អង់គ្លេស នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​របស់​ពិភពលោក ដែល​អនុញ្ញាត​ឱ្យមាន​អ្នកស្ម័គ្រចិត្ត ឆ្លង​មេរោគ​កូ​វីដ-១៩ ដើម្បី​ដំណើរការ​ទៅមុខ ក្នុង​ការងារ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៧ កុម្ភៈ ម្សិលមិញ​ថា រដ្ឋបាល​អង់គ្លេស បាន​ថ្លែងថា អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​អនុញ្ញាតឱ្យ​អ្នក​ស្ម័គ្រ សាកល្បង​ឆ្លង​មេរោគ​វីរុស​កូ​វីដ-១៩ ដើម្បី​ដំណើរការ​ទៅមុខ ក្នុងការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ ដោយ​ការសាកល្បង​នេះ នឹង​ចាប់​ផ្ដើមឡើង​នៅក្នុង​ខែ​នេះ ដោយ​ប្រើប្រាស់​អ្នកស្ម័គ្រចិត្ត​សាកល្បង ចំនួន ៩០នាក់ ដែលមាន​សុខភាព​ល្អ អាយុ​ចន្លោះ​ពី ១៨-៣០ឆ្នាំ ធ្វើឱ្យ​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្នុង​សភាព​បរិស្ថាន​ដែលមាន​សុវត្ថិភាព និង​គ្រប់គ្រង​បាន ដើម្បី​បង្កើន​ការយល់ដឹង កាន់តែ​ច្រើនឡើង អំពី​វិធី​ការ ដែល​មេរោគ​វីរុស​បង្ក​ផលប៉ះពាល់​ចំពោះ​មនុស្ស និង​ដើម្បីឱ្យ​ការសាកល្បង មាន​សុវត្ថិភាព​កាន់តែខ្លាំង​ឡើង។

មេរោគ​វីរុស​ក្លាយ​ពូជ ដែល​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​អង់គ្លេស តាំងពី​ខែមីនា ឆ្នាំកន្លងមក​នោះ នឹងត្រូវ​នាំយកមក​ប្រើប្រាស់​ក្នុងការ​សាកល្បង ជំនួស​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩។

ការសាកល្បង នឹង​ចាប់ផ្ដើម​នាំយក​មេរោគ​វីរុស​ក្នុង​ចំនួន​តិច​បំផុត ចាក់​ចូលទៅក្នុង​ខ្លួន​មនុស្ស ដើម្បីឱ្យ​កើតមាន​ការឆ្លង​មេរោគ ដូច្នេះ​អ្នកស្ម័គ្រចិត្ត នឹងត្រូវ​បានទទួល​វ៉ាក់សាំង មុន​ការសាកល្បង​ឆ្លង​មេរោគ។ ក្រៅពីនោះ អ្នកស្ម័គ្រចិត្ត នៅបាន​ទទួល​ប្រាក់​សំណង សម្រាប់​ការសាកល្បង​ស្រាវជ្រាវ​ក្នុង​គ្រានេះ​ទៀតផង។

លោក Kwasi Quarteng រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​អង់គ្លេស បាន​ថ្លែងថា ការសាកល្បង​នេះ នឹង​ជួយ​ដល់​ការរក​វ៉ាក់សាំង ដែល​ល្អ​បំផុត និង​មាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ។

អង្គភាព​ពិសេស​ដោយឡែក​ផ្នែក​វ៉ាក់សាំង​របស់​រដ្ឋបាល​អង់គ្លេស, ស្ថាប័ន Imperial College London, The Royal Free London NHS Foundation Trust និង​ក្រុមហ៊ុន hVIVO បាន​សហការគ្នា​ធ្វើ​ម៉ូ​ដែល​សាកល្បង ដើម្បី​ការសិក្សា​ស្រាវជ្រាវ​លើក​នេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា
#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.