ជប៉ុន៖ ក្រុមគ្រូពេទ្យ​ជប៉ុន បាន​រកឃើញថា អ្នក​ដែល​ធ្លាប់​ឆ្លង​មេរោគ​កូ​វីដ-១៩រួចហើយ នឹង​នៅតែមាន​សេសសល់​អាការ​ខាង​សុខ​ភាពជា​ច្រើនយ៉ាង ដូចជា អស់កម្លាំង​ល្វើយ ពិបាក​ដកដង្ហើម ជ្រុះ​សក់ និង​មិនសូវ​ទទួល​ដឹង​ពី​ក្លិន និង​រសជាតិ​ប៉ុន្មាន​ឡើយ។

ក្រុមគ្រូពេទ្យ នៅក្នុង​ប្រទេស​ជប៉ុន បាន​ដាស់តឿន​ថា មាន​ប្រជាជន​ជប៉ុន​ចំនួន​ដ៏​ច្រើន ជាពិសេស​ក្រុមមនុស្ស​ដែលមាន​អាយុ​តិចជាង ៤០ឆ្នាំ នៅពេល​ឆ្លង​មេរោគ​កូ​វីដ ទោះជា​មិនមាន​ចេញ​អាការ ឬ​មាន​អាការស្រាលៗក៏ដោយ តែ​នៅពេល​ជាសះស្បើយ​ពី​ជំងឺ​នេះហើយ បែរជា​នៅតែមាន​បញ្ហា​ខាង​សុខភាព​ក្នុង​រយៈពេល​វែង​ទៅវិញ។

ស្ត្រី​វ័យ ៣០ឆ្នាំ​ម្នាក់ ដែល​ធ្វើការ​នៅក្នុង​មណ្ឌល​ព្យាបាល និង​ថែទាំ​ជំងឺ បាន​ឆ្លង​មេរោគ​កូ​វីដ កាលពី​ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ បាន​ប្រាប់ថា ការទទួល​ដឹង​ក្លិន និង​រសជាតិ​អាហារ​របស់​នាង មិនបាន​កើតមានឡើង​វិញ​ដូច​មុន​ឡើយ ទោះជា​រូបនាង បានជា​សះស្បើយ​ពី​ជំងឺ​នេះ យូរ​ជាង ២ខែ​ហើយ​ក៏ដោយ។ នាង​បាន​ទៅ​ជួប​លោកគ្រូ​ពេទ្យ រួមទាំង​បាន​ប្រើ​ឱសថ​បុរាណ​ទៀតផង តែ​អាការ​ទាំងនោះ មិនបាន​ល្អប្រសើរ​ឡើង​ឡើយ រាល់ថ្ងៃនេះ នាង​មាន​បញ្ហា​ក្នុងការ​បរិភោគ​អាហារ ព្រោះ​មិនអាច​ទទួល​ដឹង​ពី​រសជាតិ ដូច​កាលពី​ពេលមុន​ឈឺ​ឡើយ។

មជ្ឈមណ្ឌល​សុខភាព និង​កិច្ចការ​វេជ្ជសាស្ត្រ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន បានធ្វើ​ការសាកសួរ​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ កាលពី​ឆ្នាំទៅ (២០២០) និង​បច្ចុប្បន្ន បានជា​សះស្បើយ​ហើយ ចំនួន ៦៣នាក់ និង​បាន​រកឃើញថា មាន​ជាច្រើន​នាក់ មាន​អាការ​នឿយ​ល្វើយ ដកដង្ហើម​មិន​ស្រួល មិនសូវមាន​ការដឹង​ក្លិន និង​រសជាតិ​អាហារ ចំណែក​អ្នក​ខ្លះទៀត មាន​អាការ​ជ្រុះ​សក់​យ៉ាងច្រើន ដោយ​អាការ​ទាំងនេះ នឹង​នៅតែមាន​បែប​នោះ យូរ​ដល់​ទៅ ៤ខែ ក្រោយពី​ជា​ពី​ជំងឺ​ហើយ តែ​អ្នក​ខ្លះទៀត ក៏​នៅតែមាន​រោគសញ្ញាខ្លះៗនៅឡើយ ទោះបីជា​សះស្បើយ​ពី​ជំងឺ​ដ៏​អាក្រក់​នេះ យូរ​មកហើយ​ក៏ដោយ ហើយ​ខណៈ​នេះ បណ្ដា​ក្រុមគ្រូពេទ្យ​ជំនាញ នៅ​មិនទាន់​ដឹង និង​រកឃើញ ពី​វិធី​ព្យាបាល​អាការ​សេសសល់​ទាំងនោះ​នៅឡើយ។

មន្ទីរពេទ្យ ហ៊ី​រ៉ា​ហាតៈ នៅក្នុង​ប្រទេស​ជប៉ុន បានធ្វើ​ការសាកសួរ​អតីត​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រមាណ​ជា ៧០០នាក់ បាន​រកឃើញថា ៩៥% ប្រាប់ថា នៅមាន​អាការ​នឿយ​ល្វើយ, ៨០% មាន​អាការ​ពិបាកចិត្ត​ដោយ​គ្មាន​មូលហេតុ និង​មាន​អារម្មណ៍​សោកសៅ ហើយ​សមត្ថភាព​ក្នុងការ​រិះគិត​បាន​ធ្លាក់ចុះ។ ការសាកសួរ​ព័ត៌មាន​នេះ ថែមទាំង​បាន​រកឃើញ​ទៀតថា ៣០% នៃ​អ្នក​ដែល​នៅមាន​អាការ​សេសសល់​ក្រោយពី​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែលមាន​អាយុប្រមាណ ៤០ឆ្នាំ និង​ជិត ៥០% ជា​មនុស្សពេញវ័យ ដែលមាន​អាយុ​មិន​លើស ៣០ឆ្នាំ ជាពិសេស​មនុស្ស​ស្រី នៅមាន​អាការ​សេសសល់​បែបនេះ ច្រើនជាង​មនុស្ស​ប្រុស ដល់​ទៅ ១,៤ដង(ជិត ២ដង)។

គ្រូពេទ្យ បាន​សន្និដ្ឋានថា ទាំងអស់នេះ វា​អាចជា​អាការ ដែល​គេ​ហៅថា Cytokine Storm ជា​ប្រតិកម្ម​ដែល​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​របស់​រាងកាយ បានធ្វើការ​ទប់ទល់​យ៉ាងខ្លាំង​ក្លា​ជាមួយ​មេរោគ រហូត​ទៅ​បំផ្លាញ​អវយវៈ​ដែល​នៅ​ល្អ​ផ្សេងទៀត ដែល​នេះ អាចជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​នៃ​ការ​នៅមាន​អាការ​សេសសល់ ក្រោយ​ឆ្លង​មេរោគ​កូ​វីដ-១៩។

មាន​ឧទាហរណ៍ របស់​អ្នកជំងឺ​ម្នាក់ ដែល​ត្រូវ​ក្លាយខ្លួនជា​អ្នកជំងឺ​ដេក​ស្តឹក​នៅលើ​គ្រែ ក្រោយពី​ខំប្រឹង​បញ្ចេញ​កម្លាំង​ហាត់ប្រាណ ដើម្បី​នឹក​សង្ឃឹមថា នឹង​បាន​ស្ដារ​រាងកាយ​ឡើងវិញ ក្រោយ​ការឆ្លង​មេរោគ​កូ​វីដ-១៩ តែ​អតីត​អ្នក​ឆ្លង​មេរោគ រូបនោះ មិនអាច​ត្រឡប់​ទៅធ្វើ​ការ​វិញ​បានឡើយ…ដូច្នេះហើយ ទើប​គ្រូពេទ្យ​ណែនាំ ឱ្យ​អ្នក​ដែល​ទើប​ឆ្លង​ផុតពី​ការឆ្លង​មេរោគ ត្រូវ​ផ្អាក ឬ​តម​ធ្វើការ​ហាត់ប្រាណ​មួយរយៈ។

ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ប្រទេស​ជប៉ុន ថែមទាំង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ដាស់តឿន ឱ្យ​សា​ធារ​ជន បានដឹង​ផង​ថា អ្នក​ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ ទោះបីជា​ជាសះស្បើយ​ហើយក៏​ដោយ ក៏​នៅ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ក្នុង​រយៈពេល​វែង​ទៀត​ដែរ ដោយសារ​តែមាន​មនុស្ស​ចំនួន​មិនតិច​ទេ ជាពិសេស​យុវវ័យ នៅតែ​មិន​ខ្វល់ខ្វាយ និង​មិន​ភ័យខ្លាច ចំពោះ​ការ​ប្រឈម​ក្នុង​ការឆ្លង​មេរោគ​ឡើយ ព្រោះ​គិតថា “ឆ្លង​បាន ក៏​ជា​វិញ​បានដែរ”៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.