កម្ពុជា​នឹងធ្វើ​ហាត់​សម​ត្រៀម​ពិធី​បើក-បិទ​ស៊ី​ហ្គេម ឆ្នាំ២០២៣

 

 

(ភ្នំពេញ)៖ គណៈកម្មការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹង​រៀបចំ​យុទ្ធនាការ​ហ្វឹកហាត់​ត្រៀម​ពិធី​បើក-បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ឆ្នាំ២០២១ ខាងមុខ ដោយ​គ្រោង​បញ្ចូល​ក្រុម​អ្នកស្ម័គ្រចិត្ត​ចូលរួម​ហាត់​សម​ប្រមាណ ១ម៉ឺន​នាក់​ឯណោះ។

 

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​កាលពីថ្មីៗថា ពិធី​បើក និង​បិទ​ស៊ី​ហ្គេម គឺជា​កម្មវិធី​ដ៏​សំខាន់​ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ ត្រូវ​យកចិត្តទុកដាក់ ក្នុងនោះ​កម្ពុជា ក៏​ត្រៀម​ធ្វើការ​ហ្វឹកហាត់ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ២០២១ ខាងមុខ ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។

 

លោក​ថា ការហ្វឹកហាត់​ទៀតសោត គឺ​ត្រូវការ​អ្នកស្ម័គ្រចិត្ត​ច្រើន អាច​ឈានដល់​ក្បែរ ១ម៉ឺន​នាក់ តែ​ការហ្វឹកហាត់​បែងចែក​ជាក្រុមៗ រហូតដល់​ពេលវេលា​ស​ម​ស្រប​មួយ ទើប CAMSOC រៀបចំ​យុទ្ធនាការ​ហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង ក្នុង​ពិធី​បើក-បិទ​ស៊ី​ហ្គេម ដែល​នឹងត្រូវ​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក។

 

សូមបញ្ជាក់ថា ស៊ី​ហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជា បានកំណត់​កាលបរិច្ឆេទ​រួចហើយ ដោយ​នឹង​ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃទី០៥ ខែឧសភា និង​ពិធី​បិទ គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី១២ ចាប់ពី​ថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ បន្ដទៀត​ដែរ៕

Related Posts

Leave a Reply

Your email address will not be published.