ប្រទេស​ជប៉ុន៖ បទល្មើស​ឧក្រិដ្ឋ នៅក្នុង​ប្រទេស​ជប៉ុន បាន​ថយចុះ​ជា​ប្រវត្តិសាស្ត្រ ដោយសារតែ​មនុស្សម្នា​នាំគ្នា “សម្ងំ​នៅផ្ទះ​ទប់ស្កាត់​មេរោគ” ក្នុងអំឡុងពេល​វីរុស​កូ​វីដ-១៩ រាតត្បាត តែ​បទល្មើស Cyber និង​អំពើហិង្សា​ក្នុង​គ្រួសារ បែរជា​កើនឡើង​ទៅវិញ។

អគ្គនាយកដ្ឋាន​ប៉ូលិស​នៃ​ប្រទេស​ជប៉ុន បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ2020 កន្លងទៅ ចំនួន​បទល្មើស​ឧក្រិដ្ឋ បាន​ថយចុះ​ជា​បន្តបន្ទាប់ ជា​ឆ្នាំ​ទី6 និង​មាន​ចំនួន​តិច​បំផុត ក្នុង​ជុំ 76ឆ្នាំ ក្រោយពី​ចប់​សង្គ្រាមលោកលើកទី2 មក។ ការ​ប្លន់​ទ្រព្យសម្បត្តិ និង​ការចូល​រុករាន​ផ្ទះសំបែង​អ្នកដទៃ បាន​ថយចុះ​យ៉ាងច្រើន ព្រោះ​មនុស្សម្នា បាននាំគ្នា​សម្ងំ​នៅក្នុង​ផ្ទះ ក្នុងអំឡុង​ការឆ្លង​រាតត្បាត​របស់​កូ​វីដ-១។ បទល្មើស​ឧក្រិដ្ឋ​នៅតាម​ផ្លូវថ្នល់ ក៏​ថយចុះ ព្រោះ​អាជ្ញាធរ បាន​បង្កើន​ការ​យាមកាម និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ផ្អាក​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់។

ក្នុង​ឆ្នាំ2020 មាន​បទល្មើស​ឧក្រិដ្ឋ ក្នុងប្រទេស​ជប៉ុន​ចំនួន ៦១៤ ៣០៣លើក ថយចុះ ១៧,៩% បើ​ធៀប​នឹង​ឆ្នាំមុន​ហ្នឹង ដែល​អាច​និយាយបានថា ជាការ​ថយចុះ​យ៉ាងច្រើន​បំផុត ជា​ប្រវត្តិសាស្ត្រ​ផងដែរ។

បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូចជា អំពើ​ឃាតកម្ម បាន​ថយចុះ ៩,៧% ដោយមាន​ហេតុការណ៍​បែបនេះ​កើតឡើង ចំនួន​តែ ៨ ៩៣៤លើក​ប៉ុណ្ណោះ។

បទល្មើស​ឧក្រិដ្ឋ​នៅតាម​ផ្លូវថ្នល់ ដូចជា ការ​ឆក់ ការ​លួច​ទំនិញ​ពី​ទូ​លក់ទំនិញ​ស្វ័យប្រវត្តិ បាន​ថយចុះ ២៧,០% នៅសល់ ១៩៩ ២៨២លើក ជាពិសេស​ក្នុងអំឡុងពេល​ប្រកាស​ស្ថានភាព​ក្នុង​គ្រាអាសន្ន ដើម្បី​គ្រប់គ្រង​ការឆ្លង​រាតត្បាត​របស់​ជំងឺ​កូ​វីដ កាលពី​ខែមេសា ឆ្នាំទៅ ធ្វើឱ្យ​ការបង្ក​រឿងហេតុ​នៅតាម​ផ្លូវថ្នល់ នៅក្នុង​ខែឧសភា ថយចុះ​ច្រើន​ដល់​ទៅ ៤៣,២% ព្រោះ​មនុស្សម្នា​នាំគ្នា​នៅតែ​ក្នុងផ្ទះ។

តែ​យ៉ាងណាក្ដី អគ្គនាយកដ្ឋាន​ប៉ូលិស​នៃ​ប្រទេស​ជប៉ុន បាន​រកឃើញថា បទល្មើស​ឧក្រិដ្ឋ Cyber បាន​កើនឡើង​ជាង ៤% ដោយបាន​រកឃើញថា ចំនួន​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បាន​ហក់​ឡើង​ខ្ពស់ជាង ៥៥% ក្នុង ១ថ្ងៃ ដោយសារតែ​មនុស្សម្នា ធ្វើការ​នៅផ្ទះ និង​ប្រើ​ឧបករណ៍ផ្សេងៗ ត​ភ្ជាប់​ជាមួយ​អ៊ី​ន​ធើ​ណិ​ត​កើនឡើង​ច្រើន ដែល​អាច​បើកផ្លូវ ឱ្យ​កើត​មានការ​លួច​ទិន្នន័យ និង​បោកប្រាស​តាម​អន​ឡាញ​បាន។

ករណី​បោកប្រាស ដែល​ប្រទះឃើញ​ញឹកញាប់​នៅក្នុង​ប្រទេស​ជប៉ុន មានដូចជា បោកប្រាស ឱ្យ​មនុស្ស​ចាស់​វេរ​លុយ​ឱ្យ ដោយ​កុហកថា ត្រូវជា​កូនចៅ ឬ​សាច់ញាតិ និង​ថែមទាំង​រកឃើញ​ករណី ដែល​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ​ទៀតផង ដូចជា បោកប្រាស​ថា នឹង​ជួយ​ក្នុងការ​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋបាល ឬ​បោកប្រាស​រឿង​សិទ្ធិ​ពិសេស​ក្នុង​ការទទួល​វ៉ាក់សាំង និង​ពិនិត្យ​រក​ការឆ្លង​មេរោគ ជាដើម។

ក្រៅពីនេះ ការប្រឹក្សា រឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​កើនឡើង​ដែរ ដោយ​មជ្ឈមណ្ឌល​ផ្ដល់​ការប្រឹក្សា បាន​បញ្ជាក់ថា មាន​អ្នក​ផ្ដល់ដំណឹង រឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ច្រើន​ដល់​ទៅ ១០៦ ៩៦០ករណី កើនឡើង ៨,៩% កាលពី​ឆ្នាំទៅ និង​អាច​និយាយបានថា ជា​ចំនួន​ដែល​ខ្ពស់បំផុត ចាប់តាំងពី​មានការ​កត់ត្រា​ស្ថិតិ​កាលពី​ឆ្នាំ២០០៤ មក។

អាជ្ញាធរ បាន​បញ្ជាក់ថា សមាជិក​ក្នុង​គ្រួសារ មាន​ពេលវេលា​នៅក្នុង​ផ្ទះ​ច្រើនឡើង ហើយ​ការសេព​គ្រឿង​ស្រវឹង​នៅក្នុង​ផ្ទះ ដែល​កើនឡើង រួមទាំង​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍ ដោយសារ​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ធ្វើឱ្យមាន​សញ្ញា​ក្នុង​ការកើត​អំពើហិង្សា​ក្នុង​គ្រួសារ​កើនឡើង៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.