទ ទី១កុម្ភៈ ដោយ​អាង​ថា ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការ​ទុច្ចរិត ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ ព្រមទាំង​ប្រកាស​ប្រគល់​អំណាច ឱ្យទៅ​លោក​ឧត្ដមសេនីយ៍ឯក​ជើងចាស់ មីន អង់ ឡាយ អគ្គមេបញ្ជាការ ជា​អ្នក​ក្ដោប​ក្ដាប់​អំណាច​ប្រទេសជាតិ និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន រយៈពេល ១ឆ្នាំ។

លោក​ហ្គុ​យ​តឺ​រេស បានផ្ដល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​វ៉ាស៊ីនតោន ផូ​ស្ត ថា “យើង​នឹងធ្វើ​គ្រប់​វិធី ដើម្បី​រួម​កម្លាំង​អ្នកចូលរួមសំខាន់ៗ និង​សហគមន៍​ពិភពលោក និង​សាង​កម្លាំង​កៀបសង្កត់​ដែល​ច្រើន​គ្រប់គ្រាន់ ក្នុងការ​ធ្វើឱ្យ​រដ្ឋប្រហា​រ​លើក​នេះ បរាជ័យ…វា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​មែនទែន ក្រោយពី​មានការ​បោះឆ្នោត​រួចទៅហើយ ជាការ​បោះឆ្នោត​ដែល​ខ្ញុំ​ជឿថា មិនមាន​អ្វី​ខុស​ប្រក្រតី​សោះ និង​ថែមទាំង​មាន​អំឡុងពេល សម្រាប់​កែប​ញ្ហា​យូរ​សមគួរ​ទៀតផង”

ការដណ្ដើម​អំណាច​រប​ស់​កងទ័ព​ក្នុង​គ្រានេះ ធ្វើឱ្យ​កម្មវិធី​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង ឆ្ពោះទៅរក​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ផ្ដាច់​ចោល​យ៉ាង​ទាន់ហន់ និង​បង្កើតឱ្យមាន​សំឡេង​ថ្កោលទោស​កងរំពង ទាំងពី​សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិចផ្សេងៗទៀត​ជាច្រើន។

សេចក្ដីព្រាង​ញត្តិ​ថ្កោលទោស ដែល​ប្រទេស​អង់គ្លេស បានដាក់​ស្នើ​ទៅក្នុង​កិច្ចប្រជុំ​គណៈ​មន្ត្រី​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ទាំង ១៥ប្រទេស បាន​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន់​ម៉ា គោរព​គោលការណ៍​នីតិ​ច្បាប់ និង​សិទ្ធិមនុស្ស រួមទាំង​ប្រគល់​ឥស្សរភាព​ឱ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​បុគ្គល​ដទៃទៀត ដែល​ត្រូវ​ឃុំខ្លួន​ជាបន្ទាន់។

យ៉ាងណាក៏ដោយ ញត្តិ​នេះ ចាំបាច់​ត្រូវតែ​បានទទួល​សំឡេងគាំទ្រ​ជា​ឯកច្ឆន្ទ ដែល​អ្នកការទូត​ទាំងឡាយ​ជឿថា ប្រហែលជា​នឹងត្រូវ​មានការ​សម្រួល​ពាក្យពេចន៍​ឱ្យ “ទន់ភ្លន់” ជាង​នេះ​បន្តិចទៀត បើសិនជា​ចង់ឱ្យ​ប្រទេស​រុស្ស៊ី និង​ចិន ដែលជា​ប្រទេស​ការពារ​មី​យ៉ាម៉ា នៅលើ​ឆាក​អន្តរជាតិ​រហូតមក យល់ព្រម​សហការ​ផងដែរ​នោះ។

ចុងក្រោយ​បំផុត​នេះ ប៉ូលិស​មី​យ៉ាន់​ម៉ា បានដាក់​បទចោទប្រកាន់ លើ​លោកស្រី​ស៊ូ​ជី ពីបទ​នាំចូល​ឧបករណ៍​ទំនាក់ទំនង​ខុសច្បាប់ កាលពី​ថ្ងៃទី៣ កុម្ភៈ​កន្លងទៅ។

លោក​អគ្គលេខាធិការ UN បាន​បញ្ជាក់ថា “បើ​យើង​ចង់​ចោទប្រកាន់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី លើ​រឿង​អ្វីមួយ ក៏​ប្រហែលជា​រឿង​ដែល​លោកស្រី ជិតដិត​ជាមួយ​កងទ័ព​ខ្លាំង​ជ្រុល​ពេក, ការពារ​កងទ័ព​ខ្លាំង​ជ្រុល​ពេក ក្នុង​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា”

ប្រតិបត្តិការ​បោសសម្អាត​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​យៈ​ខៃ កាលពី​ឆ្នាំ២០១៧ បានធ្វើឱ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង ៧០០ ០០០នាក់ ភៀសខ្លួន​គេច​ពី​សេចក្ដីស្លាប់ ឆ្លង​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​បច្ចុប្បន្ន មនុស្ស​ទាំងនោះ ក៏​នៅតែ​ត្រូវ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ដ៏​សែន​ចង្អៀត​ណែន​នោះ​នៅឡើយ។

លោក ហ្គុ​យ​តឺ​រេស និង​ប្រទេស​លោកខាងលិច បាន​ចោទប្រកាន់​កងទ័ព​មី​យ៉ាន់​ម៉ា​ថា បានធ្វើ​អំពើ​ដែល​ចូលក្នុង​បទ​កម្ចាត់​ពូជសាសន៍ (Ethnic cleansing) ប៉ុន្តែ កងទ័ព​មី​យ៉ាន់​ម៉ា បាន​ប្រកាន់​ជំហរ​បដិសេធ​រហូតមក។

លោក​អគ្គលេខាធិកា UN បាន​សង្កត់ធ្ងន់ថា កងទ័ព​មី​យ៉ាន់​ម៉ា ត្រូវតែ​ដោះលែង​បុគ្គល ដែល​ត្រូវបាន​ឃុំខ្លួន ក្នុងអំឡុង​ពេលធ្វើ​រដ្ឋ​ប្រហារ​ទាំងអស់​ជាបន្ទាន់ និង​ស្ដារ​នីតិវិធី​ច្បាប់​ឡើងវិញ​ក្រោម​រដ្ឋធម្មនុញ្ញ។

“ខ្ញុំ​សង្ឃឹមថា វា​ប្រហែលជា​ទៅរួច ដែល​យើង​នឹងធ្វើ​ឱ្យ​កងទ័ព​មី​យ៉ាន់​ម៉ា​យល់ថា នេះ​មិនមែនជា​វិធី​គ្រប់គ្រង​ប្រទេស និង​មិនមែនជា​ដំណើរ​ផ្លូវ​ដែល​នឹង​ឈានទៅ​ខាងមុខ​ឡើយ”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.