ភ្នំពេញ៖  សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​កូ​វីដ១៩ គឺមាន​គុណភាព និង​ប្រសិទ្ធ​ភាពល្អ នឹង​មិនមាន​បញ្ហា​អ្វី​ទាំងអស់ ពីព្រោះ​សម្ដេច​បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ នៅសល់តែ ១០ថ្ងៃ​ទៀត​តែប៉ុណ្ណោះ គឺមាន​រយៈពេល​មួយខែ​ហើយ។

ការបញ្ជាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បន្ទាប់ពី​សម្ដេច​អញ្ជើញ​ចុះទៅពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ជូន​ដល់​មន្ត្រី​ឥស្សរជន​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ការចាក់​សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ចាក់​វ៉ាក់សាំង​ជូន​កងទ័ព ហើយ​យើង​មាន​មោទនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​កង​ខេមរៈភូមិន្ទ​បានទទួល​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូ​វីដ១៩  ជូន​ដល់​កងទ័ព។ ប៉ុន្តែ​បើទោះបីជា​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ក្តី​ក៏​កម្ពុជា​នៅតែ​បង្កើន​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នេះដែរ ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា នៅថ្ងៃនេះ​ដែលជា​ថ្ងៃ​យុទ្ធនាការ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ។ ហើយ​ការចាក់​នេះ​គឺជា​ការការពារ​ខ្លួន​មួយកម្រិត​ទៀតផង​ដែរ ។ ការដែល​យើង​ទទួលបាន​វ៉ាក់សាំង​ចាក់​ចូលទៅក្នុង​ខ្លួន​របស់​យើង​គឺជា​ការ​កក់ក្តៅ​មួយ​ដែរ ពីព្រោះ​កូ​វីដ១៩ វា​អត់​មាន​ស្រមោល​ឬ​សំឡេង​នោះទេ មិនដឹង​មកពី​ខាង​ណា នឹងមិន​បានប្រកាស​ឲ្យ​ដឹង​ជាមុន​ទេ ហេតុនេះហើយ​មានតែ​ការការពារ​ទេ​គឺជា​ការចាំបាច់​ណាស់ ។ ហើយ​វ៉ាក់សាំង​នេះ​នឹង​បង្កើន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួន​របស់​យើង​នៅពេលដែល​ចាក់​វា​ទៅ ។

សម្ដេច​ពិជ័យ​សេនា ទៀ​បាញ់ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា សម្ដេច​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នេះ​រួចហើយ​នៅសល់តែ ១០ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​គ្រប់​មួយខែ ។ ហើយ​មុន​ដែល​សម្ដេច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​ក៏មាន​អ្នកមួយ​ចំនួន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​មុន​សម្ដេច​ទៀត ។ ហើយ​នៅពេលដែល​សម្ដេច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​ទៅ​គឺ​ឃើញថា​មានគុណ​ភាពល្អ ហើយ​នៅពេល​ចាក់​ទៅ​គឺ​មិនមាន​បញ្ហា​អ្វី​ទាំងអស់នេះ ។ ចំណែក​មនុស្ស​មួយចំនួន​ដែល​នៅ​ជុំវិញខ្លួន​សម្ដេច​ក៏បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នេះហើយ​ដែរ ។ ចំពោះ​សម្ដេច​និង​មនុស្ស​នៅ​ជុំវិញខ្លួន​សម្ដេច​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​គឺ​ឃើញថា​មានគុណ​ភាព​និង​ប្រសិទ្ធ​ភាពល្អ     នឹង​មិនមាន​បញ្ហា​អ្វី​ទាំងអស់ ។

ជាមួយគ្នានេះ​សម្ដេច​ពិជ័យ​សេនា ទៀ​បាញ់ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដែល​បានផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ ឥស្សរជន​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ការពារ​កុំអោយ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.