លោកជំទាវ​រដ្ឋលេខាធិកា​រ ហ៊ុន ដា​នី៖ «ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍»

ព្រៃវែង៖  លោកជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ​តំ​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី  «ស្ត្រី​សហគមន៍ និង​ទេសចរណ៍» ដែល​បាន​ធ្វើឡើង​នៅ​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង។

កម្មវិធី​នេះ​រៀបចំឡើង​នៅ​ថ្ងៃទី០៩  ខែកុម្ភៈ ឆ្នាំ២០២១ក្នុង​គោលបំណង​រំលេច​ឱ្យឃើញ​ពី​តួនាទី​របស់​ស្ត្រី​សហគមន៍​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យមាន​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព ជាមួយនឹង​ការផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សហគម​ន៍​ទេសចរណ៍ ក្នុងការ​ការពារ​និង​បង្ការ​ការចម្លង​នៃ​ជំងឺ​កូ​វីដ-១។

ថ្លែង​ក្នុង​ពិធី​នេះ លោកជំទាវ ហ៊ុន ដា​នី បាន​លើកឡើងថា៖ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ការពង្រឹង​សហគមន៍​ទេសចរណ៍ បាន​ក្លាយជា​ទិសដៅ​រួមមួយ​របស់​សហគមន៍​អាស៊ាន ដែល​បាន​ដាក់ចេញ​កាលពីពេលថ្មីៗនេះ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ជាពិសេស​គឺ​ជំ​រុញឱ្យ​ភ្ញៀវទេសចរ​បាន​ទៅ​ទស្សនា​ដល់​សហគមន៍​ទេសចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ ក៏ដូចជា​តំបន់​ទេសចរណ៍​ជនបទ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ជាង​មុន។

លោកជំទាវ បាន​បន្ថែមទៀតថា ដំណើរការ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍ បាននិងកំពុង​ក្លាយជា​យន្តការ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន តាមរយៈ​ការបង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល ក្នុងនោះ​ស្ត្រី​ក៏បាន​រួមចំណែក​មួយ​ភាគ​ធំ​ក្នុង​ការផ្តល់សេវា​នានា​ក្នុង​សហ​គន៍​ប្រកបដោយ​គុណភាព សម្រាប់​ទ្រទ្រង់​វិស័យ​ទេសចរណ៍។

ជាមួយគ្នានេះ ក្រសួង​តែងតែ​ជំរុញ​លើកទឹកចិត្ត និង​តម្រង់ទិស​ស្ត្រី​សហគមន៍​ឱ្យ​ប្រតិបត្តិ​សកម្មភាព​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ថែរក្សា​ធនធានធម្មជាតិ ប្រពៃណី ជីវភាព​សហគមន៍​ដែលមាន ប្រែក្លាយជា​ការទាក់ទាញ​ទេសចរ​ឱ្យមក​កម្សាន្ត​ដើម្បី​អាច​រក​ចំណូល​បន្ថែម​ពី​សេវា​កម្មនេះ។

លោកជំទាវ ក៏បាន​សំណូមពរ​ផងដែរ​ដល់​ប្រជា​សហគមន៍​ត្រូវតែ​អនុវត្ត​ឱ្យបាន​មុ​ឺ​ង​ម៉ាត់​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​ភ្ញៀវ។ ការ​ជម្នះ​ព្រម​គ្នា​ប្រកបដោយ​ឆន្ទ:ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩នេះ នឹង​នាំឱ្យ​យើង​សុខសាន្ត។

សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី តំបន់​បឹង​ស្នេហ៍ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ២០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ។ សហគមន៍​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៣៦គ្រួសារ  ក្នុងនោះ​មាន​ស្ត្រី​ចំនួន៥៥៧នាក់​ផងដែរ។ បច្ចុប្បន្ន សហគមន៍​នេះ​បាននិងកំពុង​អភិវឌ្ឍបណ្តើរៗពី​សហគមន៍​អភិរក្ស​សត្វ​ស្លាប ទៅជា​សហគមន៍​អេកូ​ទេសចរណ៍៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.