មី​យ៉ាន់​ម៉ា៖ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​នៅថ្ងៃនេះ (ទី១មីនា) ថា មន្ត្រី​ទីស្នាក់ការ​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ បានបង្ហាញ​តួលេខ​ដ៏​សែន​ភ័យរន្ធត់​ថា មាន​បាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ បាន​ស្លាប់​ដល់​ទៅ ១៨នាក់ ដោយសារ​ការបង្ក្រាបរ​បស់​អាជ្ញាធរ​សន្តិសុខ​មី​យ៉ាន់​ម៉ា ជា​ចំនួន​បាតុករ ដែល​ត្រូវបាន​សម្លាប់ ច្រើន​បំផុត​ក្នុងអំឡុងពេល​តែ ១ថ្ងៃ​គត់ ចាប់តាំងពី​មានការ​ធ្វើបាតុកម្ម ជិត ១ខែ​មកនេះ។

ស្ថានការណ៍​កាលពី​ថ្ងៃទី២៨កុម្ភៈ អាជ្ញាធរ​បាន​ប្រើ​អំពើហិង្សា​កម្រិត​ខ្ពស់បំផុត មិន​ធ្លាប់មាន ដោយបាន​បាញ់កាំភ្លើង​ទៅលើ​ក្រុមបាតុករ ដោយ​គ្រាប់កាំភ្លើង​ពិត នៅក្នុង​ទីក្រុង​ជាច្រើន ធ្វើឱ្យមាន​អ្នកស្លាប់​យ៉ាងតិច ១៨នាក់ រងរបួស ៣០នាក់ និង​សន្និដ្ឋានថា មាន​អ្នក​ត្រូវ​ចាប់ខ្លួន ប្រមាណ​ជា ១ ០០០នាក់​ទៀត។

“ការស្លាប់​តាម​របាយការណ៍​នេះ គឺជា​លទ្ធផល​ពី​ការបាញ់​ដោយ​គ្រាប់កាំភ្លើង​ពិត ទៅលើ​ក្រុមបាតុករ នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ទីក្រុង​ថ្វាយ ទីក្រុង​ម៉ាន់​ដា​លេ​យ៍ ទីក្រុង​ម៉ា​រីត ទីក្រុង​ផះ​ខូ និង​ទីក្រុង​ប៉ាក់​ខូ​គូ” មន្ត្រី UN បានបញ្ជាក់​បែបនេះ។

ទិន្នន័យ​តួលេខ​នេះ ស្រដៀង​នឹង​តួលេខ​របស់​ក្រុម​សំឡេង​ប្រជាធិបតេយ្យ​ភូមា ដែល​បាន​រាយការណ៍​កាលពី​ម៉ោង ៥ល្ងាច នៃ​ថ្ងៃទី២៨កុម្ភៈ ដែរ​ថា មាន​អ្នកស្លាប់​សរុប ១៩នាក់ នៅក្នុង​ទីក្រុង​ចំនួន៩ និង​នៅមាន​របាយការណ៍​អ្នកស្លាប់ ១០នាក់​ទៀត ដែល​មិនទាន់​បានទទួល​ការអះអាង​នៅឡើយ ព្រោះ​ការរាប់​ចំនួន​អ្នកស្លាប់ ឱ្យ​ច្បាស់​ប្រាកដ​នោះ ពិបាក​នឹងធ្វើ​បាន​ណាស់ ដោយសារតែ មិនមាន​ទិន្នន័យ​ពី​ខាង​រដ្ឋបាល​ឡើយ។

ក្រៅពី​ប្រើ​គ្រាប់កាំភ្លើង​ពិត​ហើយ អាជ្ញាធរ ថែមទាំង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែកដៃ និង​គ្រាប់បែក​ភ្លើង បំបែក​ការធ្វើ​បាតុកម្ម ដែល​បានធ្វើ​ឡើងជា​បន្តបន្ទាប់​យូរ​មកហើយ ចាប់តាំងពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ​រដ្ឋបាល​ស៊ីវិល​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី កាលពី​ថ្ងៃទី១កុម្ភៈ​កន្លងមក។

ចំណែក​លោក អ៊ែន​តូ​នី​អូ ហ្គូ​តឺ​រ៉េ​ស  អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ការបង្ក្រាប ដែល​បាន​ប្រើ​អាវុធ​យ៉ាង​កាច​សាហាវ ផ្ដាច់ជីវិត​បាតុករ ដែល​ធ្វើការ​ប្រឆាំង​តវ៉ា​ដោយ​សន្តិភាព​លើក​នេះ ចំណែកឯ​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​វិញ ក៏​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានដែ​រ។

លោក ស្តេ​ហ្វា​ន ចារិក អ្នកនាំពាក្យ UN បាន​ថ្លែងថា “លោក​អគ្គលេខាធិការ បានស្នើ​សុំឱ្យ​សហគមន៍​អន្តរជាតិ រួមគ្នា​បញ្ជូន​សញ្ញា​ដែល​ច្បាស់លាស់ ទៅ​កងទ័ព​ភូមា​ថា ចាំបាច់​ត្រូវតែ​គោរព​តម្រូវការ​របស់​ប្រជាជន តាមរយៈ​ការបោះឆ្នោត និង​ត្រូវតែ​ល្មម​បញ្ឈប់​ការជិះជាន់​ហើយ”

ខណៈពេល​ជាមួយគ្នា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ថ្លែង​អំពាវនាវ​ឱ្យ​រដ្ឋបាល​ភូមា ដោះលែង​អ្នកយកព័ត៌មាន​របស់ AP ឈ្មោះ ធៀន ច ភ្លាមៗ ក្រោយពី​ត្រូវ​ចាប់ខ្លួន តាំងពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៧កុម្ភៈ ព្រោះ​អ្នកយកព័ត៌មាន​ឯករាជ្យ ត្រូវតែ​បានទទួល​ការអនុញ្ញាតឱ្យ​រាយការណ៍​ព័ត៌មាន​យ៉ាង​សេរី និង​មាន​សុវត្ថិភាព ដោយ​មិនចាំបាច់​ភ័យខ្លាច​លទ្ធផល ដែល​កើតឡើង​នៅពេល​ក្រោយ​ឡើយ។

ចំណែក​សមាគម​អ្នកយកព័ត៌មាន​អន្តរជាតិ​មី​យ៉ាន់​ម៉ា បាន​ថ្លែង​ថ្កោលទោស ការចាប់ខ្លួន​អ្នកសារព័ត៌មាន​របស់​រដ្ឋបាល​មី​យ៉ាន់​ម៉ា​ដូចគ្នា៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.