ឌ
ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០– រសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទមានដូចជា នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្និងភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អ។ ព្រោះតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ខុសប្លែកពីមន្ត្រីរាជការស៊ីវិលដទៃទៀត នៅពេលរដូវបុណ្យទានពួកគាត់បានឈប់សម្រាកជួបជុំក្រមគ្រួសារ ដោយឡែកកងកម្លាំងរបស់យើង និងក្រុមគ្រូពេទ្យ ជាអ្នកត្រៀមលក្ខណៈជួយការពារសន្តិសុខ និងជួយពិនិត្យ ព្យាបាលអ្នកជំងឺដោយបែងចែកវេនប្រចាំការ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា យើងត្រូវបង្កលក្ខណៈឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើង ព្រោះខេត្តរបស់យើងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូនយ៉ាងមមាញឹក។ ដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដោយការទទួលខុសត្រូវអនុវត្តន៍តាមតួនាទីឱ្យបានខ្ជាប់ខ្ជួន កាលណាភ្ញៀវទេសចរមកកេងកម្សាន្តខេត្តយើងច្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងក៏កាន់តែល្អប្រសើរ ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការស្នើសុំដល់កងកម្លាំងប្រដាប់អាវុធក៏ដូចជាមន្ត្រីសុខាភិបាល ពិសេសប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទី១.ត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺ Covid -១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។ ទី២.បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រដ្ឋបាល ខេត្ត-ក្រុងបានដាក់ធុងសំរាមនៅតាមតំបន់ឆ្នេរ និងទីប្រជុំជន ហើយការងារនេះជាការងារសង្គមរបស់យើងទាំងអស់គ្នា។ ទី៣.ប្រសិនបើមានចំណុចអសកម្មណាមួយកើតឡើងសូមទំនាក់ទំនងទៅកងកម្លាំងសមត្ថកិច្ចរបស់យើង ដែលកំពុងឈរជើងនៅតាមចំណុចគោលដៅ ដើម្បីចាត់ចែងដោះស្រាយបានទាន់ពេលវេលា ដូចជាមាន ករណីមានការគំរាមកំហែងសន្តិសុខ លួច ឆក់ជាដើម ។ ទី៤. ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូន និងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីសុខាភិបាល និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ២.៣០៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ៕