ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការងារ​គ្រប់គ្រង​ទេសន្តរប្រវេសន៍ លើ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ តាមរយៈ​ការវាយតម្លៃ​របស់​អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ទៅដល់​សមត្ថកិច្ច​ទូទាំងប្រទេស ត្រូវ​បន្ដ​រួបរួមគ្នា​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​ទូទាំងប្រទេស​កម្ពុជា​ដើម្បី​កិច្ចការ​នេះ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត។

ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង «នាពេលថ្មីៗតាម​ព័ត៌មាន​ថា អង្គការសហប្រជាជាតិ បានចាត់ទុក​កម្ពុ​ជាទ​ទួលបាន​ជោគជ័យ ក្នុង​ការងារ​ទេសន្តរប្រវេសន៍។ នេះ​ជា​ជោគជ័យ​មួយ ការគ្រប់គ្រង​ទេសន្ដរប្រវេសន៍​ប្រជាពលរដ្ឋ​យើង​ចេញ​ទៅរក​ការងារ​នៅក្រៅ​ប្រទេស»។

សម្ដេច​ក្រឡាហោម​បាន​លើក​បន្ដថា តាមរយៈ​ការងារ​នេះ​មានន័យថា កម្ពុជា​បានការ​ពារ​ប្រជាពលរដ្ឋ បាន​រួច​ផុតពី​ការជួញដូរ​មនុស្ស។ ប៉ុន្ដែ​ដោយឡែក​តាម​ការវាយតម្លៃ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​វិញ​អោយដឹងថា ការជួញដូរ​មនុស្ស​នៅ​កម្ពុជា នៅតែ​ជាប់​ចំណាត់ថ្នាក់​លេខ២ ដែល​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​គេ។

សម្ដេច​ក្រឡាហោម ក៏បាន​សន្និដ្ឋានថា កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​លេខ២នេះ​គឺមាន​មូលហេតុ​មួយចំនួន ដែល​កម្ពុជា​មិនទាន់បាន​អនុវត្តតាម​សំណើរ និង​សំណូមពរ​របស់​ភាគី​ដៃគូរ ហើយ​បញ្ហា​អំពើ​ជួញដូរ​មនុស្ស ក៏​នាំ​ឲ្យ​គេ​បានចាត់ទុក​កម្ពុជា ជាប់​ចំណាក់​ថ្នាក់​លេខ២ ផងដែរ។

ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា ទោះបី​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ២ ក៏ដោយ សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត ត្រូវ​បន្ដ​អនុវត្ត​ការងារ​អំពើ​ជួញដូរ​មនុស្ស​តាម​គោលការណ៍​ច្បាប់​របស់​ប្រទេស​កម្ពុជា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជា​បន្តទៀត៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.