ភ្នំពេញ៖   រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ជា​វិសាមញ្ញ​នៅ​ថ្ងៃ​សុក្រ ទី៥ មីនាឆ្នាំ២០២១ស្អែក​នេះ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បន្ទាប់ពី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​បាន​ពិនិត្យ​សិក្សា​ចប់សព្វគ្រប់​នោះ។ នេះ​ជាការ​សម្រេច​របស់​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី៤ ខែមីនា​ឆ្នាំ២០២១នេះ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​សម័យប្រជុំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា  ក្រៅពី​ការអនុម័ត​លើកយក​របៀបវារៈ​សម្រាប់​សម័យប្រជុំ​ជា​វិ​សាម​ញ្ញា​ហើយ​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ​ចំនួន​បី​រូប  រួមមាន  ឯកឧត្តម  ថោង វរលក្ខណ៍ ឯកឧត្តម ម៉ា ឈឿន និង​ឯកឧត្តម អុ​ី សំអុល។

សូមជម្រាបថា  រាជរដ្ឋាភិបាល​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ឡើង នាពេលនេះ ស្របពេល​បរិការណ៍​ដែល​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ចាប់តាំងពី​ជំងឺ​នេះ  មាន​វត្ត​មាននៅ​កម្ពុជា​មក។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ក្នុងការ​ទប់ស្កាត់​និង​បញ្ចប់​ប្រកបដោយ​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​ឆ្លង​ចូល​សហគមន៍​ចំនួន​ពីរលើក​មកហើយ គឺ​ព្រឹត្តិការណ៍​សហគមន៍៣វិ​ចិ្ឆ​កា និង​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា  ក្នុង​ឆ្នាំ២០២។ ប៉ុន្តែ​ព្រឹត្តិការណ៍​សហគមន៍២០  កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមាន​សភាព​ធ្ងន់ធ្ងរ​និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ព្រឹត្តិការណ៍​លើកមុន។

សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត មាន  ៦ជំពូក  និង១៨មាត្រា  ដែល​នឹង​កំណត់​អំពី​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងទៀត​ដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត សំដៅ​ការពារ​អាយ​ជីវិត​របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ​ចំពោះ​វិស័យ​សង្គម​និង​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.