កូរ៉េខាងត្បូង៖ បានបញ្ចប់​សប្ដាហ៍​ដំបូង នៃ​គ្រោង​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដែល​ខ្លួន​ទន្ទឹងរង់ចាំ​មកជា​យូរហើយ​នោះ ដោយបាន​រកឃើញ អ្នកមាន​អាការ​មិន​ស្រួលខ្លួន​ដោយសារ​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រ​ហ្សេ​នេ​កា ជាច្រើន​ពាន់​នាក់ ក្នុងនោះ ការស្លាប់​បាន​កើនឡើង​ដល់ ៧នាក់ ដែល​ជំរុញ​ឱ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់​ដំណើរការ​ស៊ើបអង្កេត​ជាបន្ទាន់។

ស្ថាប័ន​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ (ទី៦មីនា)ថា បាន​រកឃើញ​អ្នកស្លាប់ ក្រោយ​បានទទួល​វ៉ាក់សាំង ចំនួន ៤នាក់​ថែមទៀត ក្នុងអំឡុង ២ថ្ងៃ​ចុងក្រោយ បណ្ដាលឱ្យ​ចំនួន​រួម​កើន​ឡើងជា ៧នាក់ និង​ព្រមទាំង​បាន​ទៀត​បញ្ជាក់ថា ខាង​ស្ថាប័ន កំពុង​ស៊ើបអង្កេត​ពី​ហេតុការណ៍ផ្សេងៗដែល​កើតឡើង​នេះ។

តាមរយៈ​ទិន្នន័យ​របស់​ស្ថាប័ន​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញថា មាន​ការចាក់​វ៉ាក់សាំង ឱ្យ​ប្រជាជន​រួចហើយ ចំនួន ២៩៦ ០០០នាក់ ឬ​ប្រមាណ ០,៦ភាគរយ នៃ​ចំនួន​ប្រជាជន​ទាំងអស់​ទូទាំងប្រទេស ក្នុង​សប្ដាហ៍​ដំបូង​របស់​គ្រោង​ការចាក់​វ៉ាក់សាំង និង​ភាគច្រើន​នោះ គឺជា​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា។

ក្នុងចំណោម​អ្នក​ដែល​បាន​ទទួលបាន​វ៉ាក់សាំង​រួចហើយនោះ ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា បាន​រកឃើញ​អ្នក​ដែលមាន​អាការ​មិន​ស្រួលខ្លួន​ដោយសារ​វ៉ាក់សាំង​កូ​វីដ-១៩ ច្រើនជាង ២ ៨០០នាក់ តែមាន​ត្រឹមតែ ២៤នាក់​ប៉ុណ្ណោះ ដែលជា​ករណី​ធ្ងន់ធ្ងរ ដោយ​ក្នុងនោះ ៧នាក់ ដល់​ថ្នាក់​បាត់បង់​ជីវិត។ ទាំងអស់នេះ ទាំង ២៤ករណី​នៃ​អាការ​ធ្ងន់ធ្ងរ​នោះ សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ជា​វ៉ាក់សាំង​ដំបូង​គេ ដែល​ទទួលបាន​ការអនុម័ត ឱ្យប្រើ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ក្រៅពី​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា​ហើយ កូរ៉េខាងត្បូង ថែមទាំង​បានធ្វើ​កិច្ចសន្យា​ជាមួយ​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក សម្រាប់​ការបញ្ជាទិញ​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ទៀត តែ​ទម្រាំ​តែ​ការប្រគល់-ទទួល​ទ្រង់ទ្រាយ​ធំ នឹង​ចាប់​ផ្ដើមឡើង​នោះ ប្រហែលជា​ត្រូវ​រង់ចាំ រហូត​យ៉ាងហោចណាស់ ក៏​ខែ​ខាងមុខ​ដែរ ដែល​រហូតមក​ដល់ពេលនេះ កូរ៉េខាងត្បូង បាន​ចាក់​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ឱ្យ​ប្រជាជន​រួចហើយ ប្រមាណ​ជា ៥ ០០០នាក់ និង​មិនទាន់មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​អាការ​មិនល្អ​ធ្ងន់ធ្ងរ ណាមួយ​នៅឡើយ។

ជារួម​ទៅ ប្រទេស​កូរ៉េខាងត្បូង​មាន​អត្រា ការចាក់​វ៉ាក់សាំង​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ហើយ​ពួកគេ បាន​អួតអាង​ថា ការព្យាយាម​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ របស់​ពួកគេ មាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត​មួយ​ដែរ តែ​យ៉ាងណាក៏ដោយ គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន បានចាប់ផ្ដើម​ឡើង​យឺតយ៉ាវ ដោយ​បណ្ដា​ក្រុមមន្ត្រី​ជឿថា ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​កូ​វីដ-១៩ បាន​បើកផ្លូវ​ឱ្យ​ពួកគេ​អាច​ផ្ដល់​ភាព​សំខាន់​ទៅលើ​សុវត្ថិភាព​របស់​វ៉ាក់សាំង ខ្លាំង​ជាង​ភាព​ឆាប់រហ័ស​ក្នុងការ​ចែកចាយ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី៦មីនា ឆ្នាំ២០២១ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍ ពី​ការរកឃើញ ករណី​អ្នក​ឆ្លង​មេរោគ​សរុប ច្រើនជាង ៩២ ០០០នាក់ ក្នុង​ចំនួន​ប្រជាជន​ទាំងអស់ ៥២លាន​នាក់ និង​មាន​អ្នកស្លាប់​ត្រឹមតែ ១ ៦៣២នាក់​ប៉ុណ្ណោះ  ដែល​នេះ អាច​និយាយបានថា តិចជាង​ខ្លាំង បើ​ប្រៀបធៀប​នឹង​ចក្រភព​អង់គ្លេស ទឹកដី​ដែលមាន​ប្រជាជន​ប្រហែលជា ៦៧លាន​នាក់ តែ​រកឃើញ​អ្នក​ឆ្លង​មេរោគ​ច្រើនជាង ៤,២លាន​នាក់ និង​ស្លាប់ ១២៤ ០០០នាក់។

យ៉ាងណាក្ដី ប្រទេស​កូរ៉េខាងត្បូង ត្រូវ​ប្រឈម​នឹង​បញ្ហា​ការភ័យខ្លាច​ចំពោះ​វ៉ាក់សាំង ក្រោយ​កាលពី​ចុងខែ​តុលា ឆ្នាំមុន បាន​រកឃើញ​អ្នកស្លាប់​យ៉ាងតិច ៨៣នាក់ មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ចូល​ទទួល​វ៉ាក់សាំង​គ្រុនផ្ដាសាយ​តាម​រដូវ​កាល បើទោះជា​ខាង​ស្ថាប័ន​គ្រប់គ្រង និង​បង្ការ​ជំងឺ បាន​អះអាងថា មិនមាន​រកឃើញ​ភ័ស្តុតាង​ណាមួយ​ថា ការស្លាប់​ទាំងនោះ ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ក៏ដោយ។

សម្រាប់​អ្នក​បានទទួល​វ៉ាក់សាំង​គ្រុនផ្ដាសាយ​តាម​រដូវ​កាល​នេះ មាន​អាការ ខុសពី​អាការ​មិនល្អ​ធ្ងន់ធ្ងរ ដែល​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​កូ​វីដ-១៩ ដោយ​មិនមាន​របាយការណ៍ រកឃើញ​អាការ​ប្រតិកម្ម​ចាញ់​យ៉ាង​ទាន់ហន់ និង​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ។

យ៉ាងណាក៏ដោយ មនុស្ស​ភាគច្រើន​ដែល​ស្លាប់​ក្រោយ​បានទទួល​វ៉ាក់សាំង​គ្រុនផ្ដាសាយ​តាម​រដូវ​កាល សុទ្ធតែជា​មនុស្ស​ចាស់ និង​មាន​ជំងឺ​ប្រចាំកាយ ដែល​ស្រដៀង​នឹង​ករណី​កូ​វីដ-១៩ដែរ ដោយ​អ្នកស្លាប់​ក្នុង​ក្រុមដំបូងៗ ក្រោយ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​រួចហើយ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​មនុស្ស​វ័យចាស់​ជរា បុគ្គល​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​មិន​ទេ ក៏​ទាំង២ នោះ​តែម្ដង៕

ប្រភព៖ RussiaToday

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.