ពិភពលោក៖ ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី​កូ​វីដ-១៩ បាន​ថយចុះ ១១% ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​មកដល់​ថ្ងៃទី២១កុម្ភៈ ដែល​អាច​និយាយបានថា ជាការ​ថយចុះ ៦សប្ដាហ៍ជាប់ៗគ្នា តែ​យ៉ាងណាក្ដី នៅក្នុង​ជ្រុង​មួយទៀត ការប្រគល់-ទទួល​វ៉ាក់សាំង ក្រោម​គ្រោងការ Covax ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ទើបនឹង​បានប្រគល់​ដល់ដៃ​ប្រទេស​ហ្គា​ណា ជា​ប្រទេស​ដំបូង​គេ កាលពី​ថ្ងៃ​ពុធ ទី២៤កុម្ភៈ ម្សិលមិញ​នេះឯង។

អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ (ទី២៣កុម្ភៈ)ថា បានទទួល​របាយការណ៍ អ្នក​ឆ្លង​មេរោគ​ថ្មី​ទូទាំង​ពិភពលោក ២,៤លាន​នាក់ និង​ស្លាប់​បន្ថែម ៦៦ ០០០នាក់ ក្នុង​សប្ដាហ៍​ដល់​ថ្ងៃទី២១កុម្ភៈ។ តួលេខ​នេះ បាន​បង្ហាញថា ចំនួន​អ្នក​ឆ្លង​ជំងឺ​ថ្មី បាន​ថយចុះ ១១% និង​អ្នកស្លាប់​ថ្មី ក៏​ថយចុះ ២០% ដែរ កាលពី ១សប្ដាហ៍​មុននេះ។

ទិន្នន័យ​នេះ បានធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​ទូទាំង​ពិភពលោក កើនឡើង​ដល់ ១១០,៧លាន​នាក់ និង​ស្លាប់​ច្រើនជាង ២,៤លាន​នាក់ ចាប់តាំងពី​មានការ​រាតត្បាត​ដ៏​ធំ នៃ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ផ្ទុះឡើង។

សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស ដែលមាន​អ្នក​ឆ្លង​មេរោគ​ថ្មី ច្រើន​បំផុត​ក្នុង​ពិភពលោក តាម​ដោយ​ប្រទេស​ប្រេ​ស៊ី​ល បារាំង រុស្ស៊ី និង​ឥណ្ឌា តែ​យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ប្រទេស​ជាច្រើន បាន​ជូនដំណឹង​មក​ថា ករណី​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ជារួម បាន​ថយចុះ ទោះ​ជាមាន​របាយការណ៍ រកឃើញ​ការឆ្លង​រាលដាល​របស់​មេរោគ​ក្លាយ​ពូជ កើន​ច្រើនឡើង​ក៏ដោយ។

អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​បន្តថា មេរោគ​ក្លាយ​ពូជ B.1.1.7 ដែល​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស មកដល់ពេលនេះ បាន​រកឃើញ​នៅក្នុង ១០១ប្រទេស​ទូទាំង​ពិភពលោក​ហើយ ចំណែក​មេរោគ​ក្លាយ​ពូជ​ប្រភេទ B.1.351 ដែល​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង មកដល់ពេលនេះ បាន​រកឃើញ​នៅក្នុង ៥១ប្រទេស​ហើយ រីឯ​មេរោគ​ក្លាយ​ពូជ B.1.1.28.1 ដែល​ចម្លង​រាលដាល​តិចជាងគេ និង​ត្រូវបាន​រកឃើញ​លើកដំបូង នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​ជប៉ុន ពេលនេះ ត្រូវបាន​រកឃើញ​នៅក្នុង ២៩ប្រទេស​ហើយ។

សេចក្ដីថ្លែងការណ៍​ពាក់ព័ន្ធ​ទិដ្ឋភាព​រួម នៃ​ការឆ្លង​រាលដាល​ចុងក្រោយ​បំផុត​នេះ កើតមានឡើង ក្នុងខណៈដែល​ប្រទេស​ហ្គា​ណា បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ តាមរយៈ​គ្រោងការ Covax របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ តាម​សេចក្ដីថ្លែងការណ៍​រួម ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ យូ​នី​សេ​ហ្វ ប្រចាំ​ប្រទេស​ហ្គា​ណា និង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​ហ្គា​ណា។

ទំនិញ​ដែល​ប្រកបដោយ វ៉ាក់សាំង​របស់ អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំនួន ៦០០ ០០០ដូ​ស បានធ្វើ​ដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ ខូ​តូ​កា ក្នុង​ទីក្រុង​អាក់​ក្រា ទីក្រុង​ចម្បង របស់​ប្រទេស​ហ្គា​ណា ដោយ​ជើងហោះហើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេ​មី​រេ​ត​ស៍ នៅវេលា​ម៉ោង ៧,០០ នៃ​ព្រឹក​ថ្ងៃ​ពុធ (ទី២៤កុម្ភៈ)

សេចក្ដីថ្លែងការណ៍​រួម បាន​បញ្ជាក់ថា វ៉ាក់សាំង ១ឈុត​នោះ ផលិត​ដោយ​ស្ថាប័ន​សេរ៉ូម របស់​ប្រទេស​ឥណ្ឌា និង​ជា​ផ្នែក​មួយ​របស់​វ៉ាក់សាំង​កូ​វីដ-១៩ ឈុតដំបូងៗ ក្រោម​គ្រោងការ Covax ដែល​តម្រង់​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ទាប ដល់​កម្រិត​មធ្យម។

សូម​ជម្រាប​ដែរ​ថា Covax គឺជា​គ្រោងការ​មួយ ដែល​សម្ព័ន្ធមិត្ត​អន្តរជាតិ រួមគ្នា​បង្កើតឡើង ដើម្បី​ផ្ដល់នូវ​ការទទួលបាន​វ៉ាក់សាំង យ៉ាង​ស្មើភាព​គ្នា គ្រប់​ប្រទេស ដោយ​កន្លងមក បណ្ដា​ប្រទេស​អ្នកមាន​ទាំងឡាយ ត្រូវបាន​ចោទប្រកាន់ថា បាននាំគ្នា​ប្រមូល​ទិញ​វ៉ាក់សាំង និង​ទុកចោល​ប្រទេសផ្សេងៗទៀត​នៅក្នុង​ទ្វីបអាហ្វ្រិក ឱ្យ​ស្ថិតនៅ​លំដាប់​ចុងក្រោយ​គេ​ក្នុង​គ្រោង​ការចាក់​វ៉ាក់សាំង។ ទាំងអស់នេះ បើ​ប្រៀបធៀប​ជាមួយ​ភូមិភាគផ្សេងៗទៀត ប្រទេស​នានា​នៅក្នុង​ទ្វីបអាហ្វ្រិក ចាប់ផ្ដើម​ធ្វើ​គ្រោង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ហាក់ដូចជា​យឺតយ៉ាវ​ជាងគេ ដោយ​មានតែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ដែល​បានចាប់ផ្ដើម​គ្រោងការ​នេះ​រួចហើយ។

លោក ថេ​ដ្រូ​ស អាត់​ហា​ណូ​ម កេ​ប្រេ​យេ​ស៊ុ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​បញ្ជាក់ថា “យើង​មិនអាច​បញ្ឈប់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ នៅទីណា​មួយ​បានទេ រហូត​ទាល់តែ​យើង​បញ្ឈប់​វា នៅ​គ្រប់​ទីកន្លែង…ថ្ងៃនេះ ជា​ជំហាន​ដំបូង​ដ៏​សំខាន់ ក្នុងការ​ធ្វើឱ្យ​ទស្សនវិស័យ​របស់​យើង ខាង​ការទទួលបាន​វ៉ាក់សាំង​យ៉ាង​ស្មើភាព​គ្នា ឈានឆ្ពោះ​ទៅរក​ការពិត…តែ​ពេលនេះ វា​ទើបតែ​ចាប់ផ្ដើម​ប៉ុណ្ណោះ”

លោក​បន្ថែមថា “យើង​នៅមាន​ការងារ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ រួមជាមួយ​រដ្ឋាភិបាល​នានា និង​បណ្ដា​អ្នក​ផលិត​ទាំងឡាយ ដើម្បី​ធានាថា វ៉ាក់សាំង​សម្រាប់​ធនធានមនុស្ស​ខាង​វេជ្ជសាស្ត្រ និង​មនុស្ស​ចាស់ កំពុង​តម្រង់​ឆ្ពោះ​ចូលទៅក្នុង​គ្រប់​ប្រទេស ក្នុងអំឡុងពេល ១០០ថ្ងៃ​ដំបូង​នៃ​ឆ្នាំនេះ”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.