ភ្នំពេញ៖ ការវិនិយោគ​លើ​កសិឧស្សាហកម្ម​ផ្នែក​ចម្ការ​ឈើ​ដាំ​ជា​រឿង​ថ្មី​នៅ​កម្ពុជា តែ​ការវិនិយោគ​នេះ​ត្រូវបាន​អ្នកជំនាញ​ផ្នែក​បរិស្ថាន​និង​ព្រៃឈើ​មើលឃើញថា​វា​ជា​ដំណើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​របស់​កម្ពុជា​នៅក្នុង​ការបង្កើត​ជម្រើស​ថ្មី​លើ​ការប្រើប្រាស់​ឈើ​ប្រកបដោយ​និរន្តរភាព បង្កើត​ការងារ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ព​ល​រដ្ឋ​នៅតាម​ជនបទ និង​ចូលរួម​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ និង​ការពារ​បរិស្ថាន។

លោក Run Peng Wei អ្នកជំនាញ​បច្ចេកទេស​ដាំ​កូនឈើ​របស់​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថេ​ក បានឱ្យដឹងថា​ចម្ការ​ឈើ​ដាំ​ជិត ៥០០០ ហិកតា ដែល​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថិ​ក បាន​ដាំ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ​នៅលើ​ផ្ទៃដី ៣៤០០៧ ហិកតា​ដែល​ខ្លួន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ពី​រាជរដ្ឋាភិបាល គឹជា​ក្តីសង្ឃឹម​ថ្មី​របស់​កម្ពុជា​លើ​ការវិនិយោគ​លើ​កសិឧស្សាហកម្ម​ចម្ការ​ឈើ​ដាំ ហើយ​គេ​ជឿជាក់ថា កម្ពុជា​នឹង​អាច​បោះជំហាន​ទៅមុខ​ដោយ​ស្វាហាប់​លើ​វិស័យនេះ និង​ឆ្ពោះទៅរក​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​លើ​វិស័យ​ចម្ការ​ឈើ​ដាំ។

លោក Run Peng Weiបន្តថា​ការបង្កើត​ចម្ការ​ឈើ​ដាំ​មិន​ត្រឹមតែ​កាត់បន្ថយ​សម្ពាធ​នៃ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​នោះទេ ថែមទាំង​ផ្តល់​ការងារ​យ៉ាងច្រើន​ជូន​ប្រជាពលរដ្ឋ។ បើតាម​អ្នកជំនាញ ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​ដែល​នៅ​សេសសល់​សម្រាប់ធ្វើ​ការដាំ​ឈើ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នានា ដី​សហ​ការដាំ​ដើមឈើ​ជាមួយ​រដ្ឋ​យ៉ាងតិច ២លាន​ហិច​តា ដែល​អាច​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ពី៧០ ទៅ៨០ ម៉ឺន​នាក់។

អ្នកជំនាញ​រូបនេះ​បាន​ជំរុញឱ្យមាន​ការយក ចិត្ត​ទុកដាក់​កាន់តែខ្លាំង​ថែមទៀត​លើ​ការវិនិយោគ​ចម្ការ​ឈើ​ដាំ​នៅ​កម្ពុជា​ព្រោះ​វា​នឹង​ផ្តល់​ផលប្រយោជន៍ ច្រើន​ដល់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក Run Peng Wei បាន​ថ្លែងថា​សម្រាប់​ទិន្នផល​មួយ​ហិកតា​នៃ​ចម្ការ​ឈើ​ដាំ គឺអាច​ប្រមូលបាន​ទំហំ ១៥០ម៉ែត្រគូប ប៉ុន្តែ​សម្រាប់​គុណភាព​ដើម​ប្រេងខ្យល់​ដែល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អុ​ថេ​កដាំ​បាន​នេះ គឺអាច​ទទួល​ទិន្នផល​អាច​លើសពី ១៥០ម៉ែត្រគូប​ក្នុង​មួយ​ហិកតា។ បន្ថែម​ពីនេះ បើតាម​តម្លៃនៅលើទីផ្សារ​បច្ចុប្បន្ន​នេះ​អាចមាន​តម្លៃ​ចាប់ពី ៤០ដុល្លារ ឬ​អាច​ឡើងដល់ ៦០ ដុល្លារ ទៅតាម​តម្រូវ​ទីផ្សារ​ក្នុងពេល​អនាគត។

លោក Run Peng Wei បាន​បន្តថា ក្រោយពី​ផលិត និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ក្រុមហ៊ុន​ក៏បាន​សំឡឹងមើល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ដូចជា​ប្រទេស​ចិន កូរ៉េ​ជាដើម។ល។ លោក​បាន ឱ្យដឹងថា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ដែល​នៅជាប់​ប្រទេស​កម្ពុជា ប្រទេសនីមួយៗមាន​ចម្ការ​ឈើ​ដាំ​ប្រមាណ ៦០ ម៉ឺន​ហិ​កា​ដែល​លក់បាន​ទឹកប្រាក់​ចំណេញ​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

ទាក់ទង​នឹង​ការវិនិយោគ​ចម្ការ​ឈើ​ដា​នេះ  មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​មន្ត្រី​និង សហគមន៍​តំបន់ការពារធម្មជាតិ អាជ្ញាធរ យុវជន​ប្រមាណ​ជាង ៣០០នាក់​ទៅ​ទស្សនកិច្ច​ចម្ការ​ឈើ​ដាំ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បាន​ថ្លែង​អបអរសាទរ​ចំពោះ​ភាព ជោគជ័យ​នៃ​ការដាំ​ចម្ការ​ឈើ​របស់​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ​ដែល​ដាំ​រួមមាន​ដើម​ប្រេងខ្យល់ ដើម​ម៉ៃសាក់​និង​ប្រភេទ​ឈើ​ផ្សេងទៀត​មានការ​រីកលូតលាស់​បាន​ល្អ។ ឯកឧត្តម​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា ការវិនិយោគ​លើ​ចម្ការ​ឈើ​ដាំ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធានធម្មជាតិ ដែល​កម្ពុ​ជាមាន​នាពេល​បច្ចុប្បន្ន និង​អាច​លក់​តួនាទី​របស់​ព្រៃឈើ​ដែល​បាននិងកំពុង​ថែរក្សា​ក្នុង​ក្របខណ្ឌ​ឥណទាន​កាបូន ថែម​ទៀតផង។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​និង​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែម ទៀត​លើ​ចម្ការ​ឈើ​ដាំ ក៏ដូចជា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សិក្សា​ពី​ផលប្រយោជន៍​នៃ​ចម្ការ​ឈើ​ដាំ រួម​នឹង​ការ សហការ​ណាមួយ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​ដើម្បី​ពង្រីក​ចម្ការ​ឈើ​ដាំ​នៅ​កម្ពុជា។

ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​គូសបញ្ជាក់ថា សារៈប្រយោជន៍​នៃ​ចម្ការ​ឈើ​គឺ​គេ​អាច​យក​ផល​មកប្រើប្រាស់​កែច្នៃ​បាន​ច្រើនយ៉ាង។ ចម្ការ​ឈើ​ដាំ​នេះ​គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​ដែល​ឈើ​ទាំងអស់នេះ គឺ​នឹង​ជំនួស​ការប្រើប្រាស់​ឈើ​ធម្មជាតិ ហើយ​យើង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការការពារ និង​អភិរក្ស​ឈើ​ធម្មជាតិ​ដែលមាន​ឱ្យបាន​គង់វង្ស។ ចម្ការ​ឈើ​ដាំ​ដែល​បាននិងកំពុង​រីកដុះដាល​នៅ​កម្ពុជា​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​វត្ថុធាតុដើម​ឈើ​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព នៅក្នុង​ស្រុក ខណៈ​ធនធានធម្មជាតិ ព្រៃឈើ បាន​ដើរតួនាទី​យ៉ាងសំខាន់​ចូលរួម​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី សម្រាប់​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក។ ការវិនិយោគ​ទៅលើ​ចម្ការ​ឈើ​ដាំ គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​សម្ពាធ​ទៅលើ​ធម្មជាតិ​ពីព្រោះ​បច្ចុប្បន្ននេះ នៅលើ ពិភពលោក និន្នាការ​នៃ​ការប្រើប្រាស់​ឈើ​ធម្មជាតិ គឺមាន​ការធ្លាក់ចុះ ប្រជាពលរដ្ឋ​ចាប់ផ្តើម​យល់ដឹង​អំពី ផលប៉ះពាល់​ដែល​ពាក់ព័ន្ធ​ជាមួយនិង​បរិស្ថាន​នៅពេលដែល​ប្រើប្រាស់​ឈើ​ធម្មជាតិ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.