សៀមរាប៖  «គម្រោង​រៀបចំ​ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត» ជា​គម្រោង​ដ៏​សំខាន់​មួយ​ដើម្បី​រៀបចំ​បរិស្ថាន​ប្រាសាទ បង្កើត​សោភ័ណភាព​ប្រាសាទ ទេសភាព​វប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្ម​ទេសចរណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាពល្អប្រសើរ។

នៅក្នុង​តំបន់​មុខ​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត​នេះ ក៏មាន​គ្រឹះ​ប្រាសាទបាយក្អែក ទួល​បុរាណ ថ្នល់​បុរាណ និង​ស្រះ​ទឹក​បុរាណ​ជាច្រើន ដែលជា​គោលដៅ​ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា ដើម្បី​លើក​តម្លៃ​បុរាណ​ដ្ឋា​ន ហើយ​ស្វែងយល់​ឱ្យ​ច្បាស់​អំពី​សំណល់​បុរាណ និង​វិសាលភាព​មត៌ក​វប្បធម៌​បុរាណ។

ជាក់ស្តែង​នៅ​ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​ដំណើរការ​ជួសជុល​ពង្រឹង​គ្រឹះ​ប្រាសាទបាយក្អែក​ដែល​រង​ការខូចខាត​ដោយសារ​អាយុកាល កង្វះ​ការថែទាំ សល់​តែ​គ្រឹះ គ្មាន​រូបរាង​ច្បាស់លាស់ និង​ផ្ទាំង​ថ្ម​រាយប៉ាយ ឱ្យមាន​រូបរាង​ល្អប្រសើរ​ឡើងវិញ តាម​សំណល់​សំណង់​បុរាណ​ដែល​នៅ​សេសសល់ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់​ការគោរព​បូជា​និង​កិច្ចការ​ស្រាវជ្រាវ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ផង។

លោក ស្រ៊ុន តិច បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទបាយក្អែក​និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា យើង​ប្រើ​ពលករ​ជំនាញ៦នាក់​និង​រយៈពេល៥ឬ៦ខែ​អាច​នឹង​ជួសជុល​ប្រាសាទ​នេះ​រួចរាល់ ព្រោះ​បានធ្វើ​កំណាយ​ស្រាវជ្រាវ​រួចហើយ​កាលពី​ឆ្នាំ២០២។ តាម​លទ្ធផល​ស្រាវជ្រាវ គឺ​ឃើញ​ប្រាសាទ​មាន​ទំហំ៣ម៉ែត្រ​បួន​ជ្រុង ឃើញ​កម្រាល​ឥដ្ឋ ដែលមាន​រន្ធ​សរសរ​បញ្ឈរ​ទំហំ​អង្កត់ផ្ចិត២០សង់ទីម៉ែត្រ ក្បឿង និង​នាងច្រាល​មួយចំនួន។ ដូច្នេះ​តាម​ការសន្និដ្ឋាន​បឋម គឺ​ប្រាសាទ​នេះ​មាន​រោង​ទោង​ឈើ បែរមុខ​ទៅ​ទិស​ខាងជើង​ដែល​ខុសពី​ប្រាសាទ​ដទៃ​សំដៅ​ទៅរក​អ័ក្ស​ផ្លូវ​ចូលទៅ​ប្រាសាទអង្គរវត្ត។ ចំពោះ​រូបរាង​ប្រាសាទ​ទាំងមូល យើង​មិនអាច​រៀបចំ​បាន​ពេញលេញ​ទេ ព្រោះ​គ្មាន​ជញ្ជាំង បាន​ត្រឹម​រៀបចំ​ខឿន ស៊ុមទ្វារ ហោរ​ជាង​ពីលើ ហើយនឹង​យក​ជើង​ទម្រ​លិង្គ​ដាក់​ក្នុង​ប្រាសាទ​ឡើងវិញ។

លោក ស្រ៊ុន តិច បន្តថា យោងតាម​តាម​ការតម្កល់​ជើង​ទម្រ​លិង្គ គឺ​ប្រាសាទ​នេះ​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ប៉ុន្តែ​មិនអាច​កំណត់ថា​ប្រាសាទ​នេះ​កសាងឡើង​ក្នុង​សតវត្ស​រ៍ណា មាន​អាយុកាល​ប៉ុន្មាន រចនាបថ​អ្វី​ឡើយ ដោយសារ​ពុំមាន​ក្បាច់ចម្លាក់​អ្វី​ទាំងអស់​អាច​កត់សម្គាល់​បាន សូម្បី​សរសរ​ពេជ្រ​ក៏​គ្មាន​ក្បាច់ចម្លាក់​សម្គាល់​ដែរ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​លើក​ត​ម្លៃ​ដល់​បុរាណ​ដ្ឋា​ន​ជាច្រើន​នៅក្នុង​រមណីយដ្ឋាន​អង្គរ មិនមែន​តែ​ប្រាសាទ​គ្រឹះ​ប្រាសាទបាយក្អែក​ប៉ុណ្ណោះ​ទេ គឺមាន​បុរាណ​ដ្ឋា​ន​ដទៃទៀត​ដូចជា ត្រពាំង​សេស ទួល​បុរាណ និង​ផ្លូវ​បុរាណ​ចេញពី​អ័ក្ស​ភ្នំ​បាខែង​ក៏ត្រូវ​បាន​ជួសជុល​និង​លើក​តម្លៃ​ដែរ ព្រោះ​វា​ជា​ចំណុច​សំខាន់​ក្នុងការ​ទាក់ទាញ​ទេសចរ ក៏ដូចជា​កេរមត៌ក​ដូនតា​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភពលោក​ឱ្យនៅ​គង់វង្ស​យូរអង្វែង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.