ជប៉ុន៖ ផែន​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ជប៉ុន ត្រូវ​ញ័រ​រញ្ជួយ ក្រោយពី​ស្ត្រី​វ័យ ៦០ឆ្នាំ​ម្នាក់ បាន​ស្លាប់ ក្រោយពី​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រឹមតែ ៣ថ្ងៃ ហើយ​ក្រសួងសុខាភិបាល ត្រៀម​នឹង​បង់ថ្លៃ​សំណង បើ​ពិសោធ​ឃើញថា ស្លាប់​ដោយសារ​ផលប៉ះពាល់ បណ្ដាល​ពី​វ៉ាក់សាំង​មែន​នោះ។

ក្រសួងសុខាភិបាល ពលកម្ម និង​សុខុមាលភាព​របស់​ជប៉ុន បាន​រាយការណ៍ ពី​ករណី​ស្ត្រី​វ័យ ៦០ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្រោយពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ។ ស្ត្រី​រូបនោះ បានទទួល​វ៉ាក់សាំង​កាលពី​ថ្ងៃទី២៦កុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃទី១មីនា ដោយសារ​អាការ​ចេញឈាម​នៅក្រោម​ជាលិកា​ស្រោប​ខួរក្បាល​ស្រទាប់​កណ្ដាល។ ស្ត្រី​រូបនោះ មិនមាន​ជំងឺ​ប្រចាំកាយ​ទេ និង​ក៏​មិនមាន​ប្រវត្តិ ធ្លាប់​កើត​ប្រតិកម្ម​ចាញ់​ថ្នាំ​ដែរ ករណីនេះ គឺជា​ករណី មាន​អ្នកស្លាប់​ដំបូង​គេ​ហើយ ក្រោយពី​ប្រទេស​ជប៉ុន ចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង ឱ្យ​ធនធានមនុស្ស​ខាង​វេជ្ជសាស្ត្រ កាលពី​សប្ដាហ៍​កន្លងទៅ។

តែ​យ៉ាងណាក៏ដោយ របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មកដល់​ខណៈពេល​នេះ នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា ការស្លាប់​នេះ ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំង ឬ​យ៉ាងណា​នៅឡើយ។

ការយល់ឃើញ​ពី​គ្រូពេទ្យ និង​អ្នកជំនាញការ​ផ្នែក​ឱសថ​សាស្ត្រ ដែល​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍​របស់​ក្រសួងសុខាភិបាល​នេះ បានចង្អុលបង្ហាញ​ថា អាការ​ចេញឈាម​នៅក្រោម​ជាលិកា​ស្រោប​ខួរក្បាល​ស្រទាប់​កណ្ដាល​នេះ ងាយ​នឹង​កើតឡើង​ណាស់ នៅលើ​ក្រុមមនុស្ស​អាយុ ៤០-៦០ឆ្នាំ ច្រើន​តែមាន​មូលហេតុ​មកពី​អាការ​សរសៃឈាម​ប៉ោង​ធំ និង​នៅឯ​ក្រៅប្រទេស ក៏​មិន​ធ្លាប់មាន​របាយការណ៍​ថា អាការ​នេះ មាន​សម្ព័ន្ធ​នឹង​ការទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ដែរ ដូច្នេះហើយ ទើប​វា​អាចជា​រឿង​ចៃដន្យ​ខ្លាំងណាស់ តែ​យ៉ាងណាក្ដី យើង​ចាំបាច់​ត្រូវតែ​ប្រមូល​ទិន្នន័យ​បន្ថែមទៀត ដើម្បី​វាយតម្លៃ​ពី​សុវត្ថិភាព និង​ផលប៉ះពាល់​បន្ទាប់បន្សំរ​បស់​វ៉ាក់សាំង។

រដ្ឋាភិបាល ធានា​បង់​សំណង បើ​ស្លាប់​ដោយសារ​វ៉ាក់សាំង

រដ្ឋាភិបាល​ជប៉ុន មាន​គោលការណ៍​ថា បើ​អ្នក​ដែល​ទទួល​វ៉ាក់សាំង​កូ​វីដ ត្រូវស្លាប់​ដោយសារ​ផលប៉ះពាល់ ដែល​បណ្ដាល​ពី​វ៉ាក់សាំង នឹង​សង​ប្រាក់​សំណង ជូនទៅ​ក្រុមគ្រួសារ​អ្នកស្លាប់ ចំនួន ៤៤លាន​យ៉េន ឬ​ប្រមាណ​ជាជាង ៤០ម៉ឺន​ដុល្លារ​អាមេរិក ហើយនឹង​ផ្ដល់ប្រាក់​ថ្លៃ​រៀបចំ​ពិធី​បុណ្យសព​ថែមទៀត ២០៩០០០យ៉េន (ជិត ២ ០០០ដុល្លារ​អាមេរិក)។

ក្រៅពីនេះ បើ​មាន​អា​ការឈឺ​ថ្កាត់ ឬ​រង​ផលប៉ះពាល់​ខាង​សុខភាព​ដោយសារ​វ៉ាក់សាំង ក៏​នឹង​បានទទួល​ប្រាក់​សំណង​ដូចគ្នា​ដែរ ដោយ​ចំនួន​ទឹកប្រាក់ ច្រើន ឬ​តិច នឹង​អាស្រ័យ​លើ​ករណីនីមួយ។

ទាំងអស់នេះ ប្រទេស​ជប៉ុន ធ្លាប់មាន​ប្រវត្តិ​ផលប៉ះពាល់ ដោយសារ​វ៉ាក់សាំង​រួចមកហើយ​ជាច្រើន​ករណី ដែល​ធ្វើឱ្យ​រដ្ឋាភិបាល ត្រូវ​បង់ប្រាក់​សំណង​ទៅឱ្យ​អ្នក​ដែល​រង​ផលប៉ះពាល់​ខាង​សុខភាព រហូតមកដល់​បច្ចុប្បន្ន​នេះ។ មាន​ការធ្វើ​ការស្ទង់មតិ និង​បាន​រកឃើញថា ប្រជាជន​ជប៉ុន​ក្នុង​ចំនួន​ដ៏​ច្រើន នៅតែ​ស្ទាក់ស្ទើរ ក្នុងការ​ទទួលយក​វ៉ាក់សាំង ហើយ​រឹត​តែមាន​ព័ត៌មាន​ពី​ការស្លាប់ ក្រោយ​បានទទួល​វ៉ាក់សាំង​ផង​នោះ រឹតតែ​ធ្វើឱ្យ​គោលដៅ​ក្នុង​ការផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាជន ក្នុង​ចំនួន​ច្រើន​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​របស់​ជំងឺ​កូ​វីដ-១៩ ឱ្យបាន​មុន មហា​ព្រឹ​ត្ត​ការណ៍​តូ​ក្យូ​អូឡាំពិក នៅ​ពាក់កណ្ដាល​ឆ្នាំនេះ បានក្លាយ​ជាការ​សាកល្បង ដ៏​ធំ​មួយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.