កម្ពុជា-UN បើក​កិច្ចប្រជុំ គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី “មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី២” តាម​ប្រព័ន្ធ​វីដេអូ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង នា​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​ចូលរួម​សហការ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី “មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី២” ជាមួយ​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ ដែលមាន​សមាសភាព​ចូលរួម​ពី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និង​អង្គការ UNIDO ភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) និង​តំណាង​យុវជន។

ចំពោះ​របៀបវារៈ​នៃ​កិច្ចប្រជុំ​គឺ៖

–  ពិនិត្យមើល​វឌ្ឍនភាព និង​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​នៃ​កម្មវិធី​ក្នុង​ឆ្នាំ​ទី១ នៃ​ដំណាក់កាល​ទី២ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ

–  ពិភាក្សា និង​អនុម័ត​ផែនការ​សកម្មភាព​រប​ស់កម្ម​វិធី​សម្រាប់​ឆ្នាំ ២០២១

–  ពិភាក្សា និង​អនុម័ត​គោលការណ៍​ណែនាំ​នៃ​ការគ្រប់គ្រង​មូលនិធិ​សម្រាប់​គម្រោង​នវានុវត្តន៍

យុទ្ធសាស្ត្រ​ថ្មី

–  ស្វែងយល់​ពី​លទ្ធផល​នៃ​ការវាយតម្លៃ​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​បន្ទាន់​សម្រាប់​កម្មករនិយោជិត និង​ជំនាញ​នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១។

នៅក្នុង​កិច្ចប្រជុំ​នេះ សហប្រធាន​បានធ្វើការ​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ដៃគូ​អនុវត្ត​កម្មវិធី​រួមគ្នា​ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​គួរ​ជាទី​មោទនៈ​ក្នុង​ឆ្នាំ​ទី១ នៃ​ដំណាក់កាល​ទី២នេះ ទោះបី​មានការ​រំខាន​ដោយសារ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ-១៩ ក៏ដោយ។

តាមរយៈ​ការ​រួមដៃគ្នា​ជាមួយ​ដៃគូ​រដ្ឋាភិបាល និង​ដៃគូ​អនុវត្ត​ទាំងអស់ កម្មវិធី​រួមគ្នា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​កំណត់​រក​មធ្យោបាយ​ថ្មី ផ្លាស់ប្តូរ​វិធីសាស្ត្រ​អនុវត្ត​សកម្មភាព ស្វែងរក និង​លើកកម្ពស់​ដំណោះស្រាយ​នវានុវត្តន៍ ដូចជា​កម្មវិធី​ប្រកួតប្រជែង​គម្រោង​នវានុវត្តន៍ ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​ជំនាញ ហើយក៏​ជា​កម្មវិធី​លើក​ទី១នៅ​កម្ពុជា ដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ធ្វើ​ទំនើបកម្ម​ផ្នែក​សិក្សា អប់រំ​បណ្តុះបណ្តាល មុខរបរ និង​ការងារ​របស់​យុវជន។

សហប្រធាន​ក៏បាន​អំពាវនាវ​ដល់ដៃ​គូ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​បង្កើត​គម្រោង​ប្រកួតប្រជែង​ន​វា​នុ​វត្តថ្មីៗបន្ថែមទៀត ដើម្បី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កម្មវិធី​អប់រំ បណ្តុះបណ្តាល តាមបែប​ឌីជីថល​និង​ចម្រុះ  បង្កើត​ភាពជា​ដៃគូថ្មីៗជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ប្រកបដោយ​នវានុវត្តន៍ និង​បង្កើត​ឱកាស​ក្នុងការ​បង្រួម​គម្លាត រវាង​អ្នកទទួលផល​ពី​ឌីជីថល​វូប​នីយកម្ម និង​ក្រុម​ងាយ​រងគ្រោះ។

ជា​លទ្ធផល អង្គ​ប្រជុំបាន​ឯកភាពគ្នា​ទៅលើ​កិច្ចការងារ​បន្ត​មួយចំនួន​ផង ជាអាទិ៍៖ អនុសាសន៍​និង​ដំណោះស្រាយល្អៗ ក្នុង​ការស្តារ​ស្ថានភាព​មុខរបរ និង​ការងារ​របស់​យុវជន​ក្រោយ​វិបត្តិ​កូ​វីដ-១៩ អនុម័ត​លើ​ផែនការ​សកម្មភាព​រប​ស់កម្ម​វិធី​សម្រាប់​ឆ្នាំ២០២១ និង​អនុម័ត​លើ​គោលការណ៍​ណែនាំ​នៃ​ការគ្រប់គ្រង​មូលនិធិ​សម្រាប់​គម្រោង​នវានុវត្តន៍​យុទ្ធសាស្ត្រ​ថ្មី៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.