ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិកា​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​លទ្ធភាព​ក្នុងការ​អប់រំ​សិស្ស​គ្រប់​កំរិត ពិសេស​គឺ​ថ្នាក់​ម​ត្តេ​យ្យ រហូតដល់​ថ្នាក់​វិទ្យាល័យ ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​យល់ដឹង​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បានច្បាស់លាស់​មុននឹង​ចាប់ផ្តើម​ប្រើប្រាស់​យានយន្ត។

ការស្នើ​របស់​សម្តេច​ក្រ​ឡា​ហោម បែបនេះ​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១ នា​ថ្ងៃ​ព្រហស្បតិ៍​ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្តថា ក្រសួង​អប់រំ​គួរ​ធ្វើ​ការរៀបចំ​អប់រំ​ណែនាំ ព្រមទាំង​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ព្រោះ​មកដល់ពេលនេះ​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ជាង៣ពាន់​ថ្នាក់ ដោយ​សម្តេច​មានប្រសាសន៍​លើកឡើងថា យើង​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ អនាគត​កូនចៅ​យើង​នឹង​ក្លាយជា​អ្នកប្រើប្រាស់​យានយន្ត ដូច្នេះ​ប្រសិនបើ​យើង​បង្កើន​និង​ពង្រីក​ការអប់រំ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ទៅ នោះ​នឹង​អាច​ឲ្យ​សិស្ស​ទាំងអស់​ទទួលបាន​នូវ​ចំណេះដឹង​ពី​ច្បាប់​ចរាចរណ៍​កាន់តែច្បាស់ ហើយ​មានការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​ផងដែរ។

សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​បន្ថែមទៀតថា នៅពេលដែល​បង្រៀន​កុមារតូចៗ លោកគ្រូ អ្នកគ្រូ​អាច​ប្រើប្រាស់​និមិត្តសញ្ញាងាយៗ ដើម្បី​ឲ្យ​ពួកគាត់​ឆាប់​ចាប់បាន​ងាយ​យល់ តាំងពី​ថ្នាក់​តូច​ក្នុង​កម្រិត​ណាមួយ​ដែល​ក្មេង​ទទួលបាន ហើយ​ត្រូវ​បន្ត​រហូតដល់​គាត់​រៀន​ចប់​ថ្នាក់​វិទ្យាល័យ។

ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា​ការស្នើ​នេះ ព្រោះតែ​សន្ទុះ​នៃ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​នឹងមាន​ផ្លូវ​ខ្វាត់ខ្វែង​កាន់តែច្រើន​មិនថាតែ​នៅ​ទីក្រុង ឬក៏​ជនបទ​នោះទេ ដូច្នេះ​ចាំបាច់​បំផុត​ត្រូវតែ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

បើ​យោងតាម​ការ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ២០២១ បានឱ្យដឹងថា អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​រាជធានី ខេត្ត បាន​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន ១១.២៤៥លើក សរុប​អ្នកចូលរួម ៤៤៧.០៥៦នាក់ ចែក​ឯកសារផ្សេងៗពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំនួន​ចរាចរណ៍ ១២.៦៤០សន្លឹក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.