អាមេរិក៖ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៥កុម្ភៈ) បាន​បញ្ជា​ឱ្យ​កងទ័ព​អាមេរិក បើក​ការវាយប្រហារ​ខាង​អាកាស​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី កម្ទេច​សំណង់​អគារផ្សេងៗដែល​ខាង​មន្ទីរ​បញ្ច​កោណ​បញ្ជាក់ថា ជា​របស់​ក្រុម​ឧទ្ទាម​អ្នក​ប្រយុទ្ធ ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ជាការ​ឆ្លើយតប​នឹង​ហេតុការណ៍ បាញ់​កាំជ្រួច​វាយប្រហារ​មូលដ្ឋានផ្សេងៗរបស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ។

ហេតុការណ៍​វាយប្រហារ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​មុនគេ​នេះ មើលទៅ​ហាក់ដូចជា​ដំណើរការ​ក្នុង​ដែន​កំណត់ និង​មាន​ភាព​ប្រឈម​កម្រិត​ទាប ក្នុងការ​បង្ក​ឱ្យ​ស្ថានការណ៍​រី​ល​រាលដាល​ធំ។

ការសម្រេចចិត្ត​របស់​លោក​បៃ​ដិ​ន ក្នុងការ​ចាប់ផ្ដើម​វាយប្រហារ​ចំពោះតែ​ប្រទេស​ស៊ី​រី មិន​រួម​ប្រទេស​អ៊ីរ៉ាក់​នេះ យ៉ាងហោចណាស់​ក៏​ពេលនេះ បាន​ជួយ​ឱ្យ​រដ្ឋាភិបាល​ក្នុង​ប៊ែ​ក​ឌែ​ត ធូរស្រាល​ចិត្តបាន​ខ្លះ​ដែរ ក្នុងខណៈដែល​ពួកគេ​នៅតែ​ស្ថិតក្នុង​អំឡុងពេល​ដំណើរការ​ស៊ើបអង្កេត ពី​ហេតុការណ៍​វាយប្រហារ​នៅក្នុង​ប្រទេស កាលពី​ថ្ងៃទី១៥ កុម្ភៈ ដែល​បណ្ដាលឱ្យ​កម្លាំង​ទ័ព និង​ធនធានមនុស្ស​របស់​ស​ហ​រដ្ឋ​អាមេរិក រងរបួស​ជាច្រើន​នាក់។

“តាម​បញ្ជា​របស់លោក​ប្រធានាធិបតី​បៃ​ដិ​ន កាលពីពេល​មុននេះ នៅពេល​ល្ងាច កងទ័ព​សហរដ្ឋអាមេរិក បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ខាង​អាកាស កម្ទេច​គ្រោង​សាង​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​អ្នក​ប្រយុទ្ធ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅ​ភាគ​ខាងកើត​របស់​ប្រទេស​ស៊ី​រី” លោក ច​ន ឃើ​រ​ប៊ី អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ “លោក​ប្រធានាធិបតី​បៃ​ដិ​ន នឹង​ដំណើរការ ដើម្បី​ការពារ​ប្រជាជន​អាមេរិក និង​ធនធានមនុស្ស​របស់​ស​ម្ព័​ន្ធ​មិត្ត ខណៈពេល​ជាមួយគ្នា យើង​ក៏បាន​រួមសហការ​ក្នុង​កម្មវិធី​ដែល​ល្អិតល្អន់ និង​ហ្មត់ចត់​មួយ ដោយមាន​គោលដៅ មិនឱ្យ​ស្ថានការណ៍​ក្នុង​ទិដ្ឋភាព​រួម ទាំង​ភាគ​ខាងកើត​របស់​ស៊ី​រី និង​អ៊ីរ៉ាក់ រីក​រាលដាល​ធំ​ឡើយ”

អ្នកនាំពាក្យ​រូបនេះ បាន​បង្ហើប​ឱ្យដឹងថា ប្រតិបត្តិ​ការវាយប្រហា​រ​ខាង​អាកាស កម្ទេច​សំណង់​អគារផ្សេងៗក្នុង​បរិវេណ​ចំណុច​គ្រប់គ្រង​ព្រំដែន ដែល​ត្រូវបាន​ប្រើការ​ដោយ​ក្រុម​ឧទ្ទាម​អ្នក​ប្រយុទ្ធ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ក្នុងនោះ​រួមទាំង​ក្រុម​ប្រដាប់អាវុធ​កាតា​អ៊ី​ប ហេ​ឆ​បូល​ឡោះ​ហ៍ និង​ក្រុម​កាតា​អ៊ី​ប សាំ​យី​ត អាល់-ស៊ូ​ហា​ដា ទៀតផង។

មន្ត្រី​សហរដ្ឋអាមេរិក​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ក្នុង​ប្រតិបត្តិការ​នេះ មាន​ចេតនា​បញ្ជូន​ជា​សារ ដើម្បី​ប្រាប់ថា ទោះជា​អាមេរិក ត្រូវ​ការដាក់ទោសទណ្ឌ​ក្រុម​ឧទ្ទាម​អ្នក​ប្រយុទ្ធ​មែន តែ​ខណៈពេល​ជាមួយគ្នា អាមេរិក​ក៏​មិនត្រូវ​ការ ឱ្យ​ស្ថានការណ៍​នេះ រីក​រាលដាល​ធំ ក្លាយជា​ទំនាស់​ដែល​កាន់តែ​ធំ​ឡើង​ដែរ។

មិនទាន់​ប្រាកដ​ច្បាស់​ថា ប្រតិបត្តិ​ការវាយប្រហា​រ​ខាង​អាកាស​របស់​សហរដ្ឋអាមេរិក​ក្នុង​គ្រានេះ បាន​បង្ក​ការខូចខាត ឬ​បាត់បង់​ច្រើន-តិច​ប៉ុនណា​នៅឡើយ តែ​ខាង​ក្រុម​អ្នកសង្កេតការណ៍ ដើម្បី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី បាន​បញ្ជាក់ថា មាន​ពួក​ឧទ្ទាម​អ្នក​ប្រយុទ្ធ​និយម​អ៊ីរ៉ង់ ស្លាប់ ១៧នាក់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.