ជប៉ុន៖ មាន​ប្រជាជន​ជប៉ុន ចំនួន​មិនតិច​ទេ ដែល​បាន​បដិសេធ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដូច្នេះហើយ​ទើប​រដ្ឋបាល​ជប៉ុន បានប្រកាស​ចេញ​គោលការណ៍​ថ្មី​មួយ​ថា នឹង​ផ្ដល់​សំណង​ជា​ប្រាក់​ដ៏​ច្រើន បើ​កើតមាន​គ្រោះថ្នាក់​ណាមួយ ដែល​បណ្ដាលមកពី​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ នេះ។

កាលពី​ថ្ងៃទី២១ កុម្ភៈ វេ​ប​សាយ Soranews24 បាន​រាយការណ៍​ព័ត៌មាន​មួយ​ថា រដ្ឋបាល​ជប៉ុន បានចេញ​គោលការណ៍​ថ្មី​មួយ ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន នាំគ្នា​ចេញមក​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើនឡើង ដោយសារតែ​កាលពី​សប្ដាហ៍​កន្លងទៅ ជប៉ុន​បានចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង​កូ​វីដ-១៩ ដែល​អាច​និយាយបានថា ជាការ​ចាក់ ដែល​យឺតយ៉ាវ​ជាង​ប្រទេស​អភិវឌ្ឍន៍ផ្សេង…អាច​ដោយសារតែ​រដ្ឋបាល​ជប៉ុន បាន​ព្យាយាម​យ៉ាងខ្លាំង​ក្លា ក្នុងការ​ដំណើរការ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង ឱ្យមាន​របៀប​ខ្លាំង​បំផុត តាម​ដែល​អាច​ធ្វើបាន ដោយមាន​ការចាត់​លំដាប់​លេខ​រៀង​ការចាក់​វ៉ាក់សាំង​យ៉ាង​មាន​របៀប​ខ្លាំង​បំផុត។

យ៉ាងណាក្ដី ភាព​សាកល្បង​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​នេះ បានប្រែក្លាយ​ទៅជា​ការធ្វើ​ឱ្យ​ប្រជាជន ខំព្យាយាម​យ៉ាងខ្លាំង ក្នុងការ​គេចវេះ​ពី​ការចាក់​វ៉ាក់សាំង​ទៅវិញ ដែល​នេះ អាច​និយាយបានថា ជា​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្តខ្លាំង​បំផុត នេះ​ដោយសារតែ​ជប៉ុន ជា​ប្រទេសមួយ ដែល​ប្រជាជន​គ្រប់រូប​ត្រៀម​រួចជាស្រេច ក្នុងការ​ពាក់​ម៉ាស់​អនាម័យ​ការពារ និង​ក្ដី​ភ័យខ្លាច​ពី​ផលប៉ះពាល់​របស់​វ៉ាក់សាំង បាន​ស្ថិតក្នុង​ទស្សន​គតិ​របស់​មនុស្ស​ទូទៅ ធ្វើឱ្យ​ស្ថិតិ​អ្នក​ទៅ​ទទួលយក​វ៉ាក់សាំង មាន​ចំនួន​ទាប​បំផុត។

ទោះជា​នៅក្នុង​ប្រទេស​ជប៉ុន ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយធំ កាល​ឆ្នាំ២០១៨ ជិត​ប្រហាក់ប្រហែល​នឹង​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ក្នុង​ឆ្នាំ២០២០ ក៏ដោយ តែ​អត្រា​ការចាក់​វ៉ាក់សាំង ក៏​នៅតែ​ទាប​ជាង ដោយសារតែ ប្រជាជន​ចំនួន​ដ៏​ច្រើន នៅ​ព្រួយបារម្ភ​ថា ការចាក់​វ៉ាក់សាំង អាចមាន​ផលប៉ះពាល់ ដែល​អាក្រក់​ខ្លាំង​ជាង​ការរង​គ្រោះ​ដោយ​ជំងឺ។

របាយការណ៍​ថ្មី​បំផុត ក្រសួងសុខាភិបាល ពលកម្ម និង​សុខុមាលភាព របស់​ប្រទេស​ជប៉ុន បានឱ្យដឹងថា រដ្ឋបាល​នឹង​ផ្ដល់ប្រាក់​សំណង ចំនួន ៤៤លាន​យ៉េន (ប្រមាណ​ជាង ៤០ម៉ឺន​ដុល្លារ​អាមេរិក) ជូន​ក្រុមគ្រួសារ​របស់​បុគ្គល​ណាក៏ដោយ ដែល​ស្លាប់​ដោយសារ​វ៉ាក់សាំង​កូ​វីដ-១៩ បូករួម​ទាំង​ការចាយវាយ​ក្នុងការ​រៀបចំ​ពិធី​បុណ្យសព​ដែលមាន​តម្លៃ​ខ្ពស់​ដល់​ទៅ ២០៩ ០០០យ៉េន (ប្រមាណ ២ ០០០ដុល្លារ​អាមេរិក)ទៀតផង និង​បើ​មាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​វ៉ាក់សាំង​វិញ​នោះ នឹងមាន​ការសង​សំណង​ជា​ប្រាក់​ជូន ក្នុង ១ឆ្នាំ ៥លាន​យ៉េន (ប្រមាណ​ជិត ៥ម៉ឺន​ដុល្លារ​អាមេរិក)។

គោលការណ៍​នេះ ថែមទាំង​គ្របដណ្ដប់​ដល់​ការចាក់​វ៉ាក់សាំង​គ្រប់​ប្រភេទ​ទៀតផង មិនមែន​ចំពោះតែ​វ៉ាក់សាំង​កូ​វីដ-១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ គោលការណ៍នេះ បែរជា​មិនមាន​ការទទួល​ដឹងឮ អំពី​ប្រជាជន​ឡើយ ទើប​មានការ​ព្យាយាម​ក្នុងការ​ផ្សព្វផ្សាយ នៅតាម​បណ្ដាញ​ព័ត៌មាន​កាន់តែ​ញឹកញាប់​ឡើង កាលពី​អំឡុង​ចុង​សប្ដាហ៍​កន្លងទៅ។

តែ​យ៉ាងណាក៏ដោយ មានការ​ជជែក​តវ៉ា​ថា តើ​នឹង​ដឹងបាន​ដោយ​របៀប​ណា​ថា អ្នកស្លាប់​នោះ បាន​ស្លាប់​ដោយសារ​ផលប៉ះពាល់​របស់​វ៉ាក់សាំង​ពិតមែន? និង​តើ​មាន​អ្វី​ជាការ​បញ្ជាក់?  ដោយហេតុ​នេះហើយ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅក្នុង​ប្រទេស​ជប៉ុន មិន​ពេញចិត្ត​ក្នុង​ការផលិត​វ៉ាក់សាំង​ក្នុងប្រទេស​ប៉ុន្មាន​ឡើយ ដោយសារ​តែមាន​ភាព​ប្រឈម​ខាង​ហិរញ្ញវត្ថុ រួមទាំង​ភាពមិនច្បាស់លាស់ របស់​ផលប៉ះពាល់​របស់​វ៉ាក់សាំង ដែលមាន​សញ្ញា​ថា​នឹង​ក្លាយជា​ផលប្រយោជន៍​ដល់​ជនរងគ្រោះ​នៅក្នុង​តុលាការ​ទៀតផង។

ខណៈពេល​ជាមួយគ្នា រដ្ឋបាល​ជប៉ុន បាន​ព្យាយាម​បញ្ចុះបញ្ចូល ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​ក្នុងប្រទេស​ជប៉ុន ឱ្យ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ដោយ​នឹង​កាត់បន្ថយ​ការទទួលខុសត្រូវ នៅពេល​មាន​បញ្ហា​កើតឡើង តែ​យ៉ាងណាក្ដី ទោះជា​ក្រោយពី​ជនរងគ្រោះ បាន​ទួល​ប្រាក់​សំណង​ពី​រដ្ឋាភិបាល​ហើយ​ក្ដី ក៏​ជនរងគ្រោះ នៅមាន​សិទ្ធិ​ក្នុងការ​ដំណើរ​ខាង​ផ្លូវច្បាប់ ទៅលើ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ទាំងនោះ​ទៀត​ដែរ។

ប្រធានបទ​ទាំងអស់នេះ បានបង្ហាញ​ឱ្យឃើញថា មូល​ហេតុដែល​ធ្វើឱ្យ​ប្រទេស​ជប៉ុន មាន​ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ​ជាង​ប្រទេស​អភិវឌ្ឍន៍​ឯទៀត​នោះ គឺអាច​ដោយសារតែ ការ​ព្រួយ​កង្វល់​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​ហ្នឹងឯង ព្រោះ​ប្រទេស​ជប៉ុន ផ្ដល់​ភាព​សំខាន់​ទៅលើ​ប្រជាជន មុនអ្វីៗទាំងអស់។

យ៉ាងណាក៏ដោយ មិន​ច្រើន ក៏​តិច​ដែរ គោលការណ៍​ខាងលើ ក៏​អាច​ទាក់ទាញ​ឱ្យ​ប្រជាជន​មកចាក់​វ៉ាក់សាំង​បាន​ច្រើនឡើង​ដែរ ដែល​បង្ហាញឱ្យឃើញថា រដ្ឋបាល​ជប៉ុន ជឿជាក់​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង​ខ្លាំង​គ្រប់គ្រាន់ សម្រាប់​ការបង់ប្រាក់​សំណង​ឱ្យទៅ​ប្រជាជន នៅពេល​កើតមាន​ផលប៉ះពាល់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.