ភ្នំពេញ៖  នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ដោយមាន​ការចូលរួម ក្រុមការងារ​បច្ចេកទេស​ក្រសួង តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី ពាក់ព័ន្ធ​ផងដែរ។

ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យមើល​គុណភាព និង​វឌ្ឍនភាព​នៃ​ការសាងសង់​ថា​តើ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់​ដែរ​ឬ​យ៉ាងណា និង​លើសពីនេះ​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​អនុសាសន៍ បន្ថែម​ដល់​ភាគី​សាងសង់ ដែល​អាច​ធានា​ដល់​ការសាងសង់​ផ្លូវ​បាន​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ហើយ​គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៧២,១៧ គីឡូម៉ែត្រ ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦ គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ២២ ពី​អូរ​ចំបក់ ដល់ អង្គតាសោម មាន​ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ។

ការស្ថាបនា​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​ខាងលើ ចែកចេញជា​បី​ផ្នែក រួមមាន៖ ផ្នែក​ទី១- កំណាត់​ផ្លូវជាតិ​លេខ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន មាន​ប្រវែង ៤,៣៤គីឡូម៉ែត្រ ដែល​នឹងត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២០ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជា​បួន​គន្លង (២គន្លង​ទៅ ២គន្លង​មក) ខ័​ណ្ឌ​ដោយ​គំនូស​ចែក​ទ្រូងផ្លូវ។ ចិញ្ចើមផ្លូវ​សង ខាង​ទទឹង ០,៥ម៉ែត្រ ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង ២,៥ម៉ែត្រ ប្រព័ន្ធ​រំដោះ​ទឹក បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន។

ផ្នែក​ទី២- កំណាត់​ផ្លូវជាតិ​លេខ២ ចាប់ពី​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២០,៥០ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មាន​បួន​គន្លង (២គន្លង​ទៅ ២គន្លង​មក) រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង​សរុប ១៤ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៥ម៉ែត្រ ខ័​ណ្ឌ​ដោយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បំពាក់​ផ្លាកសញ្ញា​ច​រា ចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំ ជន។

ផ្នែក​ទី៣- កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ចាប់ពី​រង្វង់​មូល​កួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹងផ្លូវ​រហូត​ដល់ ១៣ម៉ែត្រ ដោយ​ក្រាល បេតុង​កៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជា​ពីរ​គន្លង (១គន្លង​ទៅ ១គន្លង​មក) ក្នុងនោះ​រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ​ទទឹង​សរុប ៧ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៦ម៉ែត្រ ខ័​ណ្ឌ​ដោយ គំនូស​ចែក​ទ្រូងផ្លូវ សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅតាម​ទីប្រជុំជន បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នេះ​គ្រោង​ចំណាយ​ថវិកា ៥៦,១លាន​ដុល្លា​សហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ថិ​វ​កា​បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ គម្រោង​នេះ សាងសង់​ដោយ​យ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់​រយៈពេល៣០ខែ គឺ​ពី​ខែតុលា ឆ្នាំ២០១៩ ដល់​ខែមេសា ឆ្នាំ២០២។

សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២ និង២២  គិត​ត្រឹម​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន២៧,១០%ហើយ។

ថ្លែង​ទៅកាន់​តំណាង​ក្រុមហ៊ុន​សាងសង់​ក៏ដូចជា​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្នុងអំឡុងពេល​នៃ​ការចុះពិនិត្យ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រសួង​អាច​ចរចា​រយៈពេល​នៃ​ការសាងសង់​បាន ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវគោរព​និង​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បានជា​ដាច់ខាត​ដើម្បី​ធានា​គុណភាព​រឹងមាំ​របស់​ផ្លូវ និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​ចំណេញ​ពេលវេលា​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.