តូ​ក្យូ៖ អ្នកទេសចរ ដែល​នឹក​សង្ឃឹម ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន ប្រហែលជា​ត្រូវ​រលាយ​ក្ដី​សុបិន​ហើយ នៅពេល​រដ្ឋបាល​ជប៉ុន ប្រកាស​ពន្យារពេល​ស្ថានការណ៍​អាសន្ន​វិបត្តិ​កូ​វីដ-១៩ ក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត ៣ផ្សេងទៀត​ដែលនៅក្បែរៗនោះ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង សម្រាប់​ការចូល​ប្រទេស ដោយ​នឹង​បង្ខំ ឱ្យ​អ្នកទេសចរ​ត្រូវតែ​បង្ខាំង និង​ដាក់​ឱ្យនៅ​ដោយឡែក នៅក្នុង​ទីកន្លែង​ដែល​រដ្ឋបាល បាន​កំណត់ទុក​រួចហើយ​តែប៉ុណ្ណោះ។

លោក យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ នាយករដ្ឋមន្ត្រី​ជប៉ុន បានប្រកាសថា នឹង​ពន្យារពេល​ស្ថានការណ៍​អាសន្ន ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី សម្រាប់​ទីតាំង​ក្នុង​ក្រុង​តូ​ក្យូ និង​ខេត្ត​ខា​ណា​ង៉ា​វ៉ា​ក់, សៃ​តា​ម៉ាក់ និង​ស៊ី​បាក់ រយៈពេល ២សប្ដាហ៍​ទៀត ឬ​រហូតដល់​ថ្ងៃទី21 ខែមីនា។

លោក​ស៊ូ​ង៉ៈ បានឱ្យ​ហេតុផល​ថា អត្រា​ការប្រើ​ការ គ្រែ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ គួរ​មាន​ក្នុង​ចំនួន ៥០% ឬ​ទាប​ជាង​នោះ និង​គួរតែ​ថយចុះជារឿយៗទៅទៀត ក្រៅពីនេះ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី នៅ​មិនទាន់​ថយចុះ​ច្រើន​នៅឡើយ។

ស្ថានការណ៍​អាសន្ន ដែល​ប្រកាស​ប្រើ​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត​ក្បែរ​ខាង​ទាំងនោះ ពី​ដើម​មានកំណត់​បញ្ចប់ ក្នុង​ថ្ងៃអាទិត្យ ទី៧កុម្ភៈ និង​កាលពីពេល​មុននេះ រដ្ឋបាល បាន​លុបចោល​ប្រកាស​ស្ថានការណ៍​អាសន្ន នៅក្នុង​ខេត្តសំខាន់ៗជាច្រើន ដូចជា អូ​សា​កា, ក្យូ​តូ, ហៀវ​ង៉ូ, ហ្វ៊ូ​គូ​អូ​កាក់, អូ​ជិ និង​គិ​ហ្វ៊ុ។ អ្នកជំនួញ​ជាច្រើន​នាក់ បាន​ប្រាប់ថា ការពន្យារពេល​ស្ថានការណ៍​អាសន្ន​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត​ជុំវិញ គឺ​លើសពី​អ្វីដែល​នឹកស្មាន ព្រោះ​ខណៈពេល​នេះ កំពុង​ឈានចូល​ដល់​រដូវ​កាល​ទស្សនា​ផ្កា​សាគូ​រ៉ៈ​កំពុង​រីក ដែលជា​អំឡុងពេល​មាស របស់​មុខ​ជំនួញផ្សេង។

អាកាសយានដ្ឋាន ណា​រី​តៈ ក្នុង​ខែកុម្ភៈ ស្ងាត់ជ្រងំ ស្ទើរ​គ្មាន​មនុស្សម្នា

រដ្ឋបាល​ជប៉ុន ថែមទាំង​បាន​បង្កើន​ការពង្រឹង​វិធាន​ការចូល​ប្រទេស ដោយ​ខណៈ​នេះ មានតែ​ជនជាតិ​ជប៉ុន និង​ជនបរទេស ដែល​ស្នាក់អាស្រ័យ​នៅក្នុង​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ ដែល​អាចធ្វើ​ដំណើរ​ចូល​ប្រទេស​ជប៉ុន​បាន តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្ដី ក៏​រដ្ឋបាល​ជប៉ុន នៅតែ​បង្កើន​ភាព​តឹងរ៉ឹង​ក្នុងការ​គ្រប់គ្រង​ការចូល​ប្រទេស​ដែរ។

ថ្មីៗនេះ រដ្ឋបាល​ជប៉ុន បានកំណត់​ឱ្យ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស ដែល​រកឃើញ​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ​ក្លាយ​ពូជ ត្រូវតែ​បង្ខាំង ដាក់​ឱ្យនៅ​ដោយឡែក ក្នុង​ទីតាំង​ដែល​រដ្ឋបាល​រៀបចំ​ទុកជា​ស្រេច រយៈពេល ៣ថ្ងៃ បន្ទាប់ពីនោះ បើ​ពិនិត្យ​រកឃើញថា មិនមាន​ឆ្លង​មេរោគ​កូ​វីដ​ទេ ក៏ត្រូវ​តែ​បន្ត​ដាក់​ឱ្យនៅ​ដោយឡែក​នៅផ្ទះ ឬ​ក្នុង​សណ្ឋាគារ​ជា​បន្ត រហូតដល់​គ្រប់ ១៤ថ្ងៃ។ វិធានការ​នេះ​តឹងរ៉ឹង​ជាង​ពេលបច្ចុប្បន្ន ដែល​អនុញ្ញាតឱ្យ​អ្នក​ដែល​រកឃើញថា មិនមាន​ឆ្លង​មេរោគ​កូ​វីដ អាច​ត្រឡប់ទៅផ្ទះ ឬ​កន្លែង​ស្នាក់​នៅបាន។

វិធានការ​នេះ ត្រូវបាន​បញ្ជា​ឱ្យប្រើ​ទៅលើ​អ្នក ដែល​ធ្វើដំណើរ​មកពី ប្រទេស​អូ​ស្ត្រៀ, បែលហ្ស៊ិក, ប្រេ​ស៊ី​ល, អាល្លឺម៉ង់, អ៊ីតាលី, ហូ​ល្លង់, ណៃ​ជី​រៀ, ស្លូ​វ៉ា​កៀ, ស្វ៊ី​ដិ​ន, ស្វ៊ី​ស, សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត, អង់គ្លេស, អាហ្វ្រិក​ខាងត្បូង, អ៊ីស្រាអែល និង​ប្រទេស​អៃ​លែ​ន​ដ៍ ចាប់ពី​ថ្ងៃ​សុក្រ ទី៥កុម្ភៈ​តទៅ។

រដ្ឋបាល​ជប៉ុន ថែមទាំង​បាន​ពិភាក្សា​ជាមួយ​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ឬ IOC ដើម្បី​សម្រេចចិត្តថា នឹងមិន​បើកទទួល​អ្នកទស្សនា ជា​ជនបរទេស នៅក្នុង​ព្រឹត្តិការណ៍ តូ​ក្យូ អូឡាំពិក ឡើយ។

អ្នកទេសចរ​អន្តរជាតិ ដែល​ធ្លាប់​នឹក​សង្ឃឹមថា រដ្ឋបាល​ជប៉ុន អាច​នឹង​បើកផ្លូវ​ឱ្យចូល​ប្រទេស បាន​មុន​ព្រឹត្តិការណ៍ តូ​ក្យូ អូឡាំពិក នោះ អាច​នឹងត្រូវ​រលាយ​ក្ដី​សុបិន​អស់ ព្រោះ​វិធានការផ្សេងៗ មានតែ​នឹង​តឹងរ៉ឹងឡើងៗ មិនបាន​បន្ធូរបន្ថយ​ចុះ​ឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.