រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​នាយទាហាន និង​ពលទាហាន នៅ​រាជធានី​ភ្នំពេញ

 

 

(ភ្នំពេញ)៖ នា​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

មុនពេល​ចូលទៅ​កាន់​សាល​ប្រារព្ធ​ពិធី​គណៈអធិបតី ព្រមទាំង​គណប្រតិភូ​អមដំណើរ ក៏បាន​អញ្ជើញ​ទស្សនា​ហេដ្ឋារចនាសម្ព័ន្ធ និង​ការសម្តែង​ក្បាច់គុណ របស់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ប្រកបដោយ​ចំណាប់អារម្មណ៍​ខ្ពស់ គ្រប់ៗគ្នា។

 

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​រាយការណ៍​ជូន​គណៈអធិបតី ដោយ​សង្ខេបត្រួសៗពី​វឌ្ឍនៈភាព សកម្មភាព និង​បទពិសោធន៍​ការងារ ដែល​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក ដោយ​ភ្ជាប់​ជាមួយ​ការចាក់​បង្ហាញ​នូវ វីដេអូ​ឯកសារ​ស្តីពី​សកម្មភាព​ជាក់ស្តែង មាន​ខ្លឹមសារ​ជារួម ផ្តោត​សំខាន់​លើ​ការបំពេញភារកិច្ច​ចម្បង​ចំនួន០៤ ក្នុងពេល​តំណាលគ្នា​នោះ​គឺ៖

ទី១៖ ការរួមចំណែក​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការចូលរួម​ទប់ស្កាត់​បដិវត្ត​ពណ៌ ប្រកបដោយ ជោគជ័យ។

ទី២៖ ការគ្រប់គ្រង ដឹកនាំ និង​កសាង​អង្គភាព ដោយ​ផ្តោតលើ កត្តា​មនុស្ស និង កត្តា​សម្ភារៈ

ទី៣៖ ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស

និង​ទី៤៖ ការជួយ​សង្គ្រោះ​បម្រើ​ពលរដ្ឋ និង​សង្គម។

 

ក្រោយពី​បាន​ស្តាប់​របាយការណ៍​រាយ​ការ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង រួចមក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ ចំពោះ​រាល់​ស្នាដៃ​ដែល កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សម្រេចបាន និង​មានមតិ​សំណេះសំណាល សួរសុខទុក្ខ​កងកម្លាំង ព្រមទាំង​បាន​ឡើង​ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជាពិសេស​ការរីកចម្រើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ត​ភ្ជាប់​ពី​រាជធានី​ទៅ​ទី​រួម​ខេត្ត និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងរាជអាវុធហត្ថ ដែល​បាន​ចូលរួម​សហការ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​ទប់ស្កាត់​ក៏ដូចជា​បង្ក្រាប ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច និង​ខាតបង់​ថវិកាជាតិ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ សំដៅ​បង្កលក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស ឱ្យក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥។

 

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​នាំយក​នូវ​ថវិកា និង​សម្ភារៈ​គ្រឿងឧបភោគ​ជាច្រើន​មុខ ផ្តល់ជូន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អំណោយ​សួរសុខទុក្ខ ដែល​រួមមាន៖

* ទឹក​ស៊ី​អ៉ី​វ ២០០យួរ

* ទឹកត្រី ២០០យួរ

* ទឹក​សុទ្ធ ៣០០កេស

* មី​ជាតិ ៣០០កេស

* ត្រី ខ ៣០កេស

* អង្ករ ០៥តោន

* ម៉ាស៊ីន​កុំ​ព្យូ​រ​ទ័​រលើ​តុ (Desktop) ២០គ្រឿង

* ម៉ាស៊ីន ព្រី​ន​ធឺរ (Printer) ២០គ្រឿង

* ថវិកា សម្រាប់​កសាង​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២០,០០០ $ និង

* ថវិកា សម្រាប់​ជូន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០ រៀល បន្ទាប់ពី​គណៈអធិបតី បានប្រគល់​សម្ភារៈ​ថវិកា​រួចរាល់ កម្មវិធី​ក៏បាន​បញ្ចប់​ដោយ​ភាព​អឹកធឹក និង​ស្និទ្ធស្នាល​ក្រៃលែង៕

Related Posts

Leave a Reply

Your email address will not be published.