អភិបាលខេត្ត​សៀមរាប ៖ផ្លូវ​នៅ​ជនបទ មិនគួរ​រៀប​គម្រោង​សាងសង់​ជា​ផ្លូវ​គ្រួស​ក្រហម​ទៀតឡើយ

សៀមរាប៖មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២១ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី៣ កាលពី​រសៀល​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ​នេះ ឯកឧត្តម ទៀ សីហា  អភិបាលខេត្ត​សៀមរាប បានបង្ហាញ​អំពី​គំនិត​ផ្តួចផ្តើម​មួយ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ​នៅ​ជនបទ ដែល​គួរតែ​ផ្លាស់ប្តូរ​ពី​គម្រោង​សាងសង់​ផ្លូវ​គ្រួស​ក្រហម ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ការថែទាំ​ជួសជុល  មកជា​គម្រោង​កសាង​ផ្លូវ​បេតុង​ជំនួស​វិញ ដែល​ធានាបាន​គុណភាព​ប្រើប្រាស់​ត​យូរអង្វែង​ជាង ដូច្នេះ​បើ​អាចធ្វើ​បាន ចាប់ពី​ឆ្នាំ២០២១នេះ​តទៅ ការប្រើប្រាស់​មូលនិធិ​ឃុំ-សង្កាត់  មិនគួរ​យក​គម្រោង​ស្ថាបនា​ផ្លូវ​គ្រួស​ក្រហម មកប្រើប្រាស់​ទៀត​នោះឡើយ  ។

ឯកឧត្តម  ទៀ សីហា  មានប្រសាសន៍​បន្ថែមថា ការអនុវត្ត​ផែនការ​ថ្មី គឺ​ការកសាង​ផ្លូវ​ប​តុង​នៅ​មូលដ្ឋាន​ជនបទ ដែល​ផែនការ​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​វឌ្ឍនភាព នៃ​ការឆ្លងកាត់​អន្តរកាល​របស់​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ  ចេញពី​ឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ចូលទៅ​កាន់​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច ជាបណ្តើរៗនា​បណ្តា​ឆ្នាំ​ខាងមុខ លើ​វិស័យ​នៃ​ការអភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់​នៅ​ជនបទ ហេតុនេះ​ដើម្បី​ឆ្ពោះទៅរក​ជំហាន​ថ្មី​នេះ ផែនការ​កសាង​ផ្លូវ​ប​តុង​សម្រាប់​មូលដ្ឋាន​ជនបទ បើទោះជា​ស្ថិតក្នុង​លទ្ធភាព​ណាមួយ​ក៏ដោយ តែ​វា​ជា​ជំហាន​គីង្គក់ ត្រូវបាន​ដើរ​ទន្ទឹមនឹង​ការថែទាំ​ផ្លូវ​គ្រួស​ក្រហម​ដែលមាន​ស្រាប់ ដើម្បី​បាន​បន្ត​និរន្តរភាព​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍។

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា សម្រាប់​ការពង្រឹង​លទ្ធភាព គំនិត​ផ្តួចផ្តើម​នេះ នឹងធ្វើ​ដំណើរ​ឈានចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​ត្រូវបាន​ស្ថិតនៅក្នុង​ការគាំទ្រ និង​ស​ម្រួ​ប​សម្រួល​ជាមួយ​ក្រុមការងារ​រប​ស់រាជ​រដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ក្រុង​ស្រុក និង​ភាគី​ពាក់ព័ន្ធផ្សេងៗទៀត​ផងដែរ​ក្នុង​គោលបំណង​ពីរសំខាន់ៗ ដែលជា​ចម្បង​នោះ គឺ ៖ ទី១. ទៅ​ថ្ងៃ​អនាគត មូលដ្ឋាន​ជនបទ​នឹងមាន​បណ្តាញ​ផ្លូវ​គមនាគមន៍​ដែល​ត្រូវបាន​ធានា​គុណភាព និង​ទី២. បាន​កាត់បន្ថយ​ការប្រើប្រាស់​ថវិកា ក្នុងការ​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ដែល​មិន​ធានា​គុណភាព​នោះ  ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.