ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ក្នុង​តំបន់​អាស៊ាន

 

ភ្នំពេញ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​មហិច្ឆតា​ចង់​ប្រែក្លាយ​កម្ពុជា ឱ្យទៅ​ជាម​ជ្ឈ មណ្ឌល​ចែកចាយ​ទំនិញ នៅក្នុង​តំបន់​អាស៊ាន។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថា​តាម​ភូមិសាស្ត្រ​តំបន់​អាស៊ាន កម្ពុជា​ជា​ប្រទេសមួយ​នៅ​ចំ​ចំណុចកណ្តាល ដែល​ងាយស្រួល​ក្នុង​ការតភ្ជាប់​ការដឹកជញ្ជូន និង​ចែកចាយ​ទំនិញ។

ការបង្ហាញ​មហិច្ឆតា​បែបនេះ​ក្នុងឱកាស ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​គណៈប្រតិភូ ជួបប្រជុំ​ពិភាក្សា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សិង្ហ​បុរី ក្នុងការ​អភិវឌ្ឍ​គម្រោង​មជ្ឈមណ្ឌល​ភ័ស្ដុភារ​កម្ម​ភ្នំពេញ និង​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋមន្ត្រី​អម​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទី២ទទួលបន្ទុក​ការអភិវឌ្ឍ និង​ហិរញ្ញវត្ថុ​សិង្ហ​បុរី​ហេ ដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី និង​ក្រុមហ៊ុន YCH តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវ​នឹង​ថ្ងៃ​ពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។

 

ព្រោះតែ​មើលឃើញ​នូវ​អំណោយផល​លើ​ភូមិសាស្ត្រ​នៃ​ការដឹកជញ្ជូន​នេះហើយ ទើប​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចង់​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​នេះ។បច្ចុប្បន្ននេះ​ក្រសួង​បាននិងកំពុង​ស្វះ​ស្វែងរក​ដៃគូ វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​នេះ ហើយ​អ្នកវិនិយោគ​របស់​ប្រទេស​សិង្ហ​បុរី​បង្ហាញ​ចំណាប់អារម្មណ៍​ខ្ពស់​លើ​គម្រោង​មួយ​នេះ។

 

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​បង្ហាញ​ទិដ្ឋភាព​ទូទៅ​អំពី​គម្រោង Super Port+ ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ និង​ពង្រឹងសមត្ថភាព​ដឹកជញ្ជូន​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​កម្ពុជា ។ កំណត់​លទ្ធផល និង​គោលដៅសំខាន់ៗដែល​ត្រូវ​សម្រេច​ឱ្យបាន​តាមរយៈ​ការអនុវត្ត​គម្រោង Phnom Penh Super Port+ ។ កំណត់​ជំហាន​បន្តបន្ទាប់​ក្នុងការ​អភិវឌ្ឍ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន YCH និង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​កំណត់​ជន​បង្គោល​ដើម្បី​គាំទ្រ​គម្រោង ព្រមទាំង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ក្នុងស្រុក ។ កំណត់​គោលនយោបាយ និង​ការប្ដេជ្ញា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រ​គម្រោង​នេះ។

 

ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បង្ហាញថា មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​កម្ពុជា ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

 

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ដើម្បីឱ្យ​សម្រេចបាន​នូវ​ផែនការអភិវឌ្ឍន៍​ជាតិ​នេះ រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​គ្រោង​បង្កើត​ម​ជ្ឈ មណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​ខាងលើ។ លើសពីនោះ​ទៀត​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​ចង់ឃើញ​កម្ពុជា​ជាទី​ផ្សារ និង​ជា​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​ដល់​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ថៃ វៀតណាម ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា ជាដើម។

 

បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ ត្រូវបាន​កំណត់​ជា​ផែនការ​យុទ្ធសាស្ត្រ​ទាំង​ក្នុង​ផែនការមេ​ភ័ស្តុភា​រកម្ម និង​ផែនការមេ​អន្តរកាល​ស្ដីពី ការតភ្ជាប់​ប្រព​ន្ធ័​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​និង​ភ័ស្ដុភារ​កម្ម ដែល​ផែនការ​យុ​ទុ្ធ​សាស្ត្រ​នេះ​បង្ហាញ​ពី​ការតភ្ជាប់​រវាងផ្លូវ​គោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស សំដៅ​ធានាបាន​នូវ​ខ្សែសង្វាក់​ដឹកជញ្ជូន​ប្រកបដោយ​ភាពរលូន និង​មាន​ប្រសិទ្ធភាព។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​បាននិងកំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ដែលជា​ឆ្អឹងខ្នង​សម្រាប់​គាំទ្រ​គម្រោង​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ​នេះ។

 

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី នាយក​ប្រតិ  ប​ត្តិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​ស្វាគមន៍​ក្រុមហ៊ុន YCH ដែលមាន​ចំណាប់អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ​នេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​សហការ សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ដោយបាន​រៀបចំ​ជា​ក្រុមការងារ​បច្ចេកទេស សម្រាប់​សម្របសម្រួល​កា​រ​អនុវត្ត​គម្រោង​នេះ។

 

ឯកឧត្តម ស៊ុន ចាន់ថុល បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​ក្រុមហ៊ុន YCH ដែលមាន​បំណង​ចង់​សិក្សា និង​វិនិយោគ​លើ​វិស័យ​ភ័ស្តុភារ​កម្ម​នៅ​កម្ពុជា និង​បាន​ស្នើឱ្យ​ភាគី​ទាំងនោះ ទាក់ទង​មក​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង ដើម្បីឱ្យ​ក្រុមការងារ​នេះ​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ជូន សំដៅ​ឱ្យ​ការអនុវត្ត​គម្រោង​ត្រូវ​តាម​ជំហាន និង​កាលបរិច្ឆេទ​របស់ខ្លួន ដែល​បាន​គ្រោងទុក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

Related Posts

Leave a Reply

Your email address will not be published.