បាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង និងគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះសិក្សាវាយតម្លៃផលប៉ះពាល់ការខូចខាតសំណង់ បណ្តាលមកពីអគ្គិភ័យឆាប់ឆេះផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញតាមរចនាបថដើម។

ក្រោយពីមានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យតូបចំនួន ៣២តូប ក្នុងចំណោម ៥៥១តូប ខូចខាតទាំងស្រុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃខេត្តបាត់ដំបង បានខិតខំរៀបចំកន្លែងលក់ដូរ ក៏ដូចជាសណ្តាប់ធ្នាប់ ការធ្វើអនាម័យ និងលាងសម្អាត ជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយ ជូនបងប្អូនដែលជាអាជីវកររងគ្រោះ ឆាប់បានប្រកបរបររបស់ខ្លួនឡើងវិញ ។

សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំបាត់ដំបង នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៣៦ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ ផ្សារណាត់នេះក៏ត្រូវបានគេចាត់ទុកថា ជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ ៕
ប្រភព AKP