ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​អន្ដរក្រសួង​ពិនិត្យ និង​ពិ​ភាព​ក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន លើ​មាត្រា​ទី៣ នៃ​ជំពូក​ទី១ ស្ដី​ពីបទ​ប្បញ្ញត្តិ​ទូទៅ ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លើកឡើងថា បញ្ហា​បច្ចេកវិទ្យា​មានការ​រីកចម្រើន ហើយ​រហូតមក​ដល់ពេលនេះ នៅលើ​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ​នោះ បាន​ប្រើប្រាស់​ដ្រូ​ន​នៅក្នុង​សេវាកម្ម កសិកម្ម សិល្បៈ និង​ផ្នែក​ព័ត៌មាន​ជាដើម។

ឯកឧត្តម ក៏បាន​បញ្ជាក់ទៀតថា សម្រាប់​នៅ​ប្រទេស​កម្ពុជា​បញ្ហា​ដ្រូ​ន​អត់​ទាន់​មានច្បាប់​គ្រប់គ្រង​នៅឡើយ​ទេ ដោយសារ​កម្ពុជា​បាន​ពិនិត្យឃើញថា ដ្រូ​ន​មាន​ផលប្រយោជន៍​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ សង្គម និង​កម្សាន្ដ ប៉ុន្ដែ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ។ ដូច្នេះហើយ​បានជា​ក្រសួងមហាផ្ទៃ ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​នេះ​ឡើង ដើម្បី​ធ្វើ​យ៉ាង​គ្រប់គ្រង​ឲ្យ​បាន​នូវ​សន្ដិសុខ សុវត្ថិភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម បន្ដថា ក្រុមការងារ ក៏បាន​គោរព​សុំ​គោលការណ៍​ពី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន ហើយ​ក្រុម​ជំនាញ​របស់​ក្រសួងមហាផ្ទៃ ក៏បាន និង​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​ចំពោះ​អនុក្រឹត្យ​នេះ​ផងដែរ។ ឯកឧត្តម បន្ថែមថា នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​គេ​មានច្បាប់​គ្រប់គ្រង​ដ្រូ​ន ហើយ​ក្រុមការងារ ក៏បាន​ពិនិត្យ​បទដ្ឋាន​គតិយុត្ត​នានា ទាំង​នៅ​អាស៊ាន និង​តំបន់​អឺរ៉ុប ដូចជា ថៃ ចិន ជប៉ុន ជាដើម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា មិនទាន់មាន​បទដ្ឋាន​គតិយុត្ត​ណាមួយ​គ្រប់គ្រង​នៅឡើយ។

ជាងនេះទៅទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ ក្រុមការងារ​រៀបចំ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន បាន​ប្រជុំ និង​ពិនិត្យ នាពេល​កន្លង បាន​ចំនួន៣១លើក។ ឯកឧត្តម បញ្ជាក់ថា ដោយឡែក កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា​នាពេលនេះ គឺជា​លើក​ទី។

អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន មាន៨ជំពូក និង៣៧មាត្រា។ ដោយ​អនុក្រឹត្យ​នេះ មាន​គោលបំណង​គ្រប់គ្រង​ការចុះបញ្ជី ការអនុញ្ញាត​ផលិត ការកែច្នៃ ការកំណត់​តំបន់ហាមឃាត់ និង​ការប្រើប្រាស់ អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​គ្រប់​ប្រភេទ​ដើម្បី​ធានា​សន្តិសុខ សណ្តាប់​សាធារណៈ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ជាពិសេស​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​គ្រប់​ប្រភេទ និង​អ្នកប្រើប្រាស់ អ្នក​ផលិត អ្នក​តម្លើង អ្នក​កែច្នៃ​នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន ដែល​ប្រើប្រាស់​សម្រាប់​បម្រើឱ្យ​វិស័យ​ការពារជាតិ និង​សន្តិសុខ​ជាតិ ដែល​កំណត់ដោយ​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.