ហៃ​ទី៖  អាជ្ញាធរ​នៃ​ប្រទេស​ហៃ​ទី បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី៧ ម្សិលមិញ​ថា ពួកគេ​អាច​ទប់ស្កាត់​ការព្យាយាម​លប​ធ្វើឃាត​លោក​ប្រធានាធិបតី ចូ​វេ​នេ​ល ម៉​យស៍ និង​ផ្ដួលរំលំ​រដ្ឋាភិបាល កណ្ដាល​ភាព​ពុះកញ្ជ្រោល ក្នុង​ប្រធានបទ​ជម្លោះ​តវ៉ា លើ​ការ​គ្រង​តំណែង​របស់​មេដឹកនាំ​រូបនេះ។

លោក រ៉ុ​ក​ហ្វេ​ល​លើ​រ៍ វីន​សិន​ត៍ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ផែនការ​នោះ គឺជា “ការព្យាយាម​ធ្វើ​រដ្ឋប្រហារ” ហើយ​អាជ្ញាធរ​បានឱ្យដឹងថា យ៉ាងតិច​មាន​មនុស្ស ២៣នាក់ ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​រួមទាំង​ចៅក្រម​លំដាប់​ខ្ពស់​ម្នាក់ និង​មន្ត្រី​ម្នាក់ មកពី​ទីបញ្ជាការ​ប៉ូលិស​ជាតិ​ផងដែរ។

“ខ្ញុំ​សូម​អរគុណ​ដល់​ប្រធាន​អង្គភាព​សន្តិសុខ របស់​វិមាន​រដ្ឋាភិបាល ព្រោះ​គោលដៅ​របស់​មនុស្ស​ទាំង​នោះ គឺ​ព្យាយាម​ផ្ដាច់ជីវិត​ខ្ញុំ” លោក​ម៉​យស៍ បាន​ថ្លែង​បែបនេះ និង​បាន​បន្តថា “ផែនការ​នោះ​ត្រូវបាន​ទប់ស្កាត់” លោក​បាន​ថ្លែង​ក្នុងការ​ផ្ដល់​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​នៅក្នុង​ទីលាន នៃ​អាកាសយានដ្ឋាន ព័រ​តូ ប្រាំង​ស៍ អម​ជាមួយ​ភរិយា និង​លោកនាយក​រដ្ឋមន្ត្រី ចូ​សេ​ហ្វ ជូធ។

លោក​ជូធ ប្រាប់ថា ពួក​អ្នក​រៀប​ផែនការ បាន​ទាក់ទង​ជាមួយ​បណ្ដា​អាជ្ញាធរ​ប៉ូលិស​ប្រចាំ​វិមាន​ប្រធានាធិបតី ដែលមាន​ផែនការ​ចាប់​លោក​ម៉​យស៍ និង​បន្ទាប់ពីនោះ នឹងធ្វើ​ការតែងតាំង​ប្រធានាធិបតី​ថ្មី”

លោក​ម៉​យស៍ បាន​គ្រប់គ្រង​ប្រទេស ដោយ​គ្មាន​ការត្រួតពិនិត្យ​អំណាច​អ្វី​ទាំងអស់ ក្នុង​ខួប ១ឆ្នាំកន្លងមក និង​បាន​ប្រាប់ថា លោក​នឹង​នៅតែ​បំពេញ​តួនាទី​ជា​ប្រធានាធិបតី តទៅទៀត រហូតដល់​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២។ ការ​រៀបរៀង​រដ្ឋធម្មនុញ្ញ ដែល​ភាគីប្រឆាំង​មិន​ឯកភាព បាន​ជំរុញ​ឱ្យ​ភាគីប្រឆាំង ក្លាយជា​អ្នកដឹកនាំ​ការជួប​ជំនុំ​ធ្វើបាតុកម្ម ដែល​ពួកគេ​ជឿថា អាណត្តិ​នៃ​ការ​គ្រង​តំណែង​របស់លោក​ប្រធានាធិបតី​រូបនេះ(លោក​ម៉​យស៍) បានបញ្ចប់​ទៅហើយ កាលពី​ថ្ងៃអាទិត្យ ទី៧ កុម្ភៈ។

លោក លី​អន ឆា​លស៍ មេបញ្ជាការ​កងកម្លាំង​ប៉ូលិស​ជាតិ​ហៃ​ទី បានឱ្យដឹងថា អាជ្ញាធរ​បាន​រឹបអូស​ឯកសារ ប្រាក់ និង​អាវុធផ្សេងៗ បានជា​ច្រើន ក្នុងនោះ​មាន​ទាំង​កាំភ្លើង​រ៉ៃ​ហ្វ៊ើ​ល កាំភ្លើងយន្ត​ធុន​ស្រាល កាំភ្លើងខ្លី និង​កាំបិទធំៗជាច្រើន។

ចំណែក​ជូធ បាន​ប្រាប់ថា ក្នុងចំណោម​ឯកសារ ដែល​រឹបអូស​មក​បាន​នោះ មាន​ពាក្យ​ថ្លែង​ប្រាស្រ័យ​របស់​ចៅ​ក្រោម អ្នក​ដែលមាន​ផែន​ការឈាន​ឡើងមក​ធ្វើជា​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ឈុត​ថ្មី​ទៀតផង។

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ទី៥ កុម្ភៈ បានទទួល​ស្គាល់​ការ​ថ្លែង​អះអាង នៅក្នុង​អំណាច​របស់​ប្រធានាធិបតី ដោយ​លោក ណិ​ត ប្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួង​ការ​ទេស បាន​ប្រាប់ថា ក្រុង​វ៉ាស៊ីនតោន សូម​អំពាវនាវ​ឱ្យមាន “ការបោះឆ្នោត​ទូទៅ ដែល​ឥស្សរៈ និង​យុត្តិធម៌ ដើម្បីឱ្យ​រដ្ឋសភា អាច​ត្រឡប់មក​មាន​តួនាទី​យ៉ាង​ត្រឹមត្រូវ​តាមច្បាប់​ជាថ្មី​ម្ដងទៀត”

ចំណុច​ជជែក​តវ៉ា ពាក់ព័ន្ធ​នឹង​អាណត្តិ​គ្រង​តំណែង​របស់​ប្រធានាធិបតី​នេះ មាន​ដើមកំណើត​មកពី​ការបោះឆ្នោត​ជ្រើសតាំង កាលពី​ឆ្នាំ២០១៥ ដោយ​លោក ចូ​វេ​នេ​ល ម៉​យស៍ បានទទួល​សំឡេងឆ្នោត​ឱ្យ​ឈានចូល​ទៅកាន់​តំណែង ដែល​តម​ក ត្រូវបាន​លុបចោល ដោយសារតែ​ការចោទប្រកាន់​ពី​ការកេងបន្លំ​ការបោះឆ្នោត តែ​បន្ទាប់ពីនោះ នៅ​ឆ្នាំ​បន្ទាប់មក(២០១៦) លោក​បានទទួល​ការជ្រើសតាំង​ម្ដងទៀត។

តាម​ពីក្រោយ​ការបោះឆ្នោត ដែល​កើតមាន​ការវិវាទ​លើក​ក្រោយ​បំផុត ការប្រឆាំង​តវ៉ា​បានទាមទារ​ឱ្យ​លោក​លាឈប់​ពី​តំណែង កាន់​តែមាន​ភាពខ្លាំង​ក្លា​ឡើង ក្នុងអំឡុង​រដូវក្ដៅ​ឆ្នាំ២០១៨។

តាមច្បាប់ ការបោះឆ្នោត​ជ្រើសតាំង​សមា​ជិ​សភា​តំណាងរ​ស្ត្រ, ព្រឹទ្ធសភា, អភិបាលក្រុង និង​មន្ត្រី​ក្នុង​តំបន់ ត្រូវធ្វើឡើង​នៅក្នុង​ឆ្នាំ២០១៨ តែ​ទាំងអស់នោះ ត្រូវបាន​ពន្យារពេល បង្ក​ឱ្យ​កើត​សុញ្ញកាស​ខាង​អំណាច ដូច្នេះហើយ​ទើប​ដោយសារ​ហេតុផល​នេះឯង ធ្វើឱ្យ​លោក​ម៉​យស៍ អះអាងថា ខ្លួន​លោក គួរតែ​ទទួលបាន​សិទ្ធិ ស្ថិតនៅក្នុង​តំណែង​បន្ត ១ឆ្នាំ​ទៀត៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.