សម្តេច​តេ​ជោ ហ៊ុន សែន  អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ១៩ឆ្លង​សហគមន៍២០កុម្ភៈ

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ពាក់ព័ន្ធ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី ដែល​សម្តេច​តេ​ជោ​បានដាក់​ប្រសិទ្ធ​នាម​ថា ជា​ករណី​ឆ្លង​សហគមន៍២០កុម្ភៈ ហើយ​ក្រសួង​បាន​រកឃើញ​ឆ្លង​សហគមន៍​រហូតដល់៣២ករណី។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​ឆ្លង​ចូល​សហគមន៍ រហូតដល់​ចំនួន៣២ករណី។ សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញ​កូ​វីដ១៩ថ្មី​នេះ ជា​ព្រឹត្តិការណ៍​អាក្រក់​និង​ធ្ងន់ធ្ងរ ដែល​យើង​ត្រូវតែ​បង្កើន​ការការពារ​បន្ថែមទៀត។

ពាក់ព័ន្ធ​ទៅនឹង​ការ​ឮ​ឆ្លង​ចូល​សហគមន៍ ២០កុម្ភៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​បទបញ្ជា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន៦ចំណុច​ដូចតទៅ៖

១-សម្តេច​តេ​ជោ​ស្នើសុំ​ការយោគយល់​ពី​អ្នក​ធុរកិច្ច និង​ការ​ស្នាក់ការ​នៅ​របស់​ពលរដ្ឋ ដែល​តម្រូវឱ្យ​មានការ​បិទ​អគារ ក្លឹប​កម្សាន្តN8  និង​តំបន់​មួយចំនួន​ដែល​ផ្ទុះ​ករណី​កូ​វីដ១៩ ជា​ចាំបាច់ ដោយ​មិន​អនុញ្ញាត​អោយចេញ-ចូល លើកលែងតែ​អ្នក​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​តំបន់​នោះ គឺ​អោយចូល តែ​មិន​អនុញ្ញាត​អោយចេញ ។

២- បន្ត​យក​សំណាក​ធ្វើតេស្ត​សម្រាប់​អ្នក​នៅក្នុង​តំបន់​មាន​ផ្ទុះ​កូ​វីដ១៩ ហើយ​បន្ទាប់ពី​ធ្វើតេស្ត​ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ថ្ងៃ ដែល​ចំនួន​នៃ​ការធ្វើ​តេស្ត​អាច​នឹងមាន​ចំនួន​ច្រើន។

៣- អាជ្ញាធរ​ត្រូវ​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទោះ​ទៅដល់​ទីណា​ក៏ដោយ ដើម្បី​ស្វែងរក​មក​ធ្វើតេស្ត នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ។

៤- ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ និង​ត្រូវយក​សំណាក​របស់​ពួកគាត់​មក​ធ្វើតេស្ត​ផងដែរ

៥- សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទាំងអស់ និង​ពាក់ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​កូ​វីដ១៩ ទាំង៣២នាក់​នេះ ម្ចាស់ការ​មកឱ្យ​ពិនិត្យ​សំណាក​ជា​ចាំបាច់​បំផុត។

៦- សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ពលរ​ដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​ក្នុងការ​អនុវត្ត​វិធានការ៣ការពារ និង៣កុំ ឲ្យ​បានជា​ប់លាប់​ល្អ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ទាក់ទង​ទៅនឹង​ការផ្ទុះ​នៃ​ព្រឹត្តិការណ៍២០ កុម្ភៈ​នេះ សម្តេច​តេ​ជោ មិនទាន់​ចេញ​បញ្ជា​បិទ​ពិធីមង្គលការ សាលារៀន ឬ​កន្លែង​ផ្សេងទៀត ប៉ុន្តែ​សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​វិធានការ «៣ការពារ ៣កុំ» នេះ​ឲ្យ​បានល្អ​ប្រសើរ។

សម្តេច​តេ​ជោ ជំរុញ​ឲ្យ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​ទាំងអស់ ហើយ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បានល្អ​ប្រសើរ ហើយ​បើ​ប្រជាពលរដ្ឋ គ្មាន​ការចាំបាច់ សូមកុំ​ចេញពីផ្ទះ។

ទោះជា​មានការ​ផ្ទុះ​នៃ​ព្រឹត្តិការណ៍ ២០កុម្ភៈ​នេះ​ក៏ដោយ សម្តេច​តេ​ជោ​មិន​លុបចោល​កម្មវិធី​ចូលរួម​សន្និបាត​ក្រសួងមហាផ្ទៃ និង​សម្ពោធ​សណ្ឋាគារ​ហៃ​យ៉ា​ត់ នៅក្នុង​សប្តាហ៍​ក្រោយនេះ​នោះទេ​នោះទេ។ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំ​កុំឱ្យ​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​ខែមេសា​ខាងមុខនេះ ព្រោះ​នឹងត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក មិនបាន​ចូលឆ្នាំ​នឹង​គេ​ទេ។

សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍២០កុម្ភៈ នឹងត្រូវ​បិទ​បញ្ចប់​នៅ​អំឡុងពេល១ខែ នៅពេល​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត​វិធានការ​ទាំងអស់គ្នា​ដោយ​យកចិត្តទុកដាក់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.