ហ្វ៊ីលីពីន៖ វ៉ាក់សាំងកាពារកូវីដ-១៩ របស់ចិន ១ឈុតដំបូង ត្រូវបានបញ្ជូនទៅដល់ប្រទេសហ្វ៊ីលីពីនហើយ កាលពីថ្ងៃអាទិត្យ (ទី២៨កុម្ភៈ) ប៉ុន្តែ លោកប្រធានាធិបតី រ៉ូឌ្រីកូ ឌូតឺតេ បានបដិសេធក្នុងការចូលទទួលយកការចាក់វ៉ាក់សាំងជាមនុស្សដំបូងគេ ដោយយកអាងយោបល់របស់គ្រូពេទ្យ ដែលបានស្នើ ឱ្យលោករង់ចាំ វ៉ាក់សាំងម៉ាកផ្សេង។

លោកឌូតឺតេ បានធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង “កូរ៉ូណាវ៉ាក់” របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ បៃអូថេក ចំនួន ៦០០ ០០០ដូស ដែលរដ្ឋាភិបាលចិន បានបរិច្ចាគឱ្យប្រទេសហ្វ៊ីលីពីនប្រើយ៉ាង Freeៗ  រួចហើយនឹងរៀបចំបញ្ជូនមកឱ្យបន្ថែមទៀត ២៥លានដូស ក្នុងឆ្នាំនេះ។

យន្តហោះយោធា របស់ប្រទេសចិន បានដឹកនាំវ៉ាក់សាំង មកដល់មូលដ្ឋានទ័ពអាកាស វីលឡាម័រ ក្នុងទីក្រុង Pasay នៃប្រទេសហ្វ៊ីលីពីន នៅម៉ោង ១៦.១០នាទី តាមម៉ោងនៅក្នុងស្រុក ដោយលោកឌូតឺតេ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះជាប្រទេសចិន បានបរិច្ចាគវ៉ាក់សាំងឱ្យទៅប្រទេសផ្សេងៗទៀតជាច្រើនក្ដី តែ មានតែហ្វ៊ីលីពីន មួយប៉ុណ្ណោះ ដែលចិនសុខចិត្តលះបង់ពេលវេលា រៀបចំបញ្ជូនយកមកឱ្យដោយខ្លួនឯង។

មេដឹកនាំជើងខ្លាំង រូបនេះ បានបញ្ជាក់ថា “ខ្ញុំចង់ប្រាប់ថា ក្នុងអំឡុងចុងឆ្នាំនេះ បើសិនស្ថានការណ៍ល្អប្រសើរឡើង ខ្ញុំចង់ធ្វើដំណើរទៅលេងប្រទេសចិន ក្នុងរយៈពេលខ្លីមួយ ដើម្បីចាប់ដៃលោកប្រធានាធិបតី ស៊ី ជីនភីង និងអរគុណលោក ដោយខ្លួនឯង ដែលបានប្រគល់វ៉ាក់សាំងមកឱ្យយើង”

យ៉ាងណាក្ដី មេដឹកនាំហ្វ៊ីលីពីន វ័យ ៧៧ឆ្នាំ រូបនេះ បានបដិសេធក្នុងទទួលយកវ៉ាក់សាំងជាមនុស្សដំបូងគេ ដោយបានផ្ដល់ហេតុផលថា គ្រូពេទ្យប្រចាំខ្លួនរបស់លោក សុំឱ្យលោករង់ចាំ “វ៉ាក់សាំងចិនផ្សេងទៀត” ដោយសារតែវ៉ាក់សាំងរបស់ស៊ីណូវ៉ាក់នេះ មានការណែនាំខាងគ្លីនិក(ការព្យាបាល) ឱ្យចាក់ចំពោះតែអ្នកដែលមានអាយុចន្លោះពី ១៨-៥៩ឆ្នាំប៉ុណ្ណោះ។

លោកបានសារភាពថា លោកបាន “សម្រេចចិត្ត” ជ្រើសរើសចាក់វ៉ាក់សាំងមួយទុករួចហើយ។

ការថ្លែងរបស់លោកឌូតឺតេ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនសូវជឿជាក់លើវ៉ាក់សាំងនៅក្នុងក្រុមប្រជាជនហ្វ៊ីលីពីន ដោយលទ្ធផលស្ទង់មតិយោបល់ បានរកឃើញថា មានប្រជាជនហ្វ៊ីលីពីនមិនដល់ ១នាក់ផង ក្នុងចំណោម ៣នាក់ ដែលពេញចិត្តចាក់វ៉ាក់សាំងនៅពេលនេះ ដោយសារតែភ័យខ្លាច កើតផលប៉ះពាល់។

រដ្ឋបាលហ្វ៊ីលីពីន មានផែនការក្នុងការចាក់វ៉ាក់សាំងឱ្យធនធានមនុស្សខាងវេជ្ជសាស្ត្រ ប៉ូលិស និងទាហានមុនគេ និងបានធ្វើកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងជាមួយអ្នកផលិតជាច្រើនក្រុមហ៊ុនទៀត ដោយដាក់គោលដៅ សាងប្រព័ន្ធប្រឆាំងជំងឺឱ្យប្រជាពលរដ្ឋ ចំនួន ៧០លាននាក់។

ប្រទេសហ្វ៊ីលីពីន បានទទួលវ៉ាក់សាំង ១ឈុតដំបូងនេះ យឺតជាងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យភាគីជាច្រើនព្រួយបារម្ភថា ការស្ដារសេដ្ឋកិច្ច ដែលធ្លាក់ចុះជាប្រវត្តិសាស្ត្រ ដោយសារតែផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះ អាចនឹងយឺតយ៉ាវទៅតាមនោះដែរ។

លោកឌូតឺតេ បានថ្លែងបញ្ជាក់ថា “អ្វីដែលលោកអ្នកមើលឃើញក្នុងថ្ងៃនេះ គឺវ៉ាក់សាំងដែលយើងបានទទួលពីការបរិច្ចាគ និងបញ្ហា ក៏គឺ គ្រប់ៗប្រទេស សុទ្ធតែនាំគ្នាព្យាយាមប្រមូលទិញវ៉ាក់សាំងទាំងអស់…រហូតទាល់តែមានការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះ ប្រហែលជាយើងត្រូវនាំគ្នារង់ចាំបន្តិចទៀត”

មេដឹកនាំនៃប្រទេសហ្វ៊ីលីពីនរូបនេះ បានសន្យាថា នឹងបន្ធូរបន្ថយការកម្រិតខាងសង្គមកាន់តែច្រើនឡើង ដើម្បីជំរុញសេដ្ឋកិច្ច តែត្រូវរង់ចាំ រហូតទាល់តែមានវ៉ាក់សាំងប្រើច្រើនជាងនេះសិន៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuter, Inquirer

ប្រែ និងសម្រួលដោយ តាវ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.