ភ្នំពេញ៖ ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​រួចមកហើយ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា(AstraZeneca)ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤,០០០ដូ​ស ក្នុងចំណោម១,១០៤,០០០ដូ​ស ដែល​កម្ពុជា​ត្រូវ​បានទទួល​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២១ ដែលជា​ជំនួយ​បថ​ម​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)។

ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹង​តំណាងអោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​យក​វ៉ាក់សាំង​នេះ​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នៅ​យប់​ថ្ងៃទី២ មីនា២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហការ​អន្តរជាតិ​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ដៃគូ​ពហុភាគី​ជាមួយ​អង្គការសហប្រជាជាតិ ជាពិសេស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ។ តាម​គំរោង​កូ​វ៉ា​ក់​នឹង​ផ្តល់អោយ​យើង​ចំនួន ២០ភាគរយ នៃ​ចំនួន​ប្រជាជន១៦លាន​នាក់ ដែល​ស្មើនឹង៣លាន២សែន​នាក់ ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន ៦លាន៤សែន​ដូ​ស។កម្ពុជា​សូម​អរគុណ​ចំពោះ​ប្រទេស​នានា ក្រុមហ៊ុន និង សប្បុរសជន​នៅលើ​សកលលោក​ដែល​បានផ្តល់​ជំនួយ​ដល់​យើង​តាមរយៈ​កូ​វ៉ា​ក់។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​ជំរាប​បន្ថែមថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ សម្តេច​នឹង​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី ៤ មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.