អា​ប៊ី​អូ​ឌុន អាដេ​កូក ឬ “Big Naija” អាច​ក្លាយជា​អ្នកលេង​កីឡាបាល់បោះ ដែល​ខ្ពស់​ជាងគេ​បំផុត តាម​ដែល​ធ្លាប់​មានមក នៅក្នុង​ក្របខ័ណ្ឌ NBA បើសិនជា​រូបគេ​ត្រូវបាន អ្នកស្វែងរក​កីឡាករខ្ពស់ៗ មកលេង​បាល់បោះ​អាជីព​មើលឃើញ ហើយដោយ​កម្ពស់ ៧ហ្វ៊ុ​ត ៩អ៊ិ​ញ ឬ២៣៦សង់ទីម៉ែត្រ ធ្វើឱ្យ​រូបគេ​អាចញា​ត់បាល់​ចូលទៅក្នុង​កង​សំណាញ់ បាន​យ៉ាង​ងាយស្រួល ដោយ​មិនបាច់​បញ្ចេញ​កម្លាំង ដើម្បី​លោត​សូម្បីតែ​បន្តិច។

ទោះបីជា អាដេ​កូក ទើបនឹង​មាន​វ័យ ១៨ឆ្នាំ​ក៏ពិតមែន តែ​រូបគេ​ខ្ពស់ជាង ម៉ា​នូ​ត បូល កីឡាករ​បាល់បោះ ឬ​បា​ស្កេ​ត ប​ល ប្រវត្តិសាស្ត្រ ដល់​ទៅ ២អ៊ិ​ញ  ដោយ​បូល គឺជា​កីឡាករ​ខ្ពស់បំផុត ដែល​ធ្លាប់​លេង​នៅក្នុង​ក្របខ័ណ្ឌ NBA ហើយ​អាដេ​កូក ថែមទាំង​បាន​ផ្សព្វផ្សាយ​ឃ្លី​ប​វីដេអូ ដែល​បង្ហាញឱ្យឃើញ​ពី​ភាពរហ័សរហួន និង​ការគ្រប់គ្រង​រាងកាយ ខណៈពេល​បណ្ដើរ​បាល់ ដែល​បង្ហាញឱ្យឃើញ​ពី​ទេពកោសល្យ​ការលេង បា​ស្កេ​ត ប​ល ដែល​រូបគេ​មាន​ទៀតផង។

ការបង្ហាញ​ខ្លួន​របស់​គេ នៅក្នុង​ពិភព​អន​ឡាញ​នេះ បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពី​បណ្ដា​អ្នក​ដែល​បានឃើញ និង​អ្នក​និយម​ទស្សនា​កីឡាបាល់បោះ​ទូទាំង​ពិភពលោក ហើយ​ពួកគេ​ថែមទាំង​បាន​សំណូមពរ​ឱ្យ​បណ្ដា​ក្រុម​បាល់បោះ ពី​មហាវិទ្យាល័យ​ល្បីល្បាញផ្សេងៗ និង​ក្រុម​បាល់បោះ​នៅក្នុង NBA ប្រញាប់​ទាក់ទង​ទៅ​អាដេ​កូក និង​នាំយក​រូបគេ មក​ធ្វើជា​ផ្នែក​មួយ របស់​ក្រុម​បាល់បោះ​អាជីព​ទាំងនោះ​ទៀតផង។

រូបភាព​ដែល​ធ្វើឱ្យ​រូបគេ ក្លាយជា​អ្នកលេង​បាល់បោះ ដែល​គួរឱ្យ​តាម​សង្កេតមើល​នោះ​គឺ រូបភាព​ដែលជា​ឯក​លក្ខណៈពិសេស​មួយ ដែល​រូបគេ​អាចញា​ត់បាល់​ចូល​កង​សំណាញ់ ដោយ​ជើង​ទាំង២ មិនបាន​លើក​ផុតពី​ក្ដារ​ទីលាន​ឡើយ សូម្បីតែ​បន្តិច ខណៈដែល​កីឡាករ NBA អាជីព​ជាច្រើន​អ្នក ត្រូវ​ប្រើការ​លោត​ស៊ុត​បាល់ ដើម្បី​ឱ្យបាន​ពិន្ទុ និង​ថែមទាំង​មាន​ឃ្លី​ប ១ទៀត ដែល​រូបគេ​បាន​ប្រើ​កម្ពស់ និង​ទំហំ​ខ្លួន ការពារ​កីឡាករ​គូប្រកួត មិនឱ្យ​ចូលមក​ដណ្ដើម​បាល​ពី​រូបគេ​បាន វា​ធ្វើឱ្យ មើលឃើញថា នាពេល​អនាគត រូបគេ​អាច​នឹង​ក្លាយជា​កីឡាករ​ម្នាក់ ដែល​គូប្រកួត​ត្រូវតែ​ញញើត។

អាដេ​កូក ជាមួយ​រូបភាព ដែល​បង្ហាញខ្លួន នៅក្នុង​កន្លែង​លេង​កីឡា បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង តែមាន​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន​នាក់ បាននាំគ្នា​សង្ស័យ ពី​អាយុ​ពិតប្រាកដ​របស់គេ ព្រោះ​មាន​របាយការណ៍មួយចំនួន​ប្រាប់ថា ការពិតទៅ រូបគេ​មាន​អាយុ ២១ឆ្នាំ​ហើយ ដោយ​អាដេ​កូក ក៏​តែងតែ​និយាយ​លេងសើច​ពាក់ព័ន្ធ​នឹង​ការសង្ស័យ រឿង​អាយុ​របស់គេ​នេះដែរ។ ទោះជា​មានការ​អះអាងថា រូបគេ​មាន​អាយុ ១៨ឆ្នាំ​មែន តែ​ក៏​មិនទាន់មាន​ភ័ស្តុតាង​ណាមួយ មក​គាំទ្រ​ការអះអាង​ខាងលើ​ដែរ តែ​កាលពី​ឆ្នាំ២០១៥ ធ្លាប់មាន​របាយការណ៍​មួយ របស់​ប្រទេស​ណៃ​ជី​រៀ បាន​អះអាងថា នៅ​ឆ្នាំ​នោះ រូបគេ​មាន​អាយុ ១៥ឆ្នាំ​ហើយ។

យ៉ាងណាក្ដី អាដេ​កូក នៅតែ​អះអាងថា រូបគេ​មាន​អាយុ ១៨ឆ្នាំ និង​នៅ​ជា​យុវជន​នៅឡើយ ដោយ​រូបគេ បានទទួល​ការជ្រើសរើស និង​បាន​ចូលរួម​ការប្រកួត MPAC Etile Youth League នៅឯ​ទីក្រុង​ឌូ​បៃ ក្នុងឆ្នាំនេះ​ទៀតផង។ នៅពេលនេះ រូបគេ​នៅតែ​ហ្វឹកហាត់​ជាមួយ​ប្រព័ន្ធ MPAC Sports UAE ដែល​បើសិនជា គេ​បានទទួល​ឱកាស និង​បាន​ចូលទៅ​លេង​បា​ស្កេ​ត ប​ល​អាជីព នៅក្នុង​សហរដ្ឋអាមេរិក​វិញ​នោះ រូបគេ​នឹង​ក្លាយជា​ម្ចាស់​ស្ថិតិ​រួមជាមួយ ស៊ុន មិ​ង​មិ​ង កីឡាករ​បា​ស្កេ​ត ប​ល​អាជីព ដែល​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ត្រូវបាន​វាស់កម្ពស់​ដោយ Guinness World Recoeds ថា មាន​កម្ពស់​ដល់​ទៅ ៧ហ្វ៊ុ​ត ៩អ៊ិ​ញ ឬ ២៣៦សង់ទីម៉ែត្រ។

ស៊ុន មិ​ង​មិ​ង កីឡាករ​បាល់បោះ​អាជីព​ដែល​ខ្ពស់បំផុត​ក្នុង​ពិភពលោក

ទាំងអស់នេះ បើសិន​ចំណុច​សង្ស័យ​ទាំងឡាយ​ត្រូវបាន​លុប​បាត់អស់​ទៅ អាដេ​កូក នឹង​អាចបង្កើត​ស្ថិតិ​ថ្មី ក្នុងឋានៈ​ជា​កីឡាករ ខ្ពស់​ជាងគេ​បំផុត ដែល​ធ្លាប់បាន​លេង​នៅក្នុង​ក្របខ័ណ្ឌ NBA និង​តាម​ដោយ​ការ​បាន​លេង​នៅក្នុង​ក្របខ័ណ្ឌ​លី គ​បា​ស្កេ​ត ប​ល ដែល​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​បច្ចុប្បន្ននេះ យ៉ៅ មិ​ង និង ម៉ា​នូ​ត បូល បាន​គ្រង​ស្ថិតិ​កីឡាករ​ខ្ពស់បំផុត ដែល​ធ្លាប់មាន​វត្តមាន​នៅក្នុង NBA ដែលមាន​កម្ពស់ ៧ហ្វ៊ុ​ត ន៦អ៊ិ​ញ ឬ ២២៨សង់ទីម៉ែត្រ៕

ប្រភព៖ សារព័ត៌មាន nypost

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.