វីរុស​កូ​រ៉ូ​ណា​ក្លាយ​ពូជ៖ មេរោគ​វីរុស​កូ​រ៉ូ​ណា ដែល​ធ្វើឱ្យ​កើត​ជំងឺ​កូ​វីដ-១៩ ប្រភេទ​ដែល​រកឃើញ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ជា​លើកដំបូង បានបង្ហាញ​ខ្លួន​នៅក្នុង​ចក្រភព​អង់គ្លេស​ហើយ ដោយ​មន្ត្រី​សុខភាព​សាធារណៈ កំពុង​ពិនិត្យ​អ្នក​ឆ្លង​មេរោគ ៦នាក់ និង​ពិនិត្យ​រកមើល​ថា តើ​មាន​អ្នក​ឆ្លង​មេរោគ​វីរុស​ប្រភេទ​នេះ ទៀត​ដែរឬទេ?

វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ក្លាយ​ពូជ ដូចដែល​ប្រទះឃើញ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នេះ មើលទៅ​ហាក់ដូចជា​នឹងធ្វើ​ឱ្យមាន​ការឆ្លង​ជំងឺ បាន​កាន់តែ​ងាយ​ឡើង និង​មានការ​ព្រួយបារម្ភ​ថា វ៉ាក់សាំង​ក្នុងពេល​បច្ចុប្បន្ននេះ អាច​នឹង​មិនមាន​ប្រសិទ្ធភាព​លើ​វា​ឡើយ។

តើ​វីរុស​ប្រភេទ​ថ្មី​ទាំងនេះ មាន​អ្វីខ្លះ?

ខណៈ​នេះ វីរុស​កូ​រ៉ូ​ណា ដែល​ធ្វើឱ្យ​កើត​ជំងឺ​កូ​វីដ-១៩ បាន​ចម្លង​សាយភាយ​ដោយ​មេរោគ​ច្រើន​ប្រភេទ ឬ​ច្រើន​រូប​បែប តែមាន​ប្រភេទ​ខ្លះ គួរឱ្យ​បារម្ភ​ខ្លាំងណាស់៖

-ប្រភេទ ឃេ​ន​ត៍ ឬ​ចក្រភព​អង់គ្លេស (ឬ​ដែល​គេ​ស្គាល់​ក្នុង​ឈ្មោះ​មួយ​ទៀតថា B.1.1.7) បាន​ចម្លង​សាយភាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​អង់គ្លេស និង​ក្នុង ៥០ប្រទេស​ទៀត ហើយ​ខណៈពេល​ជាមួយគ្នា មើលទៅ​ហាក់ដូចជា វីរុស​ប្រភេទ​នេះ កំពុងតែ​ក្លាយ​ពូជ​ថ្មី​ម្ដងទៀត។

-ពូជ​អាហ្វ្រិក​ខាងត្បូង ឬ B.1.351 រកឃើញ​យ៉ាងតិច​នៅក្នុង ២០ប្រទេស រួមទាំង​ចក្រភព​អង់គ្លេស​ផងដែរ។

-ពូជ​ប្រេ​ស៊ី​ល ឬ P.1 រកឃើញ​នៅក្នុង​អ្នកធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន ៤នាក់ កាលពីពេល​មុននេះ និង​មាននៅ​ក្នុង​ចក្រភព​អង់គ្លេស​ហើយ។

ការដែល​វីរុស​ប្រភេទផ្សេងៗ អភិវឌ្ឍ​ខ្លួនឯង​នេះ មិនមែនជា​រឿង លើសពី​ការសន្និដ្ឋាន​ទុក​មុន​នោះទេ ព្រោះ​វីរុស​គ្រប់​ប្រភេទ នឹង​ក្លាយ​ពូជ ខណៈដែល​មានការ​បំបែក​ខ្លួន ដើម្បី​ចម្លង​សាយភាយ និង​រីក​ធំធាត់​ឡើង។

យ៉ាងណាក៏ដោយ ការប្រែប្រួល​ដែល​កើតឡើង ភាគច្រើន​មិនបាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ប៉ុន្មាន​ទេ តែ​ក្នុងពេល​ជាមួយគ្នា ការប្រែប្រួល​មួយចំនួន អាច​នឹង​ជា​គ្រោះថ្នាក់​ដល់​ការ នៅមាន​ជីវិត​របស់​វីរុស​ខ្លួនឯង​ទៅវិញ ខណៈដែល​ការប្រែប្រួល​ផ្សេងទៀត អាច​នឹង​ធ្វើឱ្យ​វីរុស ចម្លង​មេរោគ​បាន​កាន់តែ​ងាយ​ឡើង ឬ​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង។

តើ​វីរុស​ក្លាយ​ពូជ​ប្រភេទ​ថ្មី មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន ឬទេ?

ខណៈពេល​នេះ មិនទាន់មាន​ភ័ស្តុតាង​បង្ហាញថា វីរុស​ក្លាយ​ពូជ​ប្រភេទ​ថ្មី​ណាមួយ ធ្វើឱ្យមាន​អាការ​ឈឺ​ថ្កាត់​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​មុន នៅក្នុង​ក្រុម​អ្នក​ឆ្លង​មេរោគ​ភាគច្រើន​នៅឡើយ ដូចគ្នា​នឹង​វីរុស​ប្រភេទ​ចាស់​ដែរ ដោយ​អ្នក​ដែលមាន​ភាព​ប្រឈម​ខ្ពស់បំផុត គឺ​មនុស្ស​ចាស់ ឬ​អ្នក​ដែលមាន​រោគ​ប្រចាំកាយ​ស្រាប់​ហើយ។

សម្រាប់​មេរោគ​ក្លាយ​ពូជ​មកពី​ចក្រភព​អង់គ្លេស មាន​ការងារ​ស្រាវជ្រាវ​មួយចំនួន បានចង្អុលបង្ហាញ​ថា អាចពាក់ព័ន្ធ​នឹង​ភាព​ប្រឈម​នឹង​ការស្លាប់​កើនឡើង ៣០% តែ​ភ័ស្តុតាង​នេះ នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ និង​ទិន្នន័យ​នៅតែ​មិនទាន់​ពិតប្រាកដ។

វិធានការផ្សេងៗ ដូចជា​ការលាង​សម្អាត​ដៃ ការរក្សា​គម្លាត​ឆ្ងាយ​ពី​អ្នកដទៃ និង​ពាក់​ម៉ាស់​ការពារ នឹង​នៅតែ​ជួយ​ការពារ​ការឆ្លង​មេរោគ​បានជា​និច្ច ព្រោះ​វីរុស​ក្លាយ​ពូជ​ប្រភេទ​ថ្មី មើលទៅ​ហាក់ដូចជា ចម្លង​សាយភាយ​មេរោគ បាន​កាន់តែ​ងាយ​ឡើង ដូច្នេះហើយ ទើប​ត្រូវតែ​យកចិត្តទុកដាក់​ការពារ​ខ្លួនឯង​ថែម​ឡើង​ទៀត។

តើ​មាន​អ្វី​កើតឡើង​ជាមួយ​វីរុស?

វីរុស​កូ​រ៉ូ​ណា​ក្លាយ​ពូជ​ប្រភេទ​ថ្មី ដែល​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស, អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល អាច​នឹង​ធ្វើឱ្យ​ឆ្លង​មេរោគ ឬ​ចម្លង​គ្នា បាន​កាន់តែ​ងាយ​ឡើង ដោយ​វីរុស​ក្លាយ​ពូជ​ទាំង៣ នេះ មានការ​ប្រែប្រួល​នៅលើ​ដុំ​ប្រូតេអ៊ីន ជា​ផ្នែក​ដែល​មេរោគ​វីរុស​ប្រើប្រាស់​ក្នុងការ​យឹត​តោង​នៅលើ​កោសិកា​ក្នុង​រាងកាយ​មនុស្ស ធ្វើឱ្យ​អាច​ងាយ ក្នុង​ការចូល​ទៅកាន់​កោ​សិ​កា និង​សាយភាយ​មេរោគ​បាន​កាន់តែ​ងាយ​ឡើង។

អ្នកជំនាញការ ជឿថា វីរុស​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស ឬ “ឃេ​ន​ត៍” ដែល​រកឃើញ​តាំងពី​ខែកញ្ញា ឆ្នាំទៅ អាច​នឹង​ធ្វើឱ្យ​កើតមាន​ការចម្លង​សាយភាយ ឬ​ឆ្លង​មេរោគ​បាន​កាន់តែ​ងាយ​ឡើង ៧០% តែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត របស់​ស្ថាប័ន​សុខភាព​សាធារណៈ​អង់គ្លេស បាន​សន្និដ្ឋានថា តួលេខ​នេះ អាច​នៅត្រឹមតែ 30-50%ទេ។

វីរុស​ក្លាយ​ពូជ​របស់​អាហ្វ្រិក​ខាងត្បូង ដែល​រកឃើញ​តាំងពី​ខែតុលា ឆ្នាំទៅ ដែរនោះ អាចមាន​ការប្រែប្រួល​សំខាន់​កើតឡើង​នៅលើ​ដុំ​ប្រូតេអ៊ីន​របស់​មេរោគ​វីរុស​ខ្លាំង​ជាង និង​កាលពីពេលថ្មីៗនេះ ក្រុម​អ្នកជំនាញការ បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស ចំនួន​មិន​ច្រើន​ប៉ុន្មាន​ទេ ដែលមាន​ការប្រែប្រួល ដ៏​គួរ​ព្រួយបារម្ភ​នេះ​ដូចគ្នា។

ការ​ក្លាយ​ពូជ ដែល​សំខាន់​ម្យ៉ាង ហៅថា E484K អាចជួយ​ឱ្យ​វីរុស​គេច​ចេញពី​សារធាតុ​បដិបក្ខប្រាណ(Antibody) ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ដែល​ជួយ​ប្រឆាំងនឹង​មេរោគ​វីរុស​កូ​រ៉ូ​ណា ដែល​រាងកាយ​ធ្លាប់​ជួប​ពីមុនមក តាមរយៈ​ការឆ្លង​មេរោគ​កាលពី​ពេលមុន ឬ​តាមរយៈ​ការចាក់​វ៉ាក់សាំង ជាដើម។

(នៅមាន​ត នៅ​ថ្ងៃស្អែក)

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន BBC

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.