ប្រទេស​ចិន៖ អ្នកជំនាញការ​អាមេរិកាំង បាន​បញ្ជាក់ថា ប្រទេស​ចិន មើលទៅ​ហាក់ដូចជា​កំពុង​ចល័ត​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ត្រៀម​ជើង​ព្រួល សម្រាប់​ការវាយប្រហារ​តបត​យ៉ាងខ្លាំង​ក្លា​ពី​មូលដ្ឋាន​ក្រោម​ដី ដែល​ត្រូវ​គ្នា​នឹង​របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ​កាលពីពេល​មុននេះ។

លោក ហាន់​ស៍ គ្រិ​ស្ទិ​ន​សិន អ្នកជំនាញការ​អាមេរិកាំង ដែល​តាម​សង្កេតការណ៍​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី និង​ចិន មកជា​យូរហើយ​នោះ បាន​បញ្ជាក់ថា រូបភាព​តាម​ផ្កាយរណប កាលពី​ចុងឆ្នាំ​កន្លងទៅ បាន​បង្ហាញថា ចិន​ចាប់​ផ្ដើមកសាង​មូលដ្ឋាន​ក្រោម​ដី ១១កន្លែង​ទៀត នៅក្នុង​ទីតាំង​ហ្វឹកហាត់​ផ្នែក​នុយក្លេអ៊ែរ នៅ​ប៉ែក​កណ្ដាល​នៃ​ប្រទេស បន្ថែម​ពីលើ ៥ទីតាំង​ចាស់ ដែល​បានចាប់ផ្ដើម​កសាង​កាលពី​ពេលមុន​នោះ និង​បន្ថែម​ពីលើ​មូលដ្ឋាន​ចាស់ ដែលមាន​ពីមុន​ស្រាប់​ហើយ ១៨-២០កន្លែង ដែល​រៀបចំ​ទុកដាក់​អាវុធ​នុយក្លេអ៊ែរ​បាញ់​ឆ្លង​ទ្វីប(ICBM) ប្រភេទ DF-5 ដែលជា​អាវុធ​ស៊េរី​ចាស់។

សកម្មភាព​ទាំងអស់នេះ បាន​បង្ហាញថា ប្រទេស​ចិន​កំពុង​ព្យាយាម​តតាំង​នឹង​គ្រោះថ្នាក់​រុករាន ដែល​កើនឡើង​ពី​សហរដ្ឋអាមេរិក ខណៈដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់ថា ការអភិវឌ្ឍ​សក្ដានុពល​នុយក្លេអ៊ែរ​របស់​ក្រុង​ប៉េកាំង គឺជា​មូលហេតុ​សំខាន់​សម្រាប់​អាមេរិក ក្នុងការ​ចំណាយ​ប្រាក់​រាប់សែន​លាន​ដុល្លារ ដើ​ម្ប​កសាង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ថ្មី ក្នុងអំឡុង ២ទសវត្សរ៍​ខាងមុខ។

យ៉ាងណាក៏ដោយ លោក​គ្រិ​ស្ទិ​ន​សិន ជា​អ្នកវិភាគ​ដែល​ធ្វើការ​ជាមួយ​សហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិកាំង(Federation of American Scientists) បានបញ្ជាក់​ទៀតថា ទោះជា​ចិន បង្កើន​ចំនួន​មូលដ្ឋាន ICBM ថែមទៀត ២-៣ដង​ក៏ដោយ តែ​ក៏​នៅតែ​ចាត់ទុកថា នៅ​តិច​ណាស់ បើ​ប្រៀបធៀប​នឹង​អាមេរិក ដែលមាន​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ក្រោម​ដី ៤៥០កន្លែង និង​រុស្ស៊ី ១៣០កន្លែង​នោះ។

ទោះជា​មិនមាន​សញ្ញា​ថា អាមេរិក​ជាមួយ​ចិន នឹង​បើកឆាក​ធ្វើសង្គ្រាម​គ្នា​មែន តែ​របាយការណ៍​របស់​លោក​គ្រិ​ស្ទិ​ន​សិន បាន​ចេញមក ក្នុងខណៈដែល​ប្រទេស​ទាំង២ កំពុង​មានទំនាស់​ខ្លាំងក្លា តាំងពី​ប្រធានបទ​ពាណិជ្ជកម្ម រហូត​ទៅដល់​ផ្នែក​សន្តិសុខ​ជាតិ ហើយ​ការលើកកម្ពស់​កងកម្លាំង​នុយក្លេអ៊ែរ របស់​ចិន អាចជា​បច្ច័យ​មួយ ដែល​សហរដ្ឋអាមេរិក ត្រូវតែ​នាំយកមក​ពិចារណា ក្នុងការ​ឆ្លើយតប​ខាង​យោធា ចំពោះ​ការ​ដំណើរការ​ដ៏​ច្រងេងច្រងាង​របស់​ចិន ដូចជា ចំពោះ​តៃវ៉ាន់ និង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាដើម។

ខណៈពេល​ជាមួយគ្នា ទោះជា​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក មិនបាន​ចេញមក​សម្ដែង​ការយល់ឃើញ ពាក់ព័ន្ធ​នឹង​ការវិភាគ របស់លោក​គ្រិ​ស្ទិ​ន​សិន​ក៏ដោយ តែ​របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​បញ្ច​កោណ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​រដូវក្ដៅ​ឆ្នាំទៅ បាន​បញ្ជាក់ថា  ក្រុង​ប៉េកាំង មាន​ចេតនា​លើកកម្ពស់​ភាព​ត្រៀមខ្លួន​ជាស្រេច​របស់​កងកម្លាំង​នុយក្លេអ៊ែរ ដោយ​ការ​ចល័ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ចំនួន​ដ៏​ច្រើន ចូលទៅ​ទុក​នៅក្នុង​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ក្រោម​ដី ដើម្បីឱ្យ​រួចផុត​ពី​វាយប្រហារ​រលក​ដំបូង និង​អាចឆ្លើយតប និង​តតាំង​ទៅវិញ​យ៉ាង​ខ្លាំងក្លា ដើម្បីឱ្យ​សត្រូវ​បានទទួល​រង​ការខូចខាត ក្នុង​កម្រិត​ដែល​មិនអាច​ទទួលយកបាន។

មន្ទីរ​បញ្ច​កោណ​ថែមទាំង​បានបញ្ជាក់​ទៀតថា ប្រទេស​ចិន​កំពុង​កែសម្រួល​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ឱ្យទាន់​សម័យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការព្យាយាម ដែល​គ្របដណ្ដប់​កាន់តែ​ច្រើនឡើង ក្នុងការ​សាង​កងទ័ព ដែលមាន​សក្ដានុពល ស្មើ ឬ​ខ្លាំង​ជាង​កងទ័ព​អាមេរិកាំង​លើ​ផ្នែក​ខ្លះ ក្នុងអំឡុង​ពាក់កណ្ដាល​សតវត្សរ៍​នេះ។

អាមេរិក បាន​សន្និដ្ឋានថា ឃ្លាំង​គ្រាប់​នុយក្លេអ៊ែរ របស់​ប្រទេស​ចិន មាន​ក្បាល​គ្រាប់​ប្រយុទ្ធ ត្រឹមតែ ២០០គ្រាប់​ប៉ុណ្ណោះ ខណៈដែល​អាមេរិក និង​រុស្ស៊ី​មាន​ក្បាល​គ្រាប់ រាប់ពាន់​គ្រាប់ និង​ថែមទាំង​មើលឃើញ​ទៀតថា កងកម្លាំង​កាំជ្រួច​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន នឹង​បង្កើន​ទំហំ​ឃ្លាំង​គ្រាប់​នុយក្លេអ៊ែរ យ៉ាងតិច ២ដង ក្នុងអំឡុង​ជាង ១០ឆ្នាំ​ទៀត តែ​ក៏​នៅតែ​រាប់​ថា តិចជាង​របស់​អាមេរិក​ដដែល។

យ៉ាងណាក្ដី មូលដ្ឋាន​បាញ់​មី​ស៊ី​ល​ក្រោម​ដី​ថ្មី ស្ទើរតែ​ទាំងអស់ ដែល​លោក​គ្រិ​ស្ទិ​ន​សិន ពិនិត្យ​រកឃើញ មើលទៅ​ហាក់ដូចជា​សាងសង់ឡើង​សម្រាប់​រក្សាទុក ICBM ជំនាន់​ថ្មី DF-41 ដែល​ប្រើ​ចំហេះ​រឹង ធ្វើឱ្យ​ត្រៀម​បាញ់​បាន​កាន់តែ​លឿន​ឡើង ដោយមាន​រយៈ​ចម្ងាយ​ឆ្ងាយ ដល់​រដ្ឋ​អា​ឡា​ស្កា និង​ទីតាំង​ធំ​ទូលាយ​លើ​ដែនដី​ដ៏​ធំ​របស់​អាមេរិក ក្រៅពីនោះ ចិន​នៅមាន​អាវុធ​មី​ស៊ី​ល DF-41 ស៊េរី​ដែល​អាច​បាញ់​ចេញពី​ទូរថភ្លើង និង​រថយន្ត​ផ្ទុក​ធុន​ធំ​បាន​ទៀតផង។

ចំណែក​លោក ហ្វ្រែ​ង រ៉ូ​ស  មន្ត្រី​ផ្នែក​គ្រប់គ្រង​អាវុធ​របស់​ក្រសួងការបរទេស ក្នុងគណៈ​គ្រប់គ្រង​របស់លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា មាន​សញ្ញា​តិចតួច​ណាស់ ដែល​ធ្វើឱ្យ​ប្រទេស​ចិន ប្ដូរ​ចិត្ត​ចូលរួម​ការចរចា​អន្តរជាតិ ដើម្បី​កំណត់​កម្រិត​អាវុធ​នុយក្លេអ៊ែរ តែ​ចិន​អាច​ចាប់អារម្មណ៍​ចរចា បើ​អាមេរិក​ស្វាគមន៍​ពិចារណា ពី​ចំណុច​ព្រួយបារម្ភ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​ពាក់ព័ន្ធផ្សេងៗ ដូចជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក ជាដើម។

លោក​រ៉ូ​ស បាន​បន្ថែមទៀតថា ចំណុច​ចាប់អារម្មណ៍​ចម្បង​របស់​ក្រុង​ប៉េកាំង គឺ​ការបង្កើត​កងកម្លាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត និង​មធ្យម ដែល​មិនមែនជា​នុយក្លេអ៊ែរ ដែល​ពេល​ផ្គុំ​ជាមួយ​សមត្ថភាព​ក្នុងការ​វាយប្រហារ​ខាង Cyber និង​ប្រព័ន្ធ​ដែល​អាច​បំផ្លាញ ឬ​សាង​ភាព​ខូចខាត​ដល់​ផ្កាយរណប​របស់​អាមេរិក​បាន អាច​នឹង​រុញច្រាន​ឱ្យ​អាមេរិក​ធ្លាក់​ចេញទៅ​ក្រៅ​យាន​ប៉ាស៊ីហ្វិក​ខាងលិច និង​ពិបាក​ក្នុងការ​ជ្រៀតជ្រែក បើសិនជា​ក្រុង​ប៉េកាំង​សម្រេចចិត្ត​ប្រើ​កម្លាំង​ទៅលើ​តៃវ៉ាន់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.