ចិន៖ ថ្ងៃនេះ(ទី២មីនា) ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍ ពី​ចរន្ត​នៃ​ក្ដី​ព្រួយបារម្ភ​របស់​ជនជាតិ​ជប៉ុន ក្រោយពី​ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន បានទទួល​ការផ្ដល់​ដំណឹង​ពី​ពលរដ្ឋ​ថា ពួកគេ​ត្រូវ​ចូល​ទទួល​ការត្រួតពិនិត្យ​រក​មេរោគ​កូ​វីដ-១៩ ដោយ​វិធី Anal Swab ឬ​ការប្រើ​ឧបករណ៍ កៀរ​យក​សំណាក​ពី​រន្ធ​គូទ។

មិនយូរប៉ុន្មាន ក្រោយ​កើតមាន​ការជជែក​តវ៉ា​យ៉ាង​ទូលំទូលាយ នៅលើ​សង្គម​អន​ឡាញ អំពី​ករណី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​បង្ហើប​ឱ្យដឹង​កាលពី​ចុងខែ​មករា​ថា មានការ​ប្រើ​វិធី​ត្រួតពិនិត្យ​រក​មេរោគ​តាម​រន្ធ​គូទ ដែល​ស្ថាប័ន​វេជ្ជសាស្ត្រ​ជាច្រើន បញ្ជាក់ថា វិធី​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការរក​មេរោគ​វីរុស​មរណៈ​មួយ​នេះ។

លោក ខាត់​ស៊ឺ​ណូ​ប៊ុ ខា​តុ លេខាធិការ​គណៈរដ្ឋមន្ត្រី ក្នុងឋានៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន បាន​ថ្លែងថា មិនទាន់​បានទទួល​ការឆ្លើយតប​ពី​រដ្ឋបាល​នៃ​ប្រទេស​ចិន​នៅឡើយ ក្រោយពី​បានទាមទារ​ឱ្យ​ផ្អាក​ការពិនិត្យ​រក​មេរោគ​តាម​រន្ធ​គូទ ទៅលើ​ប្រជាជន​ជប៉ុន​ដែល​ត្រូវ​ធ្វើដំណើរ​ចូល​ប្រទេស​ចិន។ លោក​ខា​តុ ថ្លែងថា “មាន​ប្រជាជន​ជប៉ុន​មួយចំនួន បាន​រាយការណ៍​មក​ខាង​ស្ថានទូត​របស់​យើង​នៅក្នុង​ប្រទេស​ចិន​ថា ពួកគេ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ ដោយ​វិធី Anal Swab ដែល​បង្ក​ឱ្យ​កើតការ​ឈឺចាប់​ផ្នែក​ផ្លូវចិត្ត​ជាទីបំផុត”

កាលពីពេល​មុននេះ នា​សប្ដាហ៍​កន្លងទៅ រដ្ឋបាល​ចិន បាន​បដិសេធថា បាន​បង្ខំ​ឱ្យ​មន្ត្រីការទូត​សហរដ្ឋអាមេរិក ចូល​ទទួល​ការត្រួតពិនិត្យ​រក​មេរោគ​ដោយ​វិធី​ខាងលើ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍​ថា មន្ត្រីការទូត​មួយចំនួន បាន​សម្ដែង​ការមិនសប្បាយចិត្ត ដែល​ត្រូវ​ឆ្លងកាត់​កម្មវិធី​ការពិនិត្យ​បែប Anal Swab នេះ។

ទាំងអស់នេះ វិធី​ដែល​និយម​ប្រើ ក្នុងការ​ពិនិត្យរ​កមេ​រោគ​កូ​វីដ-១៩នោះ គឺ​ការ​កៀរ​យក​គំរូ​សំណាក ពី​ក្នុង​បំពង់ក និង​រន្ធ​ច្រមុះ ព្រោះ​ជឿថា មនុស្ស​ភាគច្រើន បានទទួល​មេរោគ​តាមរយៈ​ប្រអប់មាត់ និង​អវយវៈ​នៃ​ប្រព័ន្ធ​ដកដង្ហើម ខណៈដែល​ការ​កៀរ​យក​គំរូ​សំណាក​ខាង​រន្ធ​គូទ​វិញ គឺធ្វើឡើង​ដោយ​ការ​ស៊ក​ដង​សំឡី ចូលទៅក្នុង​រន្ធ​គូទ​ក្នុង​ជម្រៅ ៣-៥សង់ទីម៉ែត្រ ហើយ​បង្វិល​ជុំវិញ​ក្នុងនោះ មុននឹង​ទាញយក​សំណាក​ចេញមក។

លោក​វេជ្ជបណ្ឌិត លី តុង​ជឹ​ង នៃ​មន្ទីរពេទ្យ យូ​អាន់ ក្នុង​ក្រុង​ប៉េកាំង បាន​ថ្លែងថា វិធី​នេះ អាច​បង្កើន​អត្រា​ការពិនិត្យ​រក​អ្នក​ឆ្លង​មេរោគ​បាន ដោយសារតែ​ស្លាកស្នាម​របស់​វីរុស​នៅក្នុង​រន្ធ​គូទ មាន​រយៈពេល​យូរ​ជាង ដែល​រកឃើញ​នៅក្នុង​ប្រព័ន្ធ​ដកដង្ហើម៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.