មី​យ៉ាន់​ម៉ា៖ ក្រុមបាតុករ​តវ៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាននាំគ្នា​ចង​ស្នួ​រហាល​សារុង និង​សំពត់​របស់​មនុស្ស​ស្រី កាត់​ទទឹង​ថ្នល់ ដើម្បី​ពន្យឺត​ពេល​ការចូល​បង្ក្រាប​របស់​ក្រុមប៉ូលិស និង​ទាហាន ដោយសារតែ​ពួកគេ​មានជំនឿថា ការដើរ​មុជ​ពីក្រោម​វត្ថុ​ទាំងអស់នេះ គឺជា​សំណាងអាក្រក់​សម្រាប់​មនុ​ស្ស​ប្រុស។

សារុង ឬ​ភាសា​ភូមា​ហៅថា “ឡុង​យី” ត្រូវបាន​នាំយកមក​ព្យួរ​នៅតាម​ស្នួរ កាត់​ទទឹង​ផ្លូវថ្នល់ និង​នៅតាម​ទីតាំង​មួយចំនួន ថែមទាំង​ត្រូវបាន​គេ​ប្រទះ​ឃើញថា មាន​ឈុត​ក្នុង​របស់​មនុស្ស​ស្រី ត្រូវបាន​នាំយកមក​ព្យួរ រួមជាមួយ​សារុងចាស់ៗដែល​ស្លៀក​ហើយ​ទៀតផង។

បាតុករ​ម្នាក់ អាយុប្រមាណ ២០ឆ្នាំ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ ព្រោះ​ខ្លា​ចរង​ការសង​សឹក បាន​និយាយថា “មូលហេតុ​ដែល​យើង​ដាក់​ហាល​ឡុង​យី កាត់​ទទឹងផ្លូវ​បែបនេះ ព្រោះ​យើង​មានជំនឿថា បើ​នរណាម្នាក់ មុជ​ក្រោម​ឡុង​យី​ហើយ សំណាងល្អ​របស់គេ នឹង​រលាយ​បាត់អស់”

“តែ​យុវជន​ជំនាន់​ថ្មី លែង​សូវ​ជឿ​រឿង​បែបនេះ​តទៅទៀត​ហើយ មានតែ​ទាហាន​ប៉ុណ្ណោះ ដែល​នៅតែមាន​ជំនឿ និង​វា​ជា​ចំណុចខ្សោយ​របស់​ពួកគេ ធ្វើ​ដូច្នេះ ទើប​ពួកយើង​អាចមាន​ពេល​ច្រើន ក្នុងការ​រត់គេច បើ​ពួកគេ ចល័ត​កម្លាំង​ចូលមក​រក​ពួកយើង ក្នុងករណី​បន្ទាន់​ណាមួយ” បាតុករ​ដដែល បាន​និយាយ​បន្ថែម​យ៉ាង​ដូច្នេះ។

រូបភាព​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ បានបង្ហាញ​ឱ្យឃើញ​ពី ក្រុមប៉ូលិស បាន​ចូលមក​ដោះ​ទម្លាក់​ស្នួរ​ទាំងនោះ​ចេញ មុននឹង​ដើរ​កន្លង​ទៅមុខ ដែល​តាម​ជំនឿ​ពី​បុរាណ​វិញ ការដើរ​មុជ​ក្រោម​វត្ថុ ឬ​របស់របរ​ណា ដែលជា​របស់​មនុស្ស​ស្រី ប្រើប្រាស់​ដើម្បី​បិទបាំង​ផ្នែក​ណាមួយ​នៃ​រាងកាយ មិន​ត្រឹមតែ​ធ្វើឱ្យមាន​សំណាងអាក្រក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ថាមពល​អំណាច​របស់​បុរស រលាយ​បាត់អស់​ទៀតផង។

គួរ​រំឭក​ដែរ​ថា អស់​រយៈពេល​ច្រើនជាង ១ខែ​មកហើយ ដែល​ក្រុម​អ្នកប្រមូល​ផ្ដុំ​មី​យ៉ាន់​ម៉ា បានរៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ទូទាំងប្រទេស ដើម្បី​តតាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព និង​ការចាប់ខ្លួន​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​មនុស្ស​ដទៃទៀត ក្រៅពីនេះ នៅមាន​បាតុករ​ជាង ៥០នាក់​ទៀត ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ។

យ៉ាងណាក្ដី ស្នួ​រហាល​សារុង​ប្រើ​ហើយ​ទាំងនោះ មិនអាច​បញ្ឈប់​ការ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់កាំភ្លើង​ជ័រ និង​គ្រាប់បែក​ភ្លើង បានទេ បាតុករ​មួយចំនួន ថែមទាំង​ត្រូវបាន​ប្រហារជីវិត ដោយ​គ្រាប់កាំភ្លើង​ពិត ទោះជា​ខាង​កងទ័ព​បាន​ថ្លែងថា ពួកគេ​បាន​ឆ្លើយតប​នឹង​ការប្រឆាំង​តវ៉ា ដោយ​ក្ដី​អត់ធ្មត់ និង​ថ្លឹងថ្លែង​ក្នុង​ចិត្ត​ក៏ដោយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.