គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប​សម្រេចបាន ១៨%

សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី២២កុម្ភៈ​នេះ បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប និង​ជួបពិភាក្សា​ការងារ​បច្ចេកទេស​សាងសង់​ជាមួយ​អង្គភាព​សាងសង់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប។ បើតាម​របាយការណ៍ គម្រោង​សាងសង់​ផ្លូវ​ទាំង ៣៨ខ្សែ​នេះ សម្រេចបាន ១៨% ហើយ។

ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ ដើម្បី​តាមដាន​វាយតម្លៃ​បញ្ហា​បច្ចេកទេស​សាងសង់ និង​ក្រើនរំលឹក​ឱ្យ​អង្គភាព​សាងសង់​ទាំងអស់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​បច្ចេកទេស​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក៏ដូចជា​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកកខ្វក់​ដែល​អាច​ធានាបាន​គុណភាព​ល្អ​អាច​ប្រើប្រាស់​បានយូរ​អង្វែង កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​ខាតបង់​ពេលវេលា​ផងដែរ។ សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​ការដ្ឋាន ក៏​ជា​បញ្ហា​ដែល​ត្រូវបាន​យកចិត្តទុកដាក់​ផងដែរ។

ក្រសួង​សាធារណការ​បាន​បង្កើត​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សុវត្ថិភាព សុខភាព​សាធារណៈ និង​ការអភិរក្ស​ជីវចម្រុះ។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សាធារណការ និង​ដឹកជញ្ជូន វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គិត​ត្រឹម​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេច​លទ្ធផល​ការងារ​បាន ១៨% ហើយ។

គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន ៣៨ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង ៣៨នេះ ដោយ​ចំណាយពេល​សាងសង់​ចំនួន ១៣ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពីពេលថ្មីៗកន្លងទៅនេះ។

គម្រោង​នេះ​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្ម​លេខ ១៧៨ស្ពាន-ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យ​លើ លក្ខណៈ​បច្ចេកទេស​សាងសង់ និង​ការ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ នៃ​ស្តង់ដា​បច្ចេកទេស ធានា បាន​នូវ គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​មាន ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា។

បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​ស្ថាបនា​ផ្លូវ ៣៨ខ្សែ​នេះ ក្រោយ​ស្ថាបនា​រួច នឹង​អាច​ប្រែក្លាយ​ទីក្រុង​សៀមរាប​ទៅជា​ទីក្រុង​ទំនើប ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ លើកកម្ពស់​សោភ័ណភាព​ក្រុង​ឱ្យ​ស័​ក្កិ​សមជា​ទីក្រុង​ទេសចរណ៍​ផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.