អាមេរិក៖ លោក​ដូ​ណា​ល់ ត្រាំ និង​លោកស្រី មេ​ឡា​នៀ ជា​ភរិយា បាន​ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី តាំងពី​ខែមករា មុនពេល​ចាកចេញ​ពី​មន្ទីរ​សេត​វិមាន នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​របស់​ទីប្រឹក្សា​ម្នាក់​របស់​អតីត​ប្រធានាធិបតី​រូបនេះ កាលពី​ថ្ងៃ​ចន្ទ(ទី១មីនា)។

“លោក​ប្រធានាធិបតី ត្រាំ និង​ស្ត្រី​ទី១ បាន​ចូល​ទទួល​វ៉ាក់សាំង នៅឯ​មន្ទីរ​សេត​វិមាន នៅ​ខែមករា” ទីប្រឹក្សា​រូបនោះ បានបញ្ជាក់ ដោយ​មិនបាន​ផ្ដល់​សេចក្ដីលម្អិត​អ្វី​បន្ថែម​ឡើយ។

លោក ចូ បៃ​ដិ​ន ដែល​ចូល​ទទួល​តំណែង​ប្រធានាធិបតី នៅ​ថ្ងៃទី២០មករា បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ចំពោះមុខ​សាធារណជន នៅ​ថ្ងៃទី២១ធ្នូ តែ​ការចាក់​វ៉ាក់សាំង​របស់លោក​ត្រាំ មិនដែល​ត្រូវបាន​បង្ហាញ​ឱ្យដឹង​ម្ដងណា​ឡើយ កាលពីពេល​មុននេះ។

លោក​ត្រាំ បាន​ថ្លែង​ប្រាស្រ័យ កាលពី​ថ្ងៃទី២៨កុម្ភៈ ជា​លើកដំបូង ចាប់តាំងពី​ចាកចេញ​ពី​មន្ទីរ​សេត​វិមាន ដោយបាន​ណែនាំ​មនុស្ស​គ្រប់គ្នា​ថា គួរតែ​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ដែល​បាន​ប្រហារជីវិត​ពលរដ្ឋ​អាមេរិកាំង​រួចទៅហើយ អស់​ជាង ៥០០ ០០០នាក់​នោះ។

ការអំពាវនាវ​លើក​នេះ បានកើត​ឡើង ដោយសារតែ​បណ្ដា​អ្នកគាំទ្រ​មួយផ្នែក​របស់លោក​ត្រាំ ធ្លាប់បាន​បង្ហាញ​ក្ដី​សង្ស័យ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង។

ទាំងអស់នេះ កន្លងមក លោក​ត្រាំ ធ្លាប់​ឆ្លង​មេរោគ​កូ​វីដ-១៩ រួចមកហើយ ក្នុងអំឡុង​ដើមខែ​តុលា ឆ្នាំទៅ និង​ត្រូវ​ចូល​សម្រាក​ព្យាបាល អស់​ជាច្រើន​ថ្ងៃ នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​ជាយក្រុង​វ៉ាស៊ីនតោន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.